ខេត្តកំពង់ធំ ៖ សាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៍មាន ស្តីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងបទល្មើស ”ឃាតកម្មគិតទុកជាមុន ប៉ះពាល់បូរណភាពសពជនរងគ្រោះ និងពីបទលួច” ដោយបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនដៃដល់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា ៖ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយមានកិច្ចសហការជាមួយ នគរបាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរ បាលរាជធានី-ខេត្ត បានចាប់ឃាត់ខ្លួនឈ្មោះ ម៉ន សីហា ភេទ ប្រុស អាយុ១៩ ឆ្នាំ ដែលជាចារឹសម្លាប់ ឈ្មោះ ហ៊ឹម ទីណា ភេទស្រី អាយុ២២ ឆ្នាំ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ពីខេត្តប៉ៃលិន ហើយសមត្ថកិច្ច ក៏បានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធី ។
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានទទួលចាត់ការលើសំណុំរឿង ព្រហ្មទណ្ឌលេខ ១១៤៨ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងករណី ឃាតកម្មគិតទុកជាមុន ប៉ះពាល់បូរណភាពនៃសព និងបទលួច ដែលមានជនត្រូវចោទឈ្មោះ ម៉ន សីហា ភេទប្រុស អាយុ១៩ ឆ្នាំ ត្រូវបានតំណាង អយ្យការចោទប្រកាន់តាមរយៈដីកាសន្និដ្ឋានបញ្ចូនរឿងឱ្យស៊ើបសួរលេខ ៦៦៤ អ.ក/២០២៥ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ ។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យទៅលើភស្តុតាងនានាដែលមានក្នុងសំណុំរឿង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទខាង លើ ដោយដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ«ឃាតកម្មគិតទុក ជាមុន ប៉ះពាល់បូរណភាពនៃសព និងបទលួច» បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា ២០០, មាត្រា ២៦១ មាត្រា ៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
បច្ចុប្បន្នជនត្រូវចោទខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពង់ធំ ដើម្បីរង់ចាំបន្តចំណាត់ការ តាមនីតិវិធី ដោយហេតុថា អំពើល្មើសខាងលើនេះជាបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុត ដែលតុលាការត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត ៕



ចែករំលែកព័តមាននេះ