រ៉ូជើ ហ្វេដឺរ័រ បាននិយាយថា ការយកឈ្នះពានរង្វាន់ក្របខ័ណ្ឌ Wimbledon បូកបន្ថែមនឹងពានរង្វាន់ធំដែលខ្លួនមាន១៧រួចមកហើយនោះ គឺជារឿងសំខាន់បំផុតចំពោះខ្លួន ជាជាងការយកឈ្នះតំណែងកីឡាករលេខ១ លើលោក ។ ហ្វេដឺរ័រ វ័យ៣២ឆ្នាំ ធ្លាប់បានគ្រងតំណែងជាកីឡាករលំដាប់ទី១ ពិភពលោកសរុប៣០២សប្តាហ៍នៅក្នុងអាជីព ប៉ុន្តែបច្ចុប្បន្ននេះ គេស្ថិតនៅលំដាប់ទី៤ ។
កីឡាករស្វ៊ីសរូបនេះបានថ្លែងថា ៖ «ពិតណាស់ ទទួលបានតំណែងលេខ១ លើលោកជាអារម្មណ៍មួយស្រស់ថ្លា ។ រៀងរាល់ថ្ងៃនៅពេលដែលអ្នកភ្ញាក់ពីដេក ហើយដឹងថា ខ្លួនឯងពូកែបំផុតក្នុងរឿងអ្វីមួយ គឺពិតជាល្អខ្លាំងណាស់ ប៉ុន្តែសម្រាប់ខ្ញុំក្នុងពេលនេះ គឺពានរង្វាន់ក្របខ័ណ្ឌធំវិញទេ ដែលធ្វើឱ្យរីករាយពី១ថ្ងៃទៅ១ថ្ងៃ»។
ហ្វេដឺរ័រ បានគ្រប់គ្រងចំណាត់ថ្នាក់លេខ១ លើលោកអស់សរុប៣០២សប្តាហ៍មុនពេលណាដាល់ដណ្តើមបានក្នុងខែសីហា ឆ្នាំ២០០៨ ។ នៅចន្លោះខែកក្កដា ឆ្នាំ២០០៩ និងខែមិថុនា ឆ្នាំ២០១០ គេបានគ្រប់គ្រងតំណែងនេះចំនួន៤៨សប្តាហ៍បន្ថែមទៀត ហើយក្រោយមកក៏ត្រូវណាដាល់ដណ្តើមយកទៅបាត់ជាថ្មីម្តងទៀត ។ ចាប់ពីពេលនោះមក ចំណាត់ថ្នាក់កំពូលលេខ១ និងលេខ២ លើលោកត្រូវគ្រប់គ្រងដោយផ្លាស់វេនគ្នារវាង ណាដាល់ និងណូវ៉ាក់ យ៉ូកូវិច ។
ហ្វេដឺរ័របានបន្តថា ៖«ខ្ញុំធ្លាប់បានគ្រងដំណែងលេខ១ លើលោកពីអតីតកាល ហើយខ្ញុំពិតជាមានអារម្មណ៍ល្អខ្លាំងណាស់ ។ តែពានរង្វាន់ក្របខ័ណ្ឌធំៗ គឺជាអ្វីដែលយើងត្រូវតែប្រឹងប្រែងដណ្តើមយក ។ នៅពេលដែលអ្នកឈ្នះពានបែបនេះច្រើន នោះចំណាត់ថ្នាក់កំពូលលើលោកនឹងរត់មករកអ្នកជាមិនខាន» ។ ចូលរួមក្នុងយុទ្ធនាការដណ្តើមយកពាន Wimbledon លើកទី១៦ឆ្នាំនេះ ហ្វេដឺរ័រ មិនទាន់ដឹងថា ត្រូវជួបជាមួយកីឡាករណានោះទេ។
ដោយឡែក កីឡាករលំដាប់ទី២ ពិភពលោកណូវ៉ាក់ យ៉ូកូវិច គឺត្រូវជួបជាមួយកីឡាករកាហ្សាក់ស្ថាន Andrey Golubev ។ គេបាននិយាយថា៖«ខ្ញុំកំពុងតែសុបិនក្នុងការដណ្តើមបានពានជើងឯកលើកនេះ ។ ឆ្នាំកន្លងទៅ ខ្ញុំធ្វើមិនបានល្អ ហើយដូច្នេះ នៅឆ្នាំនេះខ្ញុំចង់ធ្វើឱ្យបានល្អលើសពេលមុនៗ ។ ការយកឈ្នះពានក្របខ័ណ្ឌនេះលើកទី៨ គឺពិតជាល្អខ្លាំងណាស់ ។ បំបែកបានឯតទគ្គកម្មរបស់កីឡាករ Pete Sampras ពិតជារឿងអស្ចារ្យបំផុត» ។ សូមបញ្ជាក់ថា ហ្វេដឺរ័រ ធ្លាប់បានយកឈ្នះពានជើងឯក Wimbledon ចំនួន៧លើករួចមកហើយ គឺនៅឆ្នាំ២០០៣, ២០០៤, ២០០៥, ២០០៦, ២០០៧, ២០០៩ និងឆ្នាំ២០១២ ៕
ចែករំលែកព័តមាននេះ