ប្រធានាធិបតីអ៊ុយក្រែនលោក ប៉េត្រូ ប៉ូរ៉ូឆេនកូ និងសមភាគីរុស្សុីលោកវ៉្លឌីមៀរ ពូទីន កាលពីថ្ងៃទី២២ មិថុនា ស្នើឱ្យមានការចរចាមួយជាមួយពួកឧទ្ទាមក្នុងក្របខណ្ឌនៃផែនការសន្ដិភាពស្នើឡើងដោយក្រុងគៀវ ដែលក្រុងមូស្គូគាំទ្រជាមួយបណ្ដាលក្ខខណ្ឌ ។
ជាង២ខែ បន្ទាប់ពីចាប់ផ្ដើមការបះបោរបំបែកខ្លួននិយមស្និទ្ធរុស្សុីនៅភាគខាងកើតអ៊ុយក្រែន ដែលនៅទីនោះការប្រយុទ្ធគ្នារវាងកងទ័ព និងពួកបះបោរបណ្ដាលឱ្យមនុស្សស្លាប់យ៉ាងតិច៣៧៥នាក់ ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ និងអធិការបតីអាល្លឺម៉ង់ លោកស្រី អេនហ្សីឡាម័រកែល បានអំពាវនាវដល់លោកពូទីន ឱ្យសម្រួលដល់ការចរចា ។
លោក ប៉ូរ៉ូ ឆេនកូ កាលពីថ្ងៃទី២២ មិថុនា បានថ្លែងទៅកាន់ប្រជាជាតិអ៊ុយក្រែនក្នុងសុន្ទរកថាតាមទូរទស្សន៍មួយដើម្បីបង្ហាញពីផែនការសន្ដិភាព ដែលបើកផ្លូវឱ្យមានការចរចាជាមួយពួកបះបោរដែលពុំប្រព្រឹត្ដការសម្លាប់ និងការធ្វើទារុណកម្មមនុស្ស បន្ទាប់ពីចេញបទឈប់បាញ់គ្នាជាឯកតោភាគីរយៈពេល១សប្ដាហ៍របស់កងទ័ពអ៊ុយក្រែនមក ។ ទោះជាយ៉ាងណា ការបាញ់តគ្នានៅតែបន្ដនាថ្ងៃទី២២ មិថុនា ដោយកងទ័ពអ៊ុយក្រែននិយាយថា បានប្រើកាំភ្លើងធំដើម្បីរុញច្រានការវាយប្រហារនានារបស់ពួកឧទ្ទាមដែលបដិសេធបទឈប់បាញ់គ្នាបណ្ដោះអាសន្នសំដៅឱ្យមានការរំសាយអាវុធរបស់ពួកគេ ។
លោកពូទីន ស្នើដល់អាជ្ញាធរអ៊ុយក្រែនឱ្យបញ្ឈប់ជាស្ថាពរនូវការប្រយុទ្ធ ហើយឱ្យចរចាជាមួយពួកឧទ្ទាម ។ ទាំងលោកពូទីន ទាំងលោកប៉ូរ៉ូឆេនកូ ដែលដឹកនាំពិធីកំណត់ខួបនៃការលុកលុយសហភាពសូវៀតដោយពួកអាល្លឺម៉ង់ណាហ្សុី ថ្ងៃទី២២ មិថុនា ឆ្នាំ១៩៤១ សុទ្ធតែគូសបញ្ជាក់ពីភាពចាំបាច់ដែលត្រូវរកដំណោះស្រាយដោយសន្ដិវិធីមួយ ។ លោកពូទីន មានប្រសាសន៍ថា គួរឱ្យសោកស្ដាយ អ្វីដែលយើងកត់សម្គាល់ឃើញ គឺការប្រយុទ្ធគ្នានៅបន្ដ ហើយកាលពីយប់មុនយើងឃើញមានការប្រើប្រាស់កាំភ្លើងធំដោយកងទ័ពអ៊ុយក្រែន ៕
ចែករំលែកព័តមាននេះ