ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានត្រូវគេប្រទះឃើញស្លាប់នៅក្នុងទឹកទំនប់ ក្រោយពេលជួបជុំផឹកស៊ីជាមួយបងប្អូន លុះដល់យប់ជ្រៅក៏ជិះម៉ូតូម្នាក់ឯងហើយសង្ស័យស្រវឹង ក៏បណ្តាលឱ្យដួលធ្លាក់ទឹកគ្មានអ្នកដឹង ។ ការប្រទះឃើញយុវជនលង់ទឹកស្លាប់នេះ គឺកាលពីវេលាម៉ោងប្រមាណ៨និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ នៅទំនប់ទឹកក្បៀរ ក្នុងភូមិព្រៃដុប ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ។
នគរបាលស្រុកបសេដ្ឋបានឲ្យដឹងថា ក្រោយពេលទទួលបានព័ត៌មានពីករណីខាងលើ កម្លាំងសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវនិងពិនិត្យសព ដោយមានការចូលរួមពីលោកអធិការរងនគរបាលស្រុកទទួលផ្នែកព្រហ្មទណ្ឌ ក្រុមប្រឹក្សាឃុំស្វាយរំពារ លោកនាយផ្នែកពិនិត្យវិភាគ លោកនាយប៉ុស្តិ៍ស្វាយរំពារ និងគ្រូពេទ្យមណ្ឌលសុខភាពផងដែរ ។
ប្រភពដដែលបន្តថា យុវជនរងគ្រោះឈ្មោះទូច មករា អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ បើតាមឈ្មោះ វឿន ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិក្បាលថ្នល់ ឃុំកក់ស្រុកបសេដ្ឋ បានរៀបរាប់ថា មុនពេលកើតហេតុ ខ្លួនរួមជាមួយឈ្មោះ ទូច មករា ជាបងប្អូនជីដូនមួយ បានផឹកសុីជុំគ្នានៅផ្ទះរបស់ខ្លួន តាំងពីវេលាម៉ោង២រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ម៉ោង៩យប់ ជាមួយបងប្អូន និងពូៗ អស់ស្រាបៀរចំនួន៣កេសកន្លះមានគ្នា៦នាក់ ។
ក្រោយមក ឈ្មោះ ទូច មករា ក៏បានជិះម៉ូតូរបស់ខ្លួនចេញពីកន្លែងផឹក ចំណែកខ្លួនបានឡើងទៅដេកលើផ្ទះបាត់ទៅ ។ នគរបាលស្រុកបសេដ្ឋបានបញ្ជាក់ថា បើតាមការពិនិត្យរបស់គ្រូពេទ្យ គឺជនរងគ្រោះពិតជាដួលម៉ូតូ ហើយធ្លាក់ចូលទឹកបណ្តាលឱ្យស្លាប់ដោយខ្លួនឯងប្រាកដមែន ។ ក្រោយពេលពិនិត្យនិងធ្វើកោសល្យវិច័យសពរួច ក៏បានធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ