រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ រតនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញ ស្តីពីការវិវត្តថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនតំណាងចំនួន២៥រូប នៃស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិនានា នៅទីក្រុងភ្នំពេញ ចំនួន២២ ស្ថានតំណាង ។
បទបង្ហាញផ្តោតលើបញ្ហាសំខាន់ៗបី គឺ៖ ១) សេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, ២) លទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំត្រីភាគី នៃរដ្ឋមន្ត្រីការបរទេស និងមន្ត្រីយោធាជាន់ខ្ពស់ កម្ពុជា ថៃ និងចិន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន និង ៣) ការដោះលែងយោធិនកម្ពុជាទាំង១៨រូប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានជម្រាបពីបច្ចុប្បន្នភាព នៃចំនួនពលរដ្ឋខ្មែរ ដែលបានស្លាប់ និងរងរបួស ចំនួនជនភៀសសឹក ព្រមទាំងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្សេងៗ ដែលបង្កពីការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើទឹកដីអធិបតេយ្យ និងតំបន់ជនស៊ីវិលកម្ពុជា ។
ឆ្លៀតឱកាសនោះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ មនុស្សធម៌ទាំង អស់របស់ប្រទេសជាមិត្ត ដែលបាននិងកំពុងជួយដល់កម្ពុជា ជាពិសេសប្រទេសចិន ដែលជំនួយទាំងនេះបានផ្តល់ដោយត្រង់ ឬតាមរយៈអង្គការអន្តរជាតិ ឬ អង្គការមិនមែនរដ្ឋាភិបាលដើម្បីរួមចំណែកជួយដល់ពលរដ្ឋភៀសសឹក ៕








ចែករំលែកព័តមាននេះ