រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យក្រសួងស្ថាប័នរបស់កម្ពុជា ពិនិត្យ និងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀតជាមួយថៃ ។

ការដាក់បទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទើបរាយការណ៍មកសម្ដេចថា ចាប់ពីម៉ោង១២យប់នេះ ក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់ នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារកម្ពុជា មានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង ។
តាមរយៈបណ្ដាញសង្គម នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្មីៗនេះ មានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរា.មពីសំណាក់ក្រុមជ្រុលនិយមមួយចំនួន នៅប្រទេសថៃ ឲ្យកា.ត់ផ្តា.ច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតមកកម្ពុជា ។
សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ថា «ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃ ក្នុងការសម្រេចកាត់ ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដោយខ្លួនឯង» ។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទើបរាយការណ៍មក សម្ដេច ថា «ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង»។
ដោយឡែក ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានបញ្ជាក់រួចហើយ អំពីសមត្ថភាពរបស់កម្ពុជាក្នុងការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាដោយខ្លួនឯង ។ សម្ដេចគូសបញ្ជាក់ទៀតថា «បន្ថែមលើក្រសួងពីរខាងលើ ខ្ញុំបានបញ្ជាឲ្យក្រសួងស្ថាប័នរបស់កម្ពុជា ពិនិត្យ និងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើអ្នកមានការគំរា.មកំហែងកាត់ផ្ដាច់អ្វីផ្សេងទៀត មកកម្ពុជាផងដែរ»៕
ចែករំលែកព័តមាននេះ