កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចិន​-​អា​មេ​រិ​ក​ចុះហត្ថលេខា​នា​ថ្ងៃ​ខាង​មុខ​ហើយ


សហរដ្ឋអាមេរិក​-​ចិន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​៣១​ធ្នូ​ពី​ការ​ចុះហត្ថលេខា​នា​ពេល​ខាង​មុខ​នេះ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មូ​យ​ផ្នែក​ជាមួយ​ចិន បន្ទាប់​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា គំរាម​យកពន្ធ​គយ​បន្ថែម​ដ៏​ខ្ពស់​មក​។

តាម​TWITTER​លោក​ត្រាំ​សរសេរ​ថា ខ្ញុំ​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​​របស់​យើង​ដំណាក់កាល​ទី​១ ជាមួយ​ចិន​នា​ថ្ងៃ​ទី​១៥​មក​រា​ខាង​មុខ​នេះ​នៅ​ក្រុង​វ៉ា​ស៊ិន​តោន​។ កិច្ចព្រមព្រៀង​នោះ​ចែង​ថា ក្រុង​ប៉េ​កាំ​ង​នឹង​ទិញ បណ្ដា​ផលិតផល​អា​មេ​រិ​ក​ក្នុង​ទឹកប្រាក់​២០០​ពាន់​លាន​ដុល្លារ សម្រាប់​រយៈពេល​២​ឆ្នាំ​។ ជា​ថ្នូរ​វិញ​អា​មេ​រិ​ក​បោះបង់​ចោលការ​ដាក់​ពន្ធគយ​បន្ថែម​ថ្មី​ៗ​។

លោក​ត្រាំ​បន្ត​ថា​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ​នឹង​ប្រព្រឹត្ត​ទៅ ដោយ​មាន​វត្តមាន​របស់​បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ចិន​។ លោក​គូសបញ្ជាក់​ម្យ៉ាងទៀត​ថា​លោក​នឹង​ទៅ​កាន់​ក្រុង​ប៉េ​កាំ​ង តាម​កាលបរិច្ឆេទ​កំណត់​នា​ពេល​ក្រោយ​មួយ ដោយនៅ​ទីនោះ​លោក​នឹង​ចាប់ផ្ដើម​ពិភាក្សា​​​សម្រាប់​ដំណាក់កាល​ទី​២​នៃ​កិច្ចព្រមព្រៀង​នេះ​។

ការ​ប្រកាស​ពី​កាលបរិច្ឆេទ​ច្បាស់​នៃ​ការ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​ទាំង​២ គេ​ទន្ទឹងរង់ចាំ​បំផុត​ព្រោះ​ការ​ចរចា​រយៈពេល​ច្រើន​ខែ​កន្លង​មកនេះ មើលទៅ​តាន​តឹង​ខ្លាំង ហើយ​លេច​ព័ត៌មាន​នានា​ដែល​ផ្ទុយ​ពី​គ្នា​ទៀត​ផង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ