ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករជើង​ខ្លាំង​កម្ពុជា​​2​រូប ម្នាក់​ឈ្នះ​ទឹក​ទី​4 ​និង​ម្នាក់​ទៀត​ចាញ់​​​ទឹក​ទី​4

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប​មាន​វាសនា​មិន​ដូច​គ្នា​ទេ ក្នុង​ជំនួប មិត្ត​ភាព​ក្នុង​កម្មវិធី «​កម្ពុជា សង្វៀន​គុន​ខ្មែរ​» នៅ​លើ​សង្វៀន​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី កាល ​ពី​ថ្ងៃ​សៅរ៍​ទី​៤…

រាជធានី​ភ្នំពេញ ៖ កីឡាករ​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប​មាន​វាសនា​មិន​ដូច​គ្នា​ទេ ក្នុង​ជំនួប មិត្ត​ភាព​ក្នុង​កម្មវិធី «​កម្ពុជា សង្វៀន​គុន​ខ្មែរ​» នៅ​លើ​សង្វៀន​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី កាល ​ពី​ថ្ងៃ​សៅរ៍​ទី​៤ ខែមករា​កន្លង​មក ដែល​ម្នាក់​ឈ្នះ​គូប្រកួត​នៅ​ក្នុង​ទឹក​ទី​៤ ឯ​ម្នាក់​ទៀត​ចាញ់​សន្លប់​ក្នុង​ទឹក​ទី​៤ ។

ព្រឹត្តិការណ៍​ប្រកួត​ដ៏​កក្រើក​ដែល​មិន​ធ្លាប់​មាន​មួយ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ផ្ទាល់​មាន ការ​រំភើប​និង​ចាប់អារម្មណ៍​មែនទែន ។ ជា​ពិសេស កីឡាករ ព្រំ សំណាង ខ្លា​ចាស់​មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ មាន​ប្រើ​ស្នៀត​ពិសេស​ៗ វាយ​ផ្ដួល​កីឡាករ​ស្វ៊ី​ស Stojanov Gliger ឱ្យ​ចាញ់​សន្លប់​នៅ​ត្រឹម​ទឹក​ទី​៤​ទាំង​មិន​អស់ចិត្ត ។

គូ​នេះ​សម្រាប់​ការ​ប្រកួត​៣​ទឹក​កន្លង​មក ព្រំ សំណាង ត្រូវ​កីឡាករ​ស្វ៊ី​សម្នាក់​នេះ​វាយ​ឱ្យ​ដក ថយ​ទាំង​ភ្នែក​នៅ​លើ​កញ្ចឹងក​ម្ដង​ៗ​ទៅ​ហើយ ប៉ុន្តែ​អ្នក​ប្រដាល់​ចាស់វស្សា​រូប​នេះ​ពិតជា​មិន​អន់នោះ​​ទេ ។ គេ​ព្យាយាម​វាយ​ទប់​ការពារ​ខ្លួន​បាន​យ៉ាង​ល្អ ថែម​ទាំង​មានឱកាស​ធ្វើការ​វាយបក​សង​វិញ​ម្ដង​ៗ​ដែរ ដើម្បី​រារាំង​កុំឱ្យ​កីឡាករ​ស្វ៊ី​សម្នាក់​នេះ​សម្រុក​ខ្លាំង​ពេក ។

គ្រាន់តែ​ចូល​ដល់​ទឹក​ទី​៤​ភ្លាម ព្រំ សំណាង មិន​បង្អង់​យូរ​ឡើយ គេ​បាន​សម្រុកចូល​ម៉ាត់ និង​ទាត់​បក​សង​វិញ ចូល​ចំ​គោលដៅ​សំខាន់​ៗ​ពេញ​ៗ ទំហឹង​តែ​ម្ដង រហូត​ធ្វើ​ឱ្យ Stojanov Gliger ដួល​ទាំង​ជំហរ​ទៅ​លើ​ក្តារ​សង្វៀន ហើយ​ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​លែងឱ្យ​ប្រកួត​តែ​ម្ដង​។

ចំណែក​កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវ​កីឡាករ​ថៃ Phit Munny វាយ​ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​៤ ។ គូ​នេះ ក៏​ប្រកួត​គ្នា​ស្វិតស្វាញ​ណាស់​ដែរ ប៉ុន្តែ ឡុ​ង សុវណ្ណ ឌឿ​ន វាយ​ចេញ​មិនសូវ​បាន​ល្អ​ទាល់តែ​សោះ ត្រូវ កីឡាករ​ថៃ​ដេញ​វាយ​ផ្ទប់​នឹង​ខ្សែ​រេញ មិនសូវ​មាន​ឱកាស​តដៃ​បាន​ល្អ​ឡើយ ។

ទោះជា​យ៉ាងណា កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន ដែល​មិនសូវ​បាន​ឡើង​សង្វៀន​ប្រកួត​ញឹកញាប់​នោះ ចលនា​របស់​គេ​មិនសូវ​រហ័សរហួន​ដូច​មុន​ទេ ទោះជា​គេ​ខំប្រឹង​ប្រែង​ទប់​បាន​ដល់​ទឹក​ទី​៣​ក្ដី ។ លុះ​ចូល​ដល់​ទឹក​ទី​៤ កម្លាំង​ចាប់ផ្ដើម​ស្រុត​ចុះ​ខ្លាំង ដែល​ធ្វើ​ឱ្យ​គេ​មិន​អាច​ការពារ​ខ្លួន​បាន​ល្អ​រហូត​ត្រូវ​កីឡាករ​ថៃ​វាយ​ឱ្យ​សន្លប់​តែ​ម្ដង ។

រីឯ​កីឡាករ ថា សា​រុន មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​ថៃ Yorth Banphut ។ កីឡាករ តាំង តាក់ មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ប្រកួត​ចាញ់​កីឡាករ ខាំ សូ​រិ​យា មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ដោយ​ពិន្ទុ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ