ខេត្តកោះកុង ៖ ចាប់ពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ ភាគីថៃបានបិទទ្វារព្រំដែនអន្តរជាតិរបស់ខ្លួន(ហាតលិក-ចាំយាម) ត្រាត-កោះកុង ដោយឯកតោភាគី ដោយគ្មានការជូនដំណឹងមកកាន់ភាគីកម្ពុជាឡើយ ។
លោកសុវណ្ណ ប៊ុនធឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង បានបញ្ជាក់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ២០២៥នេះអោយកោះសន្តិភាពដឹងថា ចាប់ពីថ្ងៃទី២៤ និង២៥ខែមិថុនាឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនខាងភាគីកម្ពុជាក៏ត្រូវបានបិទទាំងស្រុងដែរ បន្ទាប់ពីភាគីថៃបានបិទជាឯកតោភាគីមុន ។
លោកប្រធានស្នាក់ការបានបញ្ជាក់ទៀតថា មានករណីពិសេសចំពោះអ្នកជម្ងឺសង្គ្រោះបន្ទាន់ សិស្សសាលា និង ពលករកម្ពុជាដែលត្រូវវិលត្រលប់មកមាតុប្រទេសវិញ ភាគីថៃនៅបើកច្រកអោយចេញចូលបាន ហើយនៅថ្ងៃម្សិលមុិញ(២៤ មិថុនា ២០២៥) មានពលករកម្ពុជាវិលចូលមកមាតុភូមិវិញ ចំនួន៨៦នាក់ហើយត្រូវបានអាជ្ញាធរខេត្ត មកទទួលយកទៅ ដោយមានរៀបចំកន្លែងស្នាក់នៅនិងអាហារហូបចុកយ៉ាងយកចិត្តទុលដាក់បំផុត ។ ចំណែកថ្ងៃនេះនៅមិនទាន់ដឹងអំពីចំនួនពលករចាកចេញពីប្រទេសថៃនៅឡើយទេ ហើយនៅម៉ោង១៧រសៀលទើបខាងសមត្ថកិច្ចយើងទាំងអស់ដែលប្រចាំការនៅច្រកទ្វារព្រំដែនធ្វើការបូកសរុប និង រាយការណ៍ជូនថ្នាក់លើ ៕




ចែករំលែកព័តមាននេះ