ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង់របងបេតុងរំលោ.ភដីចំណីស្ទឹងស្លាគូ ទុកពេល១៤ថ្ងៃ ឱ្យវា.យចោល

1 ខែ មុន
  • តាកែវ

ខេត្ត​តាកែវ​ ៖ នៅ​ថ្ងៃ ទី​១៣ ខែតុលា ឆ្នាំ ២០២៥ លោក វ៉ី សំណាង…

ខេត្ត​តាកែវ​ ៖ នៅ​ថ្ងៃ ទី​១៣ ខែតុលា ឆ្នាំ ២០២៥ លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​លើ​ទីតាំង​មួយ​កន្លែង ដែល​បាន​សាងសង់​របង​ថ្ម​រំលោភ​យក​ដី​ចំណី ស្ទឹង​ស្លា​គូ ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ជាងទង ស្រុក​ត្រាំកក់​។

ក្រោយ​ការ​ចុះ​ពិនិត្យ លោក វ៉ី សំណាង បាន​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​ម្ចាស់​ទីតាំង ធ្វើការ​រុះរើ​របង ថ្ម​ដែល​មាន​ប្រវែង ១១៩​ម៉ែត្រ​នោះ​ជា​បន្ទាន់ ដោយ​ទុក​ពេល ១៤ ថ្ងៃ​។ ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ការ​សាងសង់​របង​នេះ បាន​ធ្វើ​ឡើង​ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាតិ​ពី​អាជ្ញាធរ​ទេ គឺ​យោង​តាម​ប័ណ្ណកម្មសិទ្ធិ ដែល​ខ្លួន​មាន​។

លោក​អភិបាល​ខេត្តតាកែវ បាន​សង្កត់ធ្ងន់​ថា ការ​សាងសង់​របង​នេះ​បាន​ប៉ះពាល់​ចំណី​ស្ទឹង ដោយ​កន្លែង​ខ្លះ​ទុក​ចំណី​ត្រឹម ៤​ម៉ែត្រ កន្លែង​ខ្លះ ១៨​ម៉ែត្រ ខណៈ​ដែល​ច្បាប់​បាន​កំណត់​ឱ្យ​រក្សា​ទុក​ចំណី​ស្ទឹង​រហូត​ដល់ ៣០​ម៉ែត្រ​។ លោក ក៏​បាន​ចាត់​ទុក​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដែល​មានការ​ប៉ះពាល់​នេះ​ថា ជា​កំហុស​របស់​ក្រុម​មន្ត្រី​បច្ចេកទេស​ពាក់ព័ន្ធ​ក្នុង​ការ​កសាង​ប័ណ្ណ រួម​មាន​៖ មេ​ភូមិ មេឃុំ តំណាង​ចាស់ព្រឹទ្ធាចារ្យ​ក្នុងភូមិ ភូមិបាល​ស្រុក គណៈកម្មាធិការ​រដ្ឋបាល​ថ្នាក់​ស្រុក និង​គណៈកម្មាធិការ​រដ្ឋបាល​ថ្នាក់​ខេត្ត​។

លោក​  ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់​ពី​គោលការណ៍​សំខាន់​ថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តែងតែ​សហការ​ជាមួយ​ក្រសួង​ធនធានទឹក រាល់​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដែល​ពាក់ព័ន្ធ​នឹង​ចំណី​ព្រែក ស្ទឹង បឹងបួរ​ទាំងអស់​។

ពាក់ព័ន្ធ​នឹង​ករណី​សាងសង់​របង​ប៉ះពាល់​ដី​ចំណី​ស្ទឹង​ស្លា​គូ​នេះ ឯកឧត្តម រដ្ឋមន្ត្រី​បាន​សន្យា​ថា ក្រសួង​ធនធាន​ទឹកនឹង​ចាត់​បញ្ជូន​មន្ត្រី​មក​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត និង​ម្ចាស់​ទីតាំង ដើម្បី​រុះរើ​របង​ដែល​សាងសង់​រំលោភ​នេះ​ចេញ ហើយនឹង​បន្ត​សុំ​គោលការណ៍​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ធ្វើការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ថ្មី​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ