ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អភិវឌ្ឍន៍ជនបទ សាងសង់​ផ្លូវ​ក្រាល​កៅស៊ូពីរ​ជាន់ និង​បេតុង ២​ខ្សែ ​សរុប ៣២,១០គ​.​ម នៅស្រុក​ថ្ម​បាំង ជា​សរសៃឈាម​សេដ្ឋកិច្ច​សម្រាប់តំបន់​ទេសចរណ៍ធម្មជាតិ

2 ម៉ោង មុន
  • កោះកុង

ខេត្តកោះកុង ៖ ក្រសួង​អភិវឌ្ឍន៍ជនបទ បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជនបទ​ក្រាល​កៅស៊ូ ២​ជាន់ និង​បេតុង ចំនួន ២​ខ្សែ ប្រវែង​សរុប ៣២,១០​គីឡូម៉ែត្រ…

ខេត្តកោះកុង ៖ ក្រសួង​អភិវឌ្ឍន៍ជនបទ បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជនបទ​ក្រាល​កៅស៊ូ ២​ជាន់ និង​បេតុង ចំនួន ២​ខ្សែ ប្រវែង​សរុប ៣២,១០​គីឡូម៉ែត្រ ដែល​មាន​តម្លៃ​ប្រមាណ​ជាង ៥​លាន​ដុល្លារ​អា​មេ​រិ​ក ស្ថិត​នៅ​ស្រុក​ថ្ម​បាំង ខេត្តកោះកុង នៅ​ថ្ងៃ​ទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។ ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ អនុវត្ត​ក្នុង​ក្របខ័ណ្ឌ គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា (CSLEP) ដោយ​ភ្ជាប់​ទៅ​កាន់​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់ការពារធម្មជាតិ ។ នេះ​បើ​តាម​ប្រភព ក្រសួង​អភិវឌ្ឍន៍ជនបទ ។

ឯកឧត្តម​បណ្ឌិត សួ​ស គង់ រដ្ឋលេខាធិការ និង​ជានា​យក​គម្រោង CSLEP បាន​បញ្ជាក់​ថា គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា អនុវត្ត​ដោយ​ក្រសួង​ចំនួន ២ គឺ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួងបរិស្ថាន មាន​រយៈពេល​អនុវត្ត ៨​ឆ្នាំ (​ឆ្នាំ ២០១៩ -២០២៧) ក្រោម​ហិរញ្ញប្បទាន​កិច្ច​សហប្រតិបត្តិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​, មូលនិធិ​បរិស្ថាន​សកល និង​ធនាគារពិភពលោក ។ ក្នុង​នោះ ក្រសួង​អភិវឌ្ឍន៍ជនបទ អនុវត្ត​លើ​ការងារ​សាងសង់​ផ្លូវ​ជនបទ​ក្រាល​កៅស៊ូ​ពីរ​ជាន់ និង​បេតុង ដើម្បី​ត​ភ្ជាប់​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់ការពារធម្មជាតិ និង​ការ​សាងសង់​ប្រព័ន្ធ​ទឹក​ស្អាត និង​បង្គន់​អនាម័យ ដល់​សហគមន៍​អេកូ​ទេសចរណ៍ ។

ប្រភព ក្រសួង​អភិវឌ្ឍន៍ជនបទ បានឱ្យ​ដឹង​ទៀត​ថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​ថា ក្រសួង​អភិវឌ្ឍន៍ជនបទ តែងតែ​ផ្តល់​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ ជាមួយ​ក្រសួងទេសចរណ៍ ក្នុង​បុព្វហេតុ​គាំទ្រ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​កម្ពុជា ជាក់ស្ដែង​ពិធី​បើក​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ត​ភ្ជាប់​ទៅ​កាន់​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់ការពារធម្មជាតិ តាម​រយៈ​គម្រោង​និរន្តរភាព​តំបន់ ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា នា​ឱកាស​នេះ ។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​បញ្ជាក់​ថា ការ​សាងសង់​ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ គឺ​ប្រៀប​បាន​នឹង​ការ​បង្កើត​នូវ​សរសៃឈាម​សេដ្ឋកិច្ច និង​ជា​ផ្លូវដង្ហើម​មួយទៀត​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ត្រូវ​បាន​ចាត់ទុកជា «​មាស​បៃតង​» របស់​កម្ពុជា ។

ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​ជា​អធិបតី​ក្នុង​ពិធី​នេះ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល​ខេត្ត និង​មន្ទីរ​អង្គភាព​ទាំងអស់​របស់​ខេត្ត ព្រមទាំង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកោះកុង ដែល​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ខេត្ត​ឱ្យ​មានការ​រីក​ចម្រើន និង​ទទួល​បាន​នូវ​សមិទ្ធផល​នានា​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ដែល​ធ្វើ​ឱ្យ​ខេត្តកោះកុង​កាន់តែ​មាន​សម្រស់​ស្រស់បំព្រង ។ ឯកឧត្តម ក៏​បាន​អបអរ​សារ​ទរ​ចំពោះ​បងប្អូន​ប្រជាជន​ក្នុង​មូលដ្ឋាន​ចំពោះ​សមិទ្ធផល​ថ្មី​បន្ថែម​ទៀត ដើម្បី​បម្រើ​ដល់​សេចក្តី​ត្រូវការ​ប្រចាំ​ថ្ងៃ ជា​ពិសេស​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ចូល​ក្នុង​តំបន់​អេកូ​ទេសចរណ៍​ជី​ផាត ។

ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​ជម្រាប​ជូន​អំពី​យុទ្ធសាស្ដ្រ​បញ្ច​កោណ និង​ចក្ខុវិស័យ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​បន្តវេន​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បន្ដ​ជម្រាប​ជូន​អំពី​គោលនយោបាយ​អភិវឌ្ឍន៍ជនបទ ដែល​មាន​ចក្ខុវិស័យ «​កសាង​សង្គម​ជនបទ​កម្ពុជា​ឱ្យ​មាន​វិបុលភាព​ប្រកបដោយ​បរិ​យា​បន្ន និង​ចីរភាព​ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​» ដោយ​ក្នុង​នោះ ក្រសួង​កំពុង​យកចិត្តទុកដាក់​លើ​ការ​លើក​កម្រិត​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ និង​គមនាគមន៍​ជនបទ ដូច​ពាក្យស្លោក «​មាន​ផ្លូវ គឺ​មាន​ក្តី​សង្ឃឹម​» ។

ជាក់ស្ដែង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ទាំង​ពីរ​ខ្សែ ប្រវែង​សរុប ៣២,១០​គ​.​ម នេះ​មាន​តម្លៃ​ប្រមាណ​ជាង ៥​លាន​ដុល្លា​អា​មេ​រិ​ក នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ចំនួន ១ ៣៩៣​គ្រួសារ ស្មើនឹង ៦ ១៤៥​នាក់ រស់នៅ​ក្នុង​ឃុំ​ចំនួន ៤ គឺ ឃុំ​កណ្តោល ឃុំ​ជី​ផាត ឃុំ​ឫស្សី​ជ្រុំ និង​ឃុំ​ជំនាប់ នៃ​ស្រុក​ថ្ម​បាំង ខេត្តកោះកុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ