ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ថា​ខ្លួន​បើក​ទូលាយ​សម្រាប់​ការ​សន្ទនា​គ្នា​បន្ធូរ​​បន្ថ​យ​ភាព​តាន​តឹង​ជា​មួយ​ចិន

3 ម៉ោង មុន

ទី​ក្រុង​តូក្យូ៖ មន្ត្រី​ជាន់​ខ្ពស់​ជប៉ុន និង​ចិន​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ទី​ក្រុង​ប៉េកាំង​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​២​ក្រោយ​ការ​ថ្លែង​សុន្ទរ​ករបស់​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ស្រី​តាកា​អ៊ីឈិ នៅ​រដ្ឋ​សភា​ពាក់​ព័ន្ធ​នឹង​បញ្ហា​តៃវ៉ាន់​។ ក្រោយ​ការ​ថ្លែង​នោះ​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ គេ​ឃើញ​ថា​ភាព​តាន​តឹង​ចាប់​ផ្ដើម​ឡើង​កម្ដៅ​ដល់​កម្រិត​ខ្ពស់​ដល់​ថ្នាក់​ប្រទេស​ចិន​បញ្ចេញ​ប្រតិ​កម្ម​ជា​បន្ត​បន្ទាប់​ និង​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​ខ្លួន​កុំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ព្រោះ​ហេតុ​ផល​សុវត្ថិ​ភាព​។ លោក​ម៉ាសា​អាគិ កាណាអ៊ិ…

ទី​ក្រុង​តូក្យូ៖ មន្ត្រី​ជាន់​ខ្ពស់​ជប៉ុន និង​ចិន​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ទី​ក្រុង​ប៉េកាំង​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​២​ក្រោយ​ការ​ថ្លែង​សុន្ទរ​ករបស់​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ស្រី​តាកា​អ៊ីឈិ នៅ​រដ្ឋ​សភា​ពាក់​ព័ន្ធ​នឹង​បញ្ហា​តៃវ៉ាន់​។ ក្រោយ​ការ​ថ្លែង​នោះ​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ គេ​ឃើញ​ថា​ភាព​តាន​តឹង​ចាប់​ផ្ដើម​ឡើង​កម្ដៅ​ដល់​កម្រិត​ខ្ពស់​ដល់​ថ្នាក់​ប្រទេស​ចិន​បញ្ចេញ​ប្រតិ​កម្ម​ជា​បន្ត​បន្ទាប់​ និង​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​ខ្លួន​កុំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ព្រោះ​ហេតុ​ផល​សុវត្ថិ​ភាព​។

លោក​ម៉ាសា​អាគិ កាណាអ៊ិ (Masaaki Kanai) ជា​ប្រធាន​ការិយាល័យ​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​ និង​អូសេអានី​នៃ​ក្រសួង​ការ​បរទេស​ជប៉ុន​។ លោក​បាន​ជួប​សមភាគី​ចិន​ លោក​លាវ​ជីន​សុង (Liu Jinsong) នៅ​ល្ងាច​នេះ​។ តាម​រយៈ​ការ​ជួប​គ្នា​លើក​នេះ ជប៉ុន​ចង់​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ផ្នែក​ការ​ទូត​ព្រោះ​ភាព​តាន​តឹង​នេះ​​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ខ្លាំង​ទៅ​លើ​វិស័យ​ទេស​ចរណ៍ អប់​រំ​ និង​កម្សាន្ត​។

ប្រទេស​ចិន​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​លោក​ស្រី​តាកា​អ៊ីឈិ​ដែល​ជា​អ្នក​នយោបាយ​ប្រើ​សម្ដី​ខ្លាំង​ប្រឆាំង​ចិន និង​ជា​អ្នក​គាំ​ទ្រ​កោះ​តៃវ៉ាន់​។ កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ​លោក​ស្រី​ថ្លែង​ថា​បើ​សិន​ចិន​វាយ​ប្រហារ​កោះ​តៃវ៉ាន់​មែន​ ពេល​នោះ​ជប៉ុន​នឹង​​​ធ្លាក់​ទៅ​ក្នុង​ស្ថាន​ភាព​ដែល​ត្រូវ​តស៊ូ​ដើម្បី​ភាព​រស់​រាន​មាន​ជីវិត​របស់​ជាតិ​។ មាន​ន័យ​ថា​ជប៉ុន​​អាច​នឹង​ត្រូវ​បង្ខំ​ចិត្ត​បញ្ជូន​កង​ទ័ព​ទៅ​​ធ្វើ​អន្តរាគមន៍​​ជួយ​តៃវ៉ាន់​។ ក្រសួង​ការ​ពារ​ជាតិ​ចិន​តប​ទៅ​វិញ​ថា​កង​ទ័ព​ប្រជា​ជន​ចិន​នឹង​វាយ​កម្ទេច​កង​ទ័ព​ជប៉ុន​​។

មន្ត្រី​ជាន់​ខ្ពស់​ចិន លោក​លាវ​ជីនសុង​ (រូប​ឆ្វេង) និង​មន្ត្រីជាន់​ខ្ពស់​ជប៉ុន​ (រូប​ខាង​ស្ដាំ)

ប្រទេស​ចិន​បាន​ទាម​ទារ​ឱ្យ​លោក​ស្រី​តាកា​អ៊ីឈិ​ដក​ពាក្យ​សម្ដី​នោះ​មក​វិញ​ទើប​ខ្លួន​សុខ​ចិត្ត​។ ចិន​ចាត់​ទុក​ថា​កោះ​តៃវ៉ាន់​ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​ខ្លួន​ រឿង​អី​ដែល​ប្រទេស​ដទៃ​ត្រូវ​ជ្រៀត​ជ្រែក​។ នៅ​ក្នុង​ការ​ជួប​គ្នា​ជា​មួយ​មន្ត្រី​ចិន​នៅ​ថ្ងៃ​នេះ លោក​កា​ណា​អ៊ិ​ចង់​សង្កត់​ធ្ងន់​ថា​ពាក្យ​សម្ដី​របស់​លោក​ស្រី​តាកា​អ៊ីឈិ​ជា​រឿង​ផ្សេង​។ ប៉ុន្តែ​ជប៉ុន​នៅ​តែ​ប្រកាន់​ជំហរ​ចិន​តែ​មួយ​ដូច​ដែល​មាន​ចែង​នៅក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​ចិន-​ជប៉ុន​ឆ្នាំ​១៩៧២​​​។​

នៅ​ទី​ក្រុង​តូក្យូ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជប៉ុន​ លោក​មីណូរូ គីហារ៉ា (Minoru Kihara) ថ្លែង​ថា​ជប៉ុន​បើក​ទូលាយ​ជា​និច្ច​សម្រាប់​ការ​សន្ទនា​គ្នា​គ្រប់​ប្រភេទ​ជា​មួយ​ប្រទេស​ចិន​។ ការ​ថ្លែង​ដូច្នេះ​១​ថ្ងៃ​បន្ទាប់​ពី​ក្រសួង​ការ​បរទេស​ចិន​ប្រកាស​ថា​នាយក​រដ្ឋ​មន្ត្រី​ចិន​ លោក​លី​ឆៀង (Li Qiang) គ្មាន​គម្រោង​ជួប​លោក​ស្រី​តាកា​អ៊ីឈិ​ទេ​នៅ​ពេល​លោក​ និង​លោក​ស្រី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ជី​ម្ភៃ​ (G20)​ នៅ​អាហ្វ្រិក​ខាង​ត្បូង​​​​។

កាល​ពី​សប្ដាហ៍​មុន រដ្ឋាភិបាល​ចិន​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​ខ្លួន​ផ្អាក​ធ្វើ​ដំណើរ​ទៅ​ជប៉ុន​ជា​បណ្ដោះ​អាសន្ន។​​ ចំណែក​ជន​ជាតិ​ចិន​ដែល​មាន​គម្រោង​បន្ត​ការ​សិក្សា​នៅ​ជប៉ុន​សូម​គិត​ឡើង​វិញ​ដោយ​ហ្មត់​ចត់​។ សារ​ព័ត៌​មាន​ចិន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ខ្សែ​ភាព​យន្ត​ជប៉ុន​២​រឿង​ដែល​គ្រោង​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាព​យន្ត​ចិន​នៅ​ចុង​សប្ដាហ៍​នេះ និង​ដើម​ខែ​ធ្នូ​ត្រូវ​ផ្អាក​វិញ​ហើយ​​។​ នេះ​​បើ​យោង​តាម​ប្រភព​ពី​​​​ក្យូដូ (Kyodo) និង​ប្រភព​ដទែ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ