ទីក្រុងកៀវ៖ ថ្មីៗនេះរុស្ស៊ីវាយប្រហារផ្គួបគ្នាដោយដ្រូនផង មីស៊ីលផង និងកាំភ្លើងធំផងទៅលើអ៊ុយក្រែនបណ្ដាលឱ្យស្លាប់ជនស៊ីវិលយ៉ាងតិច២៦នាក់ និងរបួសជាង២រយនាក់។ ការវាយប្រហារនេះកើតឡើងចំពេលលោកហ្សេឡិនស្គីកំពុងស្វះស្វែងរកការជួយជ្រោមជ្រែងពីក្រុមបស្ចិម។ លោកត្រៀមចូលរួមប្រជុំកំពូលអង្គការណាតូនៅទីក្រុងឡាអេ ប្រទេសហូឡង់។
នៅក្នុងសង្គ្រាមរយៈពេលជាងបីឆ្នាំនេះ រុស្ស៊ីវាយប្រហារទីតាំងជនស៊ីវិលជាបន្តបន្ទាប់បណ្ដាលឱ្យស្លាប់ជាង១២០០០នាក់។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។ ចំណែកអ៊ុយក្រែនក៏ឧស្សាហ៍វាយប្រហារដោយដ្រូនរយៈចម្ងាយឆ្ងាយទៅលើទីតាំងរបស់ជនស៊ីវិលផងដែរ។ លោកហ្សេឡិនស្គីចូលរួមនៅក្នុងកិច្ចប្រជុំអង្គការណាតូលើកនេះដើម្បី ស្នើសុំជំនួយយោធាបន្ថែមទៀតព្រោះការចរចាដោយផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ីពីរដងកន្លងទៅនេះគ្មានលទ្ធផលល្អទេ។
ជំនួយរបស់អាមេរិកដែលបន្សល់ទុកតាំងពីជំនាន់លោកបៃដិននៅសល់តិចតួច ប្រើប្រាស់តែប៉ុន្មានខែទៀតអាចនឹងអស់រលីងពីក្នុងឃ្លាំង។ ដូច្នេះអ៊ុយក្រែនកំពុងខ្វាយខ្វល់យ៉ាងខ្លាំងព្រោះមិនដឹងថាតើលោកត្រាំនឹងបន្តផ្ដល់ជំនួយដៃទូលាយដូចរដ្ឋាភិបាលជំនាន់មុនដែរឬទេ។
នៅវេលាថ្ងៃត្រង់ រុស្ស៊ីបាញ់មីស៊ីលផ្លោងចូលទីក្រុងឌីនីប្រូ (Dnipro) ត្រូវចំទីតាំងរបស់ជនស៊ីវិលបណ្ដាលឱ្យស្លាប់មនុស្ស១៧នាក់ និងរបួសជាង២០០នាក់។ នៅទីក្រុងសាម៉ា (Sama) ដែលនៅមិនឆ្ងាយពីនោះប៉ុន្មានឡើយ រុស្ស៊ីវាយប្រហារដោយមីស៊ីលស្លាប់២នាក់ និងរបួស១៤នាក់។ ការវាយប្រហារលើកនេះត្រូវចំសាលារៀន១៩កន្លែង, សាលាមត្តេយ្យ១០កន្លែង, សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ១កន្លែង, សាលាបង្រៀនតន្ត្រី១កន្លែង, ការិយាល័យសន្តិសុខសង្គម១កន្លែង និងទីតាំងសុខាភិបាល៨កន្លែង។
មានករណីគ្រាប់មីស៊ីលហោះទៅប៉ះបង្អួចរថភ្លើងដឹកអ្នកដំណើរ៥រយនាក់បណ្ដាលឱ្យប៉ើងកញ្ចក់រថភ្លើង។ លោកហ្សេឡិនស្គីបង្ហោះសារនៅលើបណ្ដាញតេឡេក្រាមថារុស្ស៊ីត្រូវការវត្ថុធាតុដើមពីក្រៅប្រទេសដើម្បីផលិតគ្រាប់មីស៊ីលផ្លោង។ ដូច្នេះ លោកសូមជំរុញទៅប្រទេសនានាចូលរួមសហការទប់ស្កាត់មិនឱ្យរុស្ស៊ីធ្វើរឿងនេះបានសម្រេច។ លោកយល់ថាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ីក៏ជាការចូលរួមចំណែកសំខាន់ផងដែរ។
មេបញ្ជាការយោធាតំបន់ លោកអូឡិចសាន់ដឺ ប្រូឃូឌីន (Oleksandr Prokudin) ថ្លែងថារុស្ស៊ីផ្លោងគ្រាប់កាំភ្លើងធំចូលទីតាំងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅតំបន់ខឺសុន (Kherson) បណ្ដាលឱ្យស្លាប់៤នាក់ និងរបួស១១នាក់។ នៅតំបន់ស៊ូមី (Sumy) ស្ថិតនៅប្រទេសអ៊ុយក្រែនភាគឦសាន រុស្ស៊ីវាយប្រហារដោយដ្រូនស្លាប់ជនស៊ីវិល៣នាក់ និងរបួស៦នាក់។
ក្រឡេកទៅមើលប្រទេសរុស្ស៊ីវិញម្ដង។ យោធារុស្ស៊ីអះអាងថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែន២០គ្រឿង។ ក្នុងនោះ១៤គ្រឿងបាញ់ធ្លាក់នៅតំបន់ខឺស ២គ្រឿងហោះសំដៅទៅទីក្រុងម៉ូស្គូ។ មួយគ្រឿងហោះទៅប៉ះអគារនៅជាយក្រុងម៉ូស្គូ និងបង្កជាអគ្គិភ័យឆាបឆេះជាន់ទី១៧។ ដ្រូន២គ្រឿងទៀតត្រូវទ័ពអាកាសបាញ់ទម្លាក់តាមផ្លូវធ្វើដំណើរទៅទីក្រុងម៉ូស្គូ។ រុស្ស៊ីត្រូវបង្ខំចិត្តបិទព្រលានយន្តហោះ២កន្លែងនៅម៉ូស្គូជាបណ្ដោះអាសន្ន។ ខាងលើនេះជាការដកស្រង់ប្រភពពីអេភី (AP)៕
ចែករំលែកព័តមាននេះ