រាជធានីភ្នំពេញ ៖ មួយរយៈពេលនេះសណ្ឋាគារធំៗមួយចំនួននៅកម្ពុជា បានប្រកាសផ្អាកអាជីវកម្ម និងបិទទ្វារដោយសារតែបញ្ហារៀងខ្លួន ជាក់ស្ដែងកាលពីចុងខែមុននេះអតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់ បច្ចុប្បន្នមានឈ្មោះសណ្ឋាគារ Great Duke បានប្រកាសបិទទ្វារចាប់ពីថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០១៩ ។
ថ្មីៗនេះដែរសណ្ឋាគារអប្សរាអង្គររីសត នៅខេត្តសៀមរាប ក៏បានប្រកាសផ្អាកអាជីវកម្មរបស់ខ្លួនបណ្ដោះអាសន្នផងដែរ ។ ការបិទ និងផ្អាកទាំងនេះក្រសួងទេសចរណ៍ឱ្យដឹងថា មិនពាក់ព័ន្ធនឹងវិស័យទេសចរណ៍នោះទេ គឺមកពីហេតុផលផ្ទាល់ខ្លួនរបស់ម្ចាស់សណ្ឋាគារ ។
យោងតាមលោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានឱ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា ការបិទសណ្ឋាគារ Great Duke នៅភ្នំពេញ គឺមានហេតុផលរបស់គេ ។ ម្ចាស់សណ្ឋាគារ Great Duke ភ្នំពេញ បានបញ្ជាក់ថា ដោយសារតែកត្តាសេដ្ឋកិច្ចផ្ទាល់ខ្លួន ទើបសណ្ឋាគារត្រូវបិទទ្វារ ។ ដោយឡែកសណ្ឋាគារអប្សរា ក្នុងខេត្តសៀមរាបវិញ គ្រាន់តែផ្អាកអាជីវកម្មបណ្ដោះអាសន្នប៉ុណ្ណោះ ពោលគឺមិនបានបិទនោះទេ ។ ការផ្អាកអាជីវកម្មបណ្ដោះអាសន្នរបស់សណ្ឋាគារអប្សរាអង្គររីសត នេះដោយសារតែសណ្ឋាគារនេះចាស់ទ្រុឌទ្រោម ដូច្នេះហើយដើម្បីទាក់ទាញភ្ញៀវមកសម្រាកក្នុងសណ្ឋាគារនេះបន្តទៀតនោះ ម្ចាស់សណ្ឋាគារត្រូវការផ្អាកបណ្ដោះអាសន្នដើម្បីធ្វើការជួសជុល ។
បើតាមមតិប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តសៀមរាប បានឱ្យដឹងថាតាមពិតទៅ មានសណ្ឋាគារផ្ទះសំណាក់ជាច្រើនបានបិទទ្វារ និងផ្អាកដំណើរការ ដោយសារតែមិនមានភ្ញៀវគ្រប់គ្រាន់ ដែលធ្វើឱ្យអាជីវកម្មនោះមិនអាចទប់ទល់នឹងការចំណាយប្រចាំខែរបស់ខ្លួន ។
នៅក្នុងខេត្តសៀមរាប ជាទីតាំងដែលធ្លាប់ទទួលបានភ្ញៀវទេសចរបរទេសច្រើនជាងគេ ក្នុងចំណោមតំបន់គោលដៅទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែក្នុងរយៈពេលពេញមួយឆ្នាំ ២០១៩ នេះ តំបន់ទេសចរណ៍ខេត្តសៀមរាប មានការធ្លាក់ចុះភ្ញៀវបរទេសគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យសណ្ឋាគារធំតូចដែលធ្លាប់តែទទួលបានភ្ញៀវស្នាក់នៅពេញៗ បែរជាស្ងាត់ភ្ញៀវ និងខ្លះត្រូវប្រកាសបិទ និងខ្លះទៀតជួសជុល ។ មតិខ្លះទៀតបាននិយាយថាភ្ញៀវបរទេសធ្លាក់ចុះក្នុងខេត្តសៀមរាប ជាពិសេសភ្ញៀវដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានតំបន់អង្គរ ដោយសារតែមានការឡើងថ្លៃសំបុត្រចូលទស្សនារមណីយដ្ឋានតំបន់អង្គរមានការឡើងថ្លៃ ទើបធ្វើឱ្យភ្ញៀវអាក់អន់ចិត្ត និងលែងមកទស្សនានៅសៀមរាបទៀត ។
បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ភ្ញៀវបរទេសធ្លាក់ចុះក្នុងខេត្តសៀមរាបនេះ មិនពាក់ព័ន្ធនឹងការឡើងថ្លៃសំបុត្រចូលទស្សនារមណីយដ្ឋានតំបន់អង្គរនោះទេ តែដោយសារតែមានបញ្ហាពាក់ព័ន្ធនឹងកញ្ចប់សេវាទេសចរណ៍ពីសំណាក់ភ្នាក់ងារទេសចរណ៍មួយចំនួនទាំងក្នុង និងក្រៅស្រុក ។ ទោះបីជាយ៉ាងណាក៏ដោយក្នុងរយៈពេលជិត ១ ឆ្នាំ ២០១៩នេះ បើតាមតួលេខរបស់ក្រសួងទេសចរណ៍ ឃើញថាកំណើនភ្ញៀវទេសចរបរទេសចូលមកទស្សនាតំបន់នានាក្នុងប្រទេសកម្ពុជា មានការកើនឡើង ដោយសារតែកម្ពុជា មានតំបន់ទេសចរណ៍ថ្មីៗ ទើបបង្កើតឡើងដូចជានៅតំបន់ភូមិភាគឦសាន្តជាដើម ។
បើតាមលោកស្រី ក្លេខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជា បានឱ្យដឹងថា ក្នុងពេលភ្ញៀវបង្វែរការទស្សនាទៅកាន់តំបន់ផ្សេងៗដូចជា ភូមិភាគឦសាន្តខេត្តមណ្ឌលគិរី រតនគិរីជាដើម ដែលតំបន់ទាំងនេះមិនទាន់មានសណ្ឋាគារគ្រប់គ្រាន់នៅឡើយ ដូចច្នេះគួរតែបង្វែរការវិនិយោគវិស័យសណ្ឋាគារទៅតំបន់ទាំងនេះវិញ ។ លោកស្រីបន្តថា ចំពោះតួលេខនៃការបិទសណ្ឋាគារនៅមិនទាន់ទទួលបានជាផ្លូវការនៅឡើយ ក៏ប៉ុន្តែបានដឹងថា សណ្ឋាគារតូចៗនៅសៀមរាបបានបិទ និងផ្អាកដំណើរការខ្លះៗ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ