ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេហ្ស៊ីប​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ស្វែង​រក​សន្តិ​ភាព​សម្រាប់​តំបន់​ហ្កាហ្សា​ និង​មជ្ឈិម​បូព៌ា

51 វិនាទី មុន

ទី​ក្រុង​គែ៖ បណ្ដា​ថ្នាក់​ដឹក​នាំ​ប្រទេស​មួយ​ចំនួន​​កំពុង​ជួប​ជុំ​គ្នា​នៅ​ប្រទេស​អេហ្ស៊ីប​ក្រោម​គំនិត​ផ្ដួច​ផ្ដើម​របស់​លោក​​ដូណាល់​ត្រាំ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បញ្ចប់​សង្គ្រាម​រវាង​អ៊ីស្រា​អែល និង​ហាម៉ាស់​។ កិច្ច​ជំនួប​លើក​នេះ​ត្រូវ​គេ​ប្រសិទ្ធ​នាម​ថា​ «កិច្ច​ជំនួប​កំពូល​ដើម្បី​​សន្តិ​ភាព»​។ ​ដោយ​សារ​អ៊ីស្រា​អែល និង​ហាម៉ាស់​គ្មាន​ទំនាក់ទំនង​ជា​មួយ​គ្នា ដូច្នេះ​រាល់​ពេល​ចរ​ចា​គ្នា​ម្ដង​ៗ​ត្រូវ​​​ធ្វើ​ឡើង​តាម​រយៈប្រទេស​ទី​បី​ធ្វើ​ជា​អន្តរ​ការី​។ នៅ​ក្នុង​កិច្ច​ជំនួប​លើក​នេះ ពួក​គេ​មិន​បាន​ចូល​រួម​ទេ​។…

ទី​ក្រុង​គែ៖ បណ្ដា​ថ្នាក់​ដឹក​នាំ​ប្រទេស​មួយ​ចំនួន​​កំពុង​ជួប​ជុំ​គ្នា​នៅ​ប្រទេស​អេហ្ស៊ីប​ក្រោម​គំនិត​ផ្ដួច​ផ្ដើម​របស់​លោក​​ដូណាល់​ត្រាំ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បញ្ចប់​សង្គ្រាម​រវាង​អ៊ីស្រា​អែល និង​ហាម៉ាស់​។ កិច្ច​ជំនួប​លើក​នេះ​ត្រូវ​គេ​ប្រសិទ្ធ​នាម​ថា​ «កិច្ច​ជំនួប​កំពូល​ដើម្បី​​សន្តិ​ភាព»​។ ​ដោយ​សារ​អ៊ីស្រា​អែល និង​ហាម៉ាស់​គ្មាន​ទំនាក់ទំនង​ជា​មួយ​គ្នា ដូច្នេះ​រាល់​ពេល​ចរ​ចា​គ្នា​ម្ដង​ៗ​ត្រូវ​​​ធ្វើ​ឡើង​តាម​រយៈប្រទេស​ទី​បី​ធ្វើ​ជា​អន្តរ​ការី​។ នៅ​ក្នុង​កិច្ច​ជំនួប​លើក​នេះ ពួក​គេ​មិន​បាន​ចូល​រួម​ទេ​។

ខុទ្ទ​កាល័យ​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រា​អែល​ថ្លែង​ថា​លោក​ណឺតាន់​យ៉ាហ៊ូ​នឹង​មិនធ្វើ​ដំណើរ​ទៅ​អេហ្ស៊ី​ប​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​ទេ​ព្រោះ​នេះ​ជា​ថ្ងៃ​បុណ្យ​របស់​ជន​ជាតិ​ជ្វីប​។ ​​កិច្ច​ជំនួប​នេះ​រៀប​ចំឡើង​ចំ​ពេល​​​ក្រុម​ហាម៉ាស់​​ចាប់​ផ្ដើម​ដោះ​លែង​ចំណាប់​ខ្មាំង​ដែល​នៅ​រស់​ជា​បណ្ដើរ​ៗ​ (ថ្ងៃ​នេះ​ដោះ​លែង​៧​នាក់​នៅ​ក្នុង​​ចំណោម​២០​នាក់​)។ ចំណែក​អ៊ីស្រា​អែល​​ដោះ​លែង​អ្នក​ទោស​ប៉ា​ឡេស្ទីន​ជិត​២​ពាន់​នាក់​។

បញ្ហា​នៅ​មាន​ច្រើន​​ទៀត​​ដែល​​មិន​ទាន់​ដោះ​ស្រាយ​ចេញ​​។ នេះ​គ្រាន់​តែ​ជា​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​មួយ​ផ្នែក​តូច​តែ​ប៉ុណ្ណោះ​។ ​​​ហេតុ​នេះ​ហើយ​គេ​នៅ​តែ​បារម្ភ​ថា​ស្រួល​មិន​ស្រួល​តំបន់​ហ្កា​ហ្សា​អាច​នឹងធ្លាក់​ទៅ​ក្នុង​ភ្លើង​សង្គ្រាម​សា​ជា​ថ្មី​​​ទោះ​បី​ពិភព​លោក​កំពុង​ធ្វើ​ការ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​​ជំរុញ​ឱ្យ​​មាន​សន្តិ​ភាព​ជា​អចិន្ត្រៃយ៍​យ៉ាង​ណា​ក្ដី​។

ខុទ្ទ​កាល័យ​ប្រធានា​ធិបតី​អេហ្ស៊ីប​ថ្លែង​ថា​កិច្ច​ជំនួប​កំពូល​លើក​នេះ​រៀប​ចំ​ឡើង​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​នៅ​តំបន់​ហ្កា​ហ្សា​ និង​បើក​ទំព័រ​សក​រាជ​ថ្មី​​ឈាន​ទៅ​រក​ការ​កសាង​សន្តិ​ភាព និង​ស្ថិរ​ភាព​នៅ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​ស្រប​ទៅ​តាម​ទស្សន​វិស័យ​របស់​លោក​ត្រាំ​។ ​អ៊ីស្រាអែល និង​ហាម៉ាស់​រង​សម្ពាធ​ខ្លាំង​ណាស់​បាន​ជា​ពួក​គេ​យល់​ព្រម​ទទួលយក​បទ​ឈប់​បាញ់​។

នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ដំណាក់​កាល​ទី​មួយ​នេះ ទាហាន​អ៊ីស្រា​អែល​ត្រូវ​ដក​ថយ​ចេញ​ពី​តំបន់​ហ្កាហ្សា​មួយ​ផ្នែក​ និង​អនុ​ញ្ញាត​ឱ្យ​ប្រជា​ជន​ប៉ាឡេស្ទីន​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ​។ ទន្ទឹម​នឹង​នោះ ទី​ភ្នាក់​ងារ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​​ត្រៀម​​​ដឹក​ជញ្ជូន​ស្បៀង​អាហារ​នៅ​ក្នុង​បរិមាណ​ច្រើន​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​អត់​-ឃ្លាន​ដែល​មិន​បាន​បរិភោគ​គ្រប់​គ្រាន់​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​។

បញ្ហា​ប្រឈម​ធំ​ៗ​នៅ​ជា​ធរមាន​
ការ​ចរ​ចា​គ្នា​លើក​នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដ៏​ធំ​មួយ​។ នោះ​គឺ​ការ​ទម្លាក់​អាវុធ​ចុះ​របស់​ក្រុម​ហាម៉ាស់​, ការ​បង្កើត​រដ្ឋា​ភិបាល​ក្រោយ​សង្គ្រាម​នៅ​ហ្កាហ្សា​ និង​ការ​ដក​កង​ទ័ព​អ៊ីស្រា​អែល​ចេញ​ពី​ទីតាំង​​ដែល​ពួក​គេ​កំពុង​ត្រួត​ត្រា​។ នៅ​ក្នុង​ផែន​ការ​សន្តិ​ភាព​របស់​លោក​ត្រាំ​ក៏​​មាន​និយាយ​អំពី​​ក្រុម​ប្រទេស​ជា​ដៃ​គូ​នៅ​ក្នុង​តំបន់​ និង​នៅ​​ទូទាំង​​​សាកល​លោក​សហ​ការ​គ្នា​ដើម្បី​បង្កើត​កង​សន្តិ​សុខ​ជាតិ​ប៉ាឡេស្ទីន​។ បញ្ហា​នេះ​ត្រូវ​ឆ្លង​កាត់​ការ​អនុ​ម័ត​ពី​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​។​

បញ្ហា​ដ៏​ធំ​មួយ​ទៀត​គឺ​ការ​រៃ​អង្គាស​ថវិកា​ដើម្បី​កសាង​តំបន់​ហ្កាហ្សា​ឡើង​វិញ​។ ធនា​គារ​ពិភព​លោក​ និង​អេហ្ស៊ីប​​ប៉ាន់​ស្មាន​​ថា​គេ​ត្រូវ​ការ​ថវិកា​៥៣​ពាន់​លាន​ដុល្លារ​ដើម្បី​កសាង​ និង​ស្ដារ​សម្បទា​​តំបន់​ហ្កាហ្សា​។ អេហ្ស៊ីប​គ្រោង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​ស្ដី​ពី​ការ​កសាង​តំបន់​ហ្កា​ហ្សា​ឡើង​វិញ​។​ ​គួរ​កត់សម្គាល់​ថា​អ៊ីរ៉ង់​ដែល​ជា​អ្នក​ជួយ​ជ្រោម​ជ្រែង​ក្រុម​ហាម៉ាស់​ដ៏​ធំ​ជាង​គេ​មិន​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​អេហ្ស៊ីប​ទេ​។ ចំពោះ​កិច្ច​ព្រមព្រៀង​ដំណាក់​កាល​ទី​មួយ​នោះ​ អ៊ីរ៉ង់​យល់​ថា​នេះ​ជា​ជោគ​ជ័យ​របស់​ក្រុម​ហាម៉ាស់​។ ខាង​លើ​នេះ​ជា​ការ​ផ្សាយ​របស់​អេ​ភី (AP) និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ