ស្ត្រីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតទាំង៥រូប នៅលើពិភពលោក
អន្តរជាតិ ៖ លោកស្រី Alice Walton កូនស្រីស្ថាបនិកក្រុមហ៊ុន Walmart និងលោកស្រី Francoise Bettencourts…
អន្តរជាតិ ៖ លោកស្រី Alice Walton កូនស្រីស្ថាបនិកក្រុមហ៊ុន Walmart និងលោកស្រី Francoise Bettencourts…
អន្តរជាតិ ៖ លោកស្រី Alice Walton កូនស្រីស្ថាបនិកក្រុមហ៊ុន Walmart និងលោកស្រី Francoise Bettencourts Meyers ចៅស្រីស្ថាបនិកក្រុមហ៊ុន L’Oreal កំពុងឈរក្នុងបញ្ជីស្ត្រីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតទាំង៥រូបរបស់ពិភពលោក។ នេះបើយោងតាមទិន្ន័យចុងក្រោយពីទស្សនាវដ្តីពាណិជ្ជកម្មអាមេរិក Forbes។
១-លោកស្រី Alice Walton ទ្រព្យសម្បតិ្ត១០១.២ពាន់លានដុល្លារអាមេរិក
កូនស្រីតែម្នាក់គត់របស់លោក Sam Walton ស្ថាបនិកក្រុមហ៊ុនដំណើរការបណ្តាញផ្សារទំនើប Walmart លោកស្រី Alice Walton អាយុ៧៥ឆ្នាំ បានផ្តោតជាសំខាន់លើការថែរក្សាវត្ថុសិល្បៈជំនួសឱ្យការបម្រើការជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនឪពុកលោកស្រី ដោយផ្ទុយពីបងប្អូនប្រុស។ លោកស្រីបានបើកសារមន្ទីរសិល្បៈ Crystal Bridges នៅរដ្ឋអាកានសាស់ (Arkansas) សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១១ ដោយបង្ហាញអំពីស្នាដៃពីសិល្បករដូចជា Norman Rockwell និង Andy Warhol ជាដើម។
ទោះយ៉ាងណាក៏ដោយ លោកស្រី Alice ក៏ធ្លាប់ជាអ្នកវិភាគទីផ្សារភាគហ៊ុន ហើយក៏បានបង្កើតក្រុមហ៊ុនធនាគារវិនិយោគ ហើយក៏ជាអនុប្រធានរបស់ធនាគារ Arvest Bank Group ដែលជាធនាគារក្រោមកម្មសិទ្ធិរបស់គ្រួសារ Walton ផងដែរ។
២-លោកស្រី Francoise Bettencourt Meyers ទ្រព្យសម្បត្តិ៨១.២ពាន់លានដុល្លារ
ស្ត្រីមានលំដាប់ទី២ពិភពលោក វ័យ៧១ឆ្នាំរូបនេះ គឺជាចៅស្រីរបស់លោក Eugene Schueller ស្ថាបនិកក្រុមហ៊ុនគ្រឿងសំអាងបារាំង និងដ៏ធំបំផុតមួយរបស់ពិភពលោក L’Oréal ដោយកាន់កាប់ភាគហ៊ុនជាងមួយភាគបី ដែលបានជួញដូរជាសាធារណៈ។
លោកស្រី Bettencourt Meyers បានបម្រើការក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន L’Oréal តាំងពីឆ្នាំ ១៩៩៧ និងជាប្រធានក្រុមហ៊ុនគ្រួសារ ដែលកាន់កាប់លើម៉ាកល្បីៗ ដូចជា Maybelline និង Yves Saint Laurent ជាដើម។
៣-លោកស្រី Julia Koch ទ្រព្យសម្បត្តិត៧៤.២ពាន់លានដុល្លារ
លោកស្រី Julia Koch ដែលពីមុនធ្លាប់ធ្វើការក្នុងឧស្សាហកម្មម៉ូដនោះ ទទួលបានមរតកភាគហ៊ុន ៤២% នៅក្នុងក្រុមហ៊ុនសាជីវកម្មចម្រុះអាមេរិក Koch Industries ពីស្វាមីលោកស្រី គឺលោក David Koch ដែលបានទទួលមរណភាពកាលពីឆ្នាំ ២០១៩។
កាលពីខែកុម្ភៈ ឆ្នាំ២០២៤ មូលនិធិគ្រួសារ Julia Koch បានបរិច្ចាគប្រាក់ចំនួន៧៥លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់មជ្ឈមណ្ឌលថែទាំគ្រួសារ Julia Koch ។ មូលនិធិគ្រួសារនេះ បានបរិច្ចាគប្រាក់រាប់លានដុល្លារអាមេរិកដល់សាលារៀន និងមន្ទីរពេទ្យ។
៤-លោកស្រី Jacqueline Mars ទ្រព្យសម្បត្តិ៤៤.២ពាន់លានដុល្លារ
លោកស្រី Jacqueline Mars អាយុ៨៥ឆ្នាំ បានកាន់កាប់ភាគហ៊ុនមួយភាគបីនៅក្នុងក្រុមហ៊ុនអាមេរិក Mars Inc. ដែលជាក្រុមហ៊ុនផលិតស្ករគ្រាប់ អាហារ និងចំណីសត្វ ដែលបង្កើតឡើងដោយជីតារបស់លោកស្រី។ លោកស្រីបានចូលរួមយ៉ាងសកម្មនៅក្នុងអាជីវកម្មគ្រួសារអស់រយៈពេលប្រហែល២ទសវត្សរ៍ ហើយបម្រើការជាក្រុមប្រឹក្សាភិបាលរហូតដល់ឆ្នាំ ២០១៦។
៥-លោកស្រី Rafaela Aponte-Diamant ទ្រព្យសម្បត្តិ៣៨.៩ពាន់លានដុល្លារ
ស្ត្រីសញ្ជាតិអ៊ីតាលីដើមកំណើតអ៊ីស្រាអែលវ័យ៧៩ឆ្នាំរូបនេះ គឺជាសហម្ចាស់ក្រុមហ៊ុនរបស់អ៊ីតាលី MSC ដែលជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតមួយរបស់ពិភពលោក ជាមួយនឹងស្វាមីលោកស្រី គឺលោក Gianluigi Aponte។
លោកស្រីមានជំនាញក្នុងការរចនាផ្នែកខាងក្នុងសម្រាប់នាវាទេសចរណ៍របស់ក្រុមហ៊ុន MSC និងបម្រើការជាក្រុមប្រឹក្សាភិបាលនៃមូលនិធិ MSC ផងដែរ។ បង្កើតឡើងដោយគ្រួសារលោកស្រីក្នុងឆ្នាំ ២០១៨ មូលនិធិ MSC ផ្តោតលើការអភិរក្សសកល និងគំនិតផ្តួចផ្តើមមនុស្សធម៌ ដោយបរិច្ចាគប្រហែល ១២.៩លានដុល្លារដល់គម្រោងសប្បុរសធម៌ផ្សេងៗគិតត្រឹមឆ្នាំ ២០២២៕ ប្រភព ៖ VnExpress
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ