ប្រទេសមីយ៉ាន់ម៉ា ៖ ក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកនៅរស់រានមានជីវិតក្រោមគំនរអគារក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសនេះ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
អាជ្ញាធរអះអាងថា មនុស្ស ១,៦៤៤នាក់បានស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀតរងរបួស ខណៈទីភ្នាក់ងារភូមិសាស្ត្រអាមេរិក (USGS) បានប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់អាចកើនលើស១ម៉ឺននាក់ ហើយការខាតបង់អាចលើសពីទំហំសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសនេះទៅទៀត។ នេះបើតាមរបាយការណ៍ចុងក្រោយពី CNN ចេញផ្សាយកាលពីយប់ថ្ងៃទី២៩ ខែមីនា។
ប្រភពដដែលបន្តថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងតែជួបបញ្ហា ដោយសារកង្វះគ្រឿងចក្រធុនធ្ងន់។ ស្របពេលជំនួយពីបរទេសជាលើកដំបូងបានមកដល់ហើយ បន្ទាប់ពីរដ្ឋាភិបាលរបបយោធាកំពុងកាន់អំណាចបានធ្វើការស្នើសុំជំនួយអន្តរជាតិដ៏កម្រមួយ។ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានចេញការអំពាវនាវដ៏កម្រមួយស្នើសុំជំនួយអន្តរជាតិកាលពីថ្ងៃសុក្រ ហើយបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននៅទូទាំងតំបន់ចំនួន ៦។
ជំនួយអន្តរជាតិបានចាប់ផ្តើមមកដល់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍ពីរុស្ស៊ី និងចិនដែលជាសម្ព័ន្ធមិត្ត ដោយនាំមកជាមួយក្រុមជួយសង្គ្រោះ និងការផ្គត់ផ្គង់ជាច្រើនផ្សេងទៀត។ ប្រទេសឥណ្ឌាបានបញ្ជូនក្រុមស្វែងរក ក្រុមជួយសង្គ្រោះ និងក្រុមគ្រូពេទ្យ រីឯ ម៉ាឡេស៊ីក៏បានអះអាងថា ខ្លួននឹងបញ្ជូនក្រុមជួយសង្គ្រោះ៥០នាក់នៅថ្ងៃអាទិត្យនេះ។
ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយកំពុងជួបភាពស្មុគស្មាញខ្លាំង ដោយសារការដាច់ប្រព័ន្ធទំនាក់ទំនង និងផ្លូវថ្នល់ជាច្រើនរងការខូចខាតធ្ងន់ធ្ងរ។ ការសម្របសម្រួលនឹងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនឹងមានបញ្ហាប្រឈមខ្លាំង ដោយអាចចំណាយពេលច្រើនថ្ងៃឬក៏សប្តាហ៍ មុនពេលទំហំពិតនៃការខូចខាតនៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានដឹងជាផ្លូវការ។ ការវាយតម្លៃពីការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បានឱ្យដឹងថា មន្ទីរពេទ្យ និងកន្លែងថែទាំសុខភាពបានរងការខូចខាតយ៉ាងខ្លាំង ព្រមទាំងកង្វះខាតការផ្គត់ផ្គង់វេជ្ជសាស្ត្រយ៉ាងធ្ងន់ធ្ងរផងដែរ។ ស្ពានសំខាន់ៗ ផ្លូវថ្នល់ សាលារៀន សណ្ឋាគារ ទីតាំងប្រវត្តិសាស្ត្រ និងសាសនា ពិសេសអគារសាធារណៈក៏ត្រូវបានបំផ្លិចបំផ្លាញជាទម្ងន់ផងដែរ។
ការិយាល័យបរទេសបានជូនដំណឹងថា ចក្រភពអង់គ្លេសនឹងបញ្ជូនកញ្ចប់ថវិកា១០លានផោន ឬស្មើនឹង ១៣លានដុល្លារ ដើម្បីជួយប្រជាជនប្រទេសមីយ៉ាន់ម៉ា។ សហភាពអឺរ៉ុបក៏បានឱ្យដឹងថា ខ្លួនកំពុងតែផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ២,៥លានអឺរ៉ូ ឬស្មើ ២,៧លានដុល្លារ ព្រមទាំងវាយតម្លៃតម្រូវការផ្សេងទៀត ដើម្បីប្រមូលជំនួយបន្ថែមទៀត។ អង្គការសហប្រជាជាតិបានបែងចែកប្រាក់ចំនួន៥លានដុល្លារ ដើម្បីចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ខណៈអង្គការសុខភាពពិភពលោកបានអះអាងថា ខ្លួនកំពុងរៀបចំដើម្បីបង្កើនការគាំទ្រជាការឆ្លើយតបទៅនឹងការគំរាមកំហែងដ៏ធំបំផុតចំពោះអាយុជីវិត និងសុខភាពប្រជាជនមីយ៉ាន់ម៉ា។
ក្រឡេកទៅប្រទេសថៃ ដែលនៅជិតខាងឯណោះវិញ លោក Chadchart Sittipunt អភិបាលទីក្រុងបាងកកបានឱ្យដឹងថា ការស្វែងរកកម្មករសំណង់នៅក្នុងការដ្ឋានអគារការិយាល័យសវនកម្មរដ្ឋ៣០ជាន់ ដែលដួលរលំក្នុងទីក្រុងកំពុងតែបន្ត។ លោកបានថ្លែងកាលពីល្ងាចថ្ងៃសៅរ៍ថា «យើងជឿជាក់ថានៅតែមានអ្នកនៅរស់រានមានជីវិត។ យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជួយសង្គ្រោះពួកគេ»។ ដ្រូន និងសុនខហិតក្លិបត្រូវបានដាក់ពង្រាយដើម្បីស្វែងអ្នករងគ្រោះ ខណៈរបាយការណ៍បានឱ្យដឹងថាមនុស្សយ៉ាងតិច១០នាក់បានស្លាប់ និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន។
គ្រឿងចក្រធុនធ្ងន់ត្រូវបានដាក់ពង្រាយដើម្បីបោសសម្អាតកម្ទេចកម្ទី និងជួយដល់ក្រុមជួយសង្គ្រោះនៅក្នុងដំណើរការរុករក។ លោក Suriyan Rawiwan ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះប្រចាំទីក្រុងបាងកក បានថ្លែងកាលពីថ្ងៃសៅរ៍ថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសញ្ញារស់រានមានជីវិតរបស់មនុស្ស១៥នាក់ ដែលជាប់ក្រោមគំនរអគារ។
លោកបន្ថែមថា ពេលវេលាជួយសង្គ្រោះត្រូវបានកំណត់រយៈពេល៧២ម៉ោង ដោយសារអ្នករងគ្រោះអាចស៊ូទ្រាំនឹងភាពអត់ឃ្លាន និងការខ្សោះជាតិទឹកបាន។ ទោះយ៉ាងណាក៏ដោយ ជនរងគ្រោះអាចប្រឈមនឹងស្លាប់ ប្រសិនបើការជួយសង្គ្រោះត្រូវការពេលយូរជាងនេះ។ នាយកដ្ឋានរបស់លោកមានបំណងធ្វើប្រតិបត្តិការជួយសង្គ្រោះក្នុងរយៈពេល៤៨ម៉ោង។
លោក Anek Siripanichgorn សមាជិកក្រុមប្រឹក្សាវិស្វករថៃ ដែលកំពុងតែជួយអាជ្ញាធរក្រុងបាងកកក៏បានឱ្យដឹងថា នៅទូទាំងទីក្រុងបាងកក ប្រហែលជាមានអគារខូចខាតដល់ទៅ ៥,០០០អគារ រួមទាំងអគារលំនៅដ្ឋានផងដែរ។ លោកថ្លែងដូច្នេះថា «យើងកំពុងតែត្រូតពិនិត្យអគាររាប់រយ។
ប្រសិនបើយើងឃើញករណីមានគ្រោះថ្នាក់ យើងនឹងបញ្ជូនក្រុមវិស្វករទៅកាន់ទីនោះភ្លាមៗតែម្តង៕ ប្រភព ៖ CNN, Reuters, The Guardian និង Bangkok Post








ចែករំលែកព័តមាននេះ