ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ណែនាំ​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស ក្រុមហ៊ុន រោងចក្រ អំពី​ការ​អនុវត្ត​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត ក្នុង​ឆ្នាំ​២០២៦

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្ដីណែនាំ​ជូន​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស ក្រុមហ៊ុន រោងចក្រ ស្ដី​ពី ការ​អនុវត្ត​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ…

រាជធានីភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្ដីណែនាំ​ជូន​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស ក្រុមហ៊ុន រោងចក្រ ស្ដី​ពី ការ​អនុវត្ត​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប ក្នុង​ឆ្នាំ​ ២០២៦ ​។ សេចក្ដីណែនាំ​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ បានឱ្យ​ដឹង​ថា យោង​តាម​ច្បាប់ ស្តី​ពី ការងារ ច្បាប់ ស្តី​ពី ប្រាក់​ឈ្នួល​អប្បបរមា និង​ប្រកាស​ចុះ​ថ្ងៃ​ទី​ ១៧ ខែកញ្ញា ឆ្នាំ ​២០២៥ ស្តី​ពី ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប សម្រាប់​ឆ្នាំ ​២០២៦ ក្រសួង​ការងារ សូម​ណែនាំ និង​ក្រើនរំលឹក​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស ក្រុមហ៊ុន រោងចក្រ ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប ត្រូវ​អនុវត្ត​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ ២០២៦ ចាប់ពី​ថ្ងៃ​ទី ​១ ខែមករា ឆ្នាំ​ ២០២៦ ​តទៅ ដោយ​ត្រូវ​ទូទាត់​ចំនួន ២​ដង ក្នុង​ ១​ខែ​ ។

សេចក្ដីណែនាំ​របស់​ក្រសួង​ការងារ បានឱ្យ​ដឹង​បន្ត​ថា ម្ចាស់ ឬ​នាយក​សហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ចំនួន ២​ដង ក្នុង​ ១​ឆ្នាំ និង​/​ឬ​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ ជូន​កម្មករនិយោជិត​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​។ ក្នុង​ករណី​មានការ​ខកខាន​ទូទាត់ ឬ​គណនា​ដោយ​មិន​បាន​ត្រឹមត្រូវ ដែល​នាំ​ឱ្យ​មាន​វិវាទ​ការងារ​កើតឡើង អធិការ​ការងារ​នឹង​ចាត់វិធានការ​ផាកពិន័យ​សហគ្រាស ក្រុមហ៊ុន រោងចក្រ​នោះ យ៉ាង​តឹងរ៉ឹង​តាម​ច្បាប់​ជា​ធរមាន​ ។

បន្ថែម​លើ​នេះ ក្រសួង​ការងារ ក៏​បាន​សង្កត់ធ្ងន់​ថា ក្នុង​ករណី​សង្ស័យ​ថា ការ​គណនា​ប្រាក់​ឈ្នួល ប្រាក់​បំណាច់​អតីតភាព​ការងារ និង​/​ឬ​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ អនុវត្ត​មិន​បាន​ត្រឹមត្រូវ​តាម​ច្បាប់ សូម​បងប្អូន​កម្មករនិយោជិត ឬ​សហជីព​ដែល​ជា​តំណាង​របស់​បងប្អូន​កម្មករ និយោជិត​ជូនដំណឹង​មក​អធិការ​ការងារ តាម​រយៈ​ប្រព័ន្ធ Hotline លេខ ១២៨៦” ឬ​តាម​រយៈ​ប្រអប់​បណ្តឹង​អនាមិក របស់​ក្រសួង (https://feedback.mlvt.gov.kh/feedback) ដើម្បី​ក្រសួង​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន ចៀសវាង ការ​យក​ជម្រើស​តវ៉ា​តាម​រយៈ​ការ​បិទផ្លូវ​សាធារណៈ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​អាច​ឈាន ដល់​ការ​ប្រព្រឹត្ត​ល្មើសច្បាប់​ជាយថាហេតុ​ ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់ ឬ​នាយក​សហគ្រាស ក្រុមហ៊ុន រោងចក្រ និង​បងប្អូន​កម្មករនិយោជិត​ទាំងអស់ ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​សេចក្តីណែនាំ​នេះ ប្រកបដោយ​ប្រសិទ្ធភាព​៕ អត្ថបទសហការ