រាជធានីភ្នំពេញ ៖ មានករណីបុរសម្នាក់ជិះកង់ចូលទៅម៉ាស្សាកោសជប់ លុះចេញទៅវិញ ត្រូវនារីម៉ាស្សាចោទប្រកាន់ថាលួចទូរស័ព្ទ និងដេញតាមឃាត់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ ស្រាប់តែនារីរូបនោះថាជារឿងយល់ច្រឡំ ក៍ចង់បញ្ចប់រឿង តែខាងប្រុសកើតទុក្ខមិនសុខចិត្ត បានទាមទារសំណងជំងឺចិត្ត ការចោទប្រកាន់ខូចកិត្តិយសរបស់គាត់ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅកន្លែងម៉ាស្សាកោសជប់មួយកន្លែងអត់មានយីហោ តាមបណ្ដោយផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ ជាប់ព្រំប្រទល់ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ភាគីខាងបុរសបានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះកង់មួយគ្រឿង ចូលទៅកន្លែងម៉ាស្សាកោសជប់ខាងលើ ដើម្បីអោយនារីជាអ្នកម៉ាស្សាជួយសម្រួលសរសៃអោយ តែពេលចូលទៅមិនទាន់បានធ្វើអ្វីទាំងអស់ ដោយនារីជាអ្នកម៉ាស្សាបានចូលទៅក្នុងបន្ទប់ទឹកមួយភ្លែត ហើយក៏ចេញមកវិញ រូបគាត់ក៍មិនបានធ្វើអ្វីដែរ ក៍បានជិះកង់ចេញមកវិញ លុះជិះបានបន្តិច ក៍ស្រាប់តែនារីជាអ្នកម៉ាស្សាបានជិះម៉ូតូកង់បីតាមមកឃាត់រូបគាត់ ហើយចោទគាត់ថាបានលួចទូរស័ព្ទរបស់នាង និងបានហៅសមត្ថកិច្ចមកថែមទៀតផង ខណៈដែលរូបគាត់បានប្រកែកថាមិនបានលួចនោះទេ ។
ដោយឡែកខាងនារីជាអ្នកម៉ាស្សាវិញបានអោយដឹងថា មុនពេលកើតហេតុ បុរសខាងលើបានចូលទៅកន្លែងម៉ាស្សាកោសជប់របស់គាត់ ពេលនោះរូបគាត់បានចូលទៅបន្ទប់ទឹកមួយភ្លែត ចេញមកវិញ ស្រាប់តែបុរសខាងលើ បានជិះកង់ចេញ លែងទទួលសេវាម៉ាស្សាកោសជប់អ្វីទាំងអស់ លុះបុរសរូបនោះជិះកង់ចេញបានបន្តិច នាងក៍បានរកមើលទូរស័ព្ទរបស់ខ្លួនដែលទុកក្នុងថង់ ស្រាប់តែអត់ឃើញ ហើយសង្ស័យបុរសខាងលើជាអ្នកលួច ក៍ជិះដេញតាមឃាត់សួរនាំតែម្តង ។
ករណីនេះផងដែរ នៅពេលដែលសមត្ថកិច្ចទៅដល់ នារីរូបនោះថាជារឿងយល់ច្រឡំ ក៍ចង់បញ្ចប់រឿងត្រឹមនឹង តែបែរជាខាងបុរសខាងលើកើតទុក្ខមិនសុខចិត្តវិញ និងទាមទារសំណង២០០ដុល្លារ ថ្លៃការចោទប្រកាន់ខូចកិត្តិយសរបស់គាត់ ។
ក្រោយពេលកើតហេតុ មានការសម្របសម្រួលពីសមត្ថកិច្ច នារីខាងលើបានសុំទោសហើយសងជំងីចិត្តចំនួន៥ម៉ឺនរៀលអោយទៅបុរសជិះកង់ដើម្បីបញ្ចប់រឿង ៕











ចែករំលែកព័តមាននេះ