សង្គ្រាមអ៊ុយក្រែន ៖ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍NBC NEWS កាលពីថ្ងៃទី៣០មីនា ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំនិយាយថា លោកខឹងខ្លាំងណាស់ចំពោះសមភាគីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ។

ថ្លែងបែបនេះ លោកត្រាំគំរាមយកពន្ធគយពី២៥ទៅ៥០%លើប្រេងកាតរុស្ស៊ី ប្រសិនបើក្រុងមូស្គូរាំងខ្ទប់ការខិតខំប្រឹងប្រែងរបស់លោក ដែលសំដៅបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ ពន្ធថ្មីនោះអាចមានក្នុងពេល១ខែទៀត បើគ្មានកិច្ចព្រមព្រៀងឈប់បាញ់គ្នាទេនោះ។
លោកត្រាំថ្លែងទៀតថា ប្រសិនបើរុស្ស៊ី និងរូបខ្ញុំមិនអាចសម្រេចបានកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការបង្ហូរឈាមនៅអ៊ុយក្រែនទេ និងប្រសិនបើខ្ញុំគិតថា នោះជាកំហុសរបស់រុស្ស៊ី ខ្ញុំនឹងយកពន្ធបន្ថែមលើប្រេងកាតដែលរុស្ស៊ីនាំចេញ។ លោកបន្តថា បើលោកអ្នកទិញប្រេងកាតរុស្ស៊ីនោះ លោកអ្នកមិនអាចធ្វើជំនួញជាមួយអាមេរិកឡើយ។
ទោះបីយ៉ាងណា កំហឹងរបស់លោកត្រាំបានបាត់ទៅវិញភ្លាមៗ ដោយលោកប្រាប់ដល់NBC NEWSថា លោកគ្រោងជួបជាមួយសមភាគីរុស្ស៊ី នាសប្ដាហ៍នេះទៀត ។
ចុងក្រោយ លោកបញ្ចាក់ថា លោកពូទីនដឹងពីលោកខឹង ទោះបីជាអ្នកទាំង២ រក្សាទំនាក់ទំនងល្អបំផុតនឹងគ្នាក្ដី ។ លោកត្រាំអះអាងថា ការខឹងរបស់លោកបានបាត់ទៅវិញដោយរហ័ស៕
ចែករំលែកព័តមាននេះ