ខេត្តសៀមរាប ៖ មរណភាពរបស់លោក ឡៅ ឡឹង ថៅកែគ្រឿងសំណង់ល្បីឈ្មោះម្នាក់ នៅខេត្តសៀមរាប ប្រហែលមិនមែនជាការលោតសម្លាប់ខ្លួនពីលើផ្ទះវីឡារបស់គាត់នោះទេ តែមជ្ឈដ្ឋានខ្លះ នៅតែសង្ស័យពីការធ្វើអត្តឃាតដោយការលោតសម្លាប់ខ្លួន ។

ហេតុការណ៍ថៅកែសំណង់ម្នាក់ស្លាប់នេះ បង្កឲ្យមានការភ្ញាក់ផ្អើលពេញក្រុងសៀមរាប កាលពីវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងបរិវេណផ្ទះវីឡាផ្នែកខាងក្រោយ ក្នុងភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ។ បើតាមប្រភពពីសមត្ថកិច្ចបានប្រាប់ថា លោកឡៅ ឡឹង អាយុ៤៨ឆ្នាំ របរលក់គ្រឿងសំណង់ មាន កំណើតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប ។

នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចយើងទទួលព័ត៌មានថា មានមនុស្សប្រុសម្នាក់ស្លាប់ក្នុងស្ថានភាពផ្កាប់មុខនៅចំណុចហេតុខាងលើ និងសង្ស័យថា ជនរងគ្រោះធ្លាក់ពីលើផ្ទះ ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញ សហការជាមួយនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ លោកវេជ្ជបណ្ឌិតខាងកោសល្យវិច័យនៃមន្ទីរពេទ្យបង្អែកខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ក្រោមការសម្របសម្រូលនីតិវិធីពីលោក ប៉ុក តារា ព្រះរាជាអាជ្ញារងអមអយ្យការអមសាលាដំបូងខេត្ត បានធ្វើការស្រាវជ្រាវស៊ើបអង្កេតភ្លាមៗដែរ ។

ក្រោយពេលចុះស្រាវជ្រាវបង្ហាញថា ៖ ១-តាមការពិនិត្យវីដេអូកាមេរ៉ាសុវត្ថិភាព ដែល
បំពាក់នៅកន្លែងកើតហេតុ នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ គឺលោក ឡៅ ឡឹង បានបើករថយន្តចូលមកដល់ក្នុងបរិវេណផ្ទះនៅវេលាម៉ោង២១ និង៤៧នាទី និង៦វិនាទី ដើរឡើងទៅបន្ទប់ដេករបស់លោក ស្ថិតនៅជាន់ទី១តែម្នាក់ឯង ។ លុះដល់ម៉ោង២២ និង៥៧នាទី និង១៣វិនាទី ឃើញលោក ឡៅ ឡឹង ធ្លាក់ពីវេរ៉ង់ដា ស្ថិតនៅខាងបន្ទប់ដេករបស់គាត់ ផ្កាប់មុខលើឥដ្ឋការ៉ូឡា បណ្តាលឱ្យស្លាប់តែម្តង ។
២-តាមការស្តាប់ការបំភ្លឺពីសាក្សីឈ្មោះ ទិត្យ ឆៃយ៉ា ភេទស្រី អាយុ៣៤ឆ្នាំ ជាអ្នកស៊ីឈ្នួលសម្អាតផ្ទះរបស់សព រស់នៅភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក បានរៀបរាប់ថា ផ្ទះកើតហេតុខាងលើ គឺជាកម្មសិទ្ធិរបស់លោក ឡៅ ឡឹង រស់នៅតែម្នាក់ឯង ព្រោះបានលែងលះប្រពន្ធ ហើយបានជួលរូបគាត់ឱ្យមកសម្អាតផ្ទះជាប្រចាំ ។
ជាទូទៅ គាត់ចូលធ្វើការពីម៉ោង៧ព្រឹក ចេញទៅវិញនៅម៉ោង៥ល្ងាច ។ ជាក់ស្តែង នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ រូបគាត់បានចូលមកធ្វើការដូចសព្វដង ស្រាប់តែប្រទះឃើញលោក ឡៅ ឡឹង ស្លាប់ក្នុងសភាពដេកផ្កាប់មុខនៅលើការ៉ូឡា ក្នុងបរិវេណផ្ទះខាងក្រោយ ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង ។

៣-តាមការស្តាប់ការបំភ្លឺពីសាក្សីឈ្មោះ ជួបផាន្នី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិតាវៀនសង្កាត់សាលាកំរើក ក្រុងសៀមរាប បានឱ្យដឹងថា នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ រូបគាត់បានចូលរួមកម្មវីធិបង្កក់កូននៅបុរីសៀងណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក៏បានឃើញលោក ឡៅ ឡឹង ចូលរួមដែរ ។ ពេលនោះ រូបគាត់បានផឹកស៊ី និងនិយាយលេងសើចជាមួយគេឯងជាធម្មតា ហើយក៏ពុំមានទំនាស់ជាមួយនរណាម្នាក់ដែរ ។ លុះដល់វេលាម៉ោង៩និង៣០នាទីយប់ថ្ងៃដដែល លោក ឡៅ ឡឹង បានសុំលាត្រឡប់ទៅផ្ទះវិញ លុះព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ទើបរូបគាត់ទទួលដំណឺងថា លោក ឡៅ ឡឹង បានធ្លាក់ពីលើផ្ទះស្លាប់បាត់ទៅហើយ ។
៤-តាមការបំភ្លឺពីអ្នកស្រី ហ៊ិន វល័ក្ខ អាយុ៣៩ឆ្នាំ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាអតីតប្រពន្ធ ដែលបានលែងលះគ្នានៅអំឡុងឆ្នាំ២០២៣ ដោយតុលា
ការបានចេញសាលក្រមសម្រេចទ្រព្យសម្បត្តិទាំងអស់ប្រគល់ឱ្យទៅប្តី ។ ចំណែករូបគាត់ទទួលបានទីតាំងលក់គ្រឿងសំណង់១កន្លែង នៅឃុំដំដែក ស្រុកសូទ្រនិគម ។ ចំពោះបំណុលបែងចែកជា២ចំណែក ក្នុងនោះ គាត់ជាប្រពន្ធទទួលបានសិទ្ធិបីបាច់ថែរក្សាកូនចំនួន៣នាក់ ។ អ្នកស្រីជាអតីតប្រពន្ធបានឱ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ គាត់បានទៅចូលរួមកម្មវិធីបង្កក់កូនរបស់ឈ្មោះ ហាច គឹមហេង នៅបុរីសៀងណាំ ក៏ជួបអតីតប្តី ក្នុងនោះ គាត់បានឃើញអតីតប្តីផឹកស្រាអស់ជាច្រើន និងមានសភាពស្រវឹងជោកជាំផងដែរ ។ លុះដល់វេលាម៉ោងប្រហែល៩យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ គាត់ក៏ចេញពីកម្មវិធីខាងលើទៅផ្ទះមុន ។

លុះដល់វេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឈ្មោះ ដៀម យូរ៉ាន ភេទស្រី អាយុ៣០ឆ្នាំ ជាបុគ្គលិករបស់អតីតប្តីបានទូរស័ព្ទតាមឆាតមកប្រាប់គាត់ថា ហ៊ាធ្លាក់ពីលើផ្ទះស្លាប់បាត់ទៅហើយ ។ ប្រភពបានបញ្ជាក់ទៀតថា ក្រោយពីសួរនាំសាក្សីរួចមក លោកវេជ្ជបណ្ឌិតផ្នែកកោសល្យវិច័យ និងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ បានសន្និដ្ឋានរួមគ្នាថា ករណីស្លាប់នេះ ជាករណីឧប្បត្តិហេតុបង្កឡើយដោយខ្លួនឯង ។ មូលហេតុ ជនរងគ្រោះស្លាប់ដោយសាររបួសក្បាលធ្ងន់ ធ្លាក់ពីលើទីខ្ពស់(ធ្លាក់ពីលើផ្ទះ) ។
បច្ចុប្បន្ន សពថៅកែសំណង់រូបនេះ ត្រូវបានកនគរបាលការិយាល័យជំនាញ ប្រគល់ឱ្យបងប្អូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅក្នុងស្រុកសូទ្រនិគមរួចរាល់ហើយ ៕
ចែករំលែកព័តមាននេះ