ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះតាម​ចាប់​បាន​ទាំងអស់ អ្នកទោស​វៀតណាម​០៦​នាក់ និង​ស្ត្រី​​ម្នាក់ ដែល​ចូល​រំដោះ​ចេញពី​សាលាដំបូង​ខេត្តស្វាយរៀង

2 ម៉ោង មុន

ខេត្តស្វាយរៀង ៖ ករណី​រំដោះ​អ្នកទោស​ជា​ជនជាតិ​វៀតណាម ចេញពី​សាលាដំបូង​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ រហូត​មានការ​ផ្ទុះ​បាញ់​ដាក់​គ្នា រវាង​កម្លាំង​សមត្ថកិច្ច ជាមួយ​ក្រុម​ឧក្រិដ្ឋជន…

ខេត្តស្វាយរៀង ៖ ករណី​រំដោះ​អ្នកទោស​ជា​ជនជាតិ​វៀតណាម ចេញពី​សាលាដំបូង​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ រហូត​មានការ​ផ្ទុះ​បាញ់​ដាក់​គ្នា រវាង​កម្លាំង​សមត្ថកិច្ច ជាមួយ​ក្រុម​ឧក្រិដ្ឋជន ដែល​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នោះ នៅ​ពេល​នេះ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តស្វាយរៀង ស្រាវជ្រាវ​តាម​ប្រ​ម៉ា​ញ់ និង​ចាប់​ក្របួច​បាន​មក​វិញ​ទាំង​អស់ហើយ សរុប​៧​នាក់ (​អ្នកទោស​៦​នាក់ និង​ស្ដ្រី​មក​រំដោះ​ម្នាក់​)​។

អ្នកទោស​៦​នាក់ និង​ស្ដ្រី​មក​រំដោះ​ម្នាក់​ខាងលើ ត្រូវ​បាន​ចាប់ខ្លួន​នៅ​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច​ថ្ងៃ​ដដែល​នេះ នៅ​ជិត​វត្ត​សំបួរ ភូមិ​ព្រៃ​សង្ឃ័រ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

សូម​ជម្រាប​ថា ករណី​រំដោះ​អ្នកទោស​ជន​ជនជាតិ​វៀតណាម ចេញពី​សាលាដំបូង​ខេត្តស្វាយរៀង នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ រហូត​មានការ​ផ្ទុះអាវុធ​បាញ់​ដាក់​គ្នា​មួយ​ប្រាវ ជាមួយ​កម្លាំង​សមត្ថកិច្ច ។ បន្ទាប់​ពី​អ្នកទោស​ជនជាតិ​វៀតណាម ដែល​ត្រូវ​បាន​បក្ខពួក​មក​រំដោះ​ចេញពី​សាលាដំបូង​ខេត្តស្វាយរៀង​នោះ ទាំង​កម្លាំង​អនុរក្ស​ពន្ធនាគារ កម្លាំង​នគរបាល និង​អាវុធហត្ថ បាន​សហការ​គ្នា​យ៉ាង​ស្អិតរ​មួ​ត​ស្រាវជ្រាវ​ភ្លាម​ៗ រហូត​ដល់​ដល់​ការ​ចាប់ខ្លួន​អ្នកទោស​វិញ​បាន​ម្នាក់ ដែល​ជា​មេខ្លោង រួម​ជាមួយ​រថយន្ដ​មួយ​គ្រឿង ដែល​ជា​មធ្យោបាយ​សម្រាប់​ពួក​គេ​ជិះ​គេចខ្លួន​នៅ​ពេល​រំដោះ ។

សមត្ថកិច្ច​ខេត្តស្វាយរៀង បាន​អះអាង​ថា អ្នកទោស​៦​នាក់ ដែល​ត្រូវ​បាន​រំដោះ​ទាំង​ព្រឹក​នេះ គឺ​នៅ​ពេល​កម្លាំង​អនុរក្ស​ពន្ធនាគារ បាន​បញ្ជូន​ទៅ​បន្ដ​នីតិវិធី​នៅ​តុលាការ​នេះ សង្ស័យ​ពួក​គេ​ពាក់ព័ន្ធ​ករណី Scam Online ដែល​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចាប់ខ្លួន បាន​កាលពី​ពេល​កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ