ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​អន្តរជាតិ​បង្កើត​កំណត់​ត្រា​ថ្មី ខណៈ​វិបត្តិ​ពាណិជ្ជកម្ម​អា​មេ​រិ​ក​-​ចិន​កម្រើក​ឡើង​វិញ

59 វិនាទី មុន

បរទេស ៖ តម្លៃ​មាស​អន្តរជាតិ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ ដោយសារ​តម្រូវការ​កើនឡើង​ខ្លាំង ចំ​ពេល​មាន​ភាព​តានតឹង​ពាណិជ្ជកម្ម​សា​ជា​ថ្មី​រវាង​សហរដ្ឋ​អាមេរិក និង​ចិន បូក​រួម​ទាំង​ការ​រំពឹង​ទុក​នៃ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក…

បរទេស ៖ តម្លៃ​មាស​អន្តរជាតិ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ ដោយសារ​តម្រូវការ​កើនឡើង​ខ្លាំង ចំ​ពេល​មាន​ភាព​តានតឹង​ពាណិជ្ជកម្ម​សា​ជា​ថ្មី​រវាង​សហរដ្ឋ​អាមេរិក និង​ចិន បូក​រួម​ទាំង​ការ​រំពឹង​ទុក​នៃ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក (Fed)​។

តម្លៃ​មាស​អន្តរជាតិ​បាន​កើនឡើង ១,៥% ដល់​កម្រិត​ខ្ពស់​បំផុត ៤ ០៧៨​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​អោន ឬ ៤ ៩១៣​ដុល្លារ​ក្នុង​១​តម្លឹង គិត​ត្រឹម​ម៉ោង ១២:៣០​នាទី​ថ្ងៃត្រង់ (​ម៉ោង​នៅ​កម្ពុជា​)​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​១០ ខែតុលា កន្លង​ទៅ បាន​គំរាម​ដាក់​ពន្ធ ១០០% លើ​ទំនិញ​ចិន​នាំ​ចូល​មក​កាន់​សហរដ្ឋអាមេរិក និង​បាន​ប្រកាស​ការ​ត្រួតពិនិត្យ​ការ​នាំ​ចេញ​ថ្មី​លើ​កម្មវិធី​សំខាន់​ៗ​ត្រឹម​ថ្ងៃ​ទី​១ ខែវិច្ឆិកា ដើម្បី ឆ្លើយ​តប​ទៅ​នឹង​ការ​ទប់ស្កាត់​របស់​ប្រទេស​ចិន តាម​រយៈ​ការ​រឹត​បន្តឹង​ការ​នាំ​ចេញ​ធនធាន​រ៉ែ​កម្រ​សំខាន់​ៗ​របស់​ខ្លួន​។

លោក Kyle Rodda អ្នកវិភាគ​ពៅ​គេហទំព័រ Capital.com បាន​លើក​ឡើង​ថា «​ជា​រឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​ណាស់ ព្រោះ​ការ​អភិវឌ្ឍន៍​ជា​វិជ្ជមាន​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ គឺជា​ការ​ធ្លាក់​ចុះ​នៃ​ទីផ្សារ​មាស​អន្តរជាតិ ប៉ុន្តែ​ឥឡូវនេះ យើង​មាន​ហានិភ័យ​ឡើង​វិញ​ដោយសារ​តែ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​។

តម្លៃ​មាស​អន្តរជាតិ​នៅ​ឆ្នាំ​នេះ បាន​កើនឡើង ៥៣% ដែល​ត្រូវ​បាន​ជំរុញ​ដោយ​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ រួម​ជាមួយ​ការ​សម្រុក​ទិញ​ចូល​សម្រាប់​ជា​ទុនបម្រុង​របស់​បណ្តា​ធនាគារកណ្តាល​ជុំវិញ​ពិភពលោក មូលនិធិ​ជួញដូរ​ប្រាក់ ETF ក៏​ដូច​ជា​ការ​រំពឹង​ទុក​នៃ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ដោយ Fed និង​ភាព​មិន​ប្រាកដប្រជា​សេដ្ឋកិច្ច​កើត​ចេញពី​ពន្ធគយ​ផង​ដែរ​។

បច្ចុប្បន្ន​បណ្តា​វិនិយោគិន​កំពុង​តែ​កំណត់​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ២៥​ពិន្ទុ​មូលដ្ឋាន​នៅ​ក្នុង​ខែតុលា ២៥​ពិន្ទុ​ផ្សេង​ទៀត​ក្នុង​ខែធ្នូ​។ លោក Jerome Powell ប្រធាន Fed នឹង​ឡើង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​ជាតិ​សម្រាប់​សេដ្ឋកិច្ច​ពាណិជ្ជកម្ម នៅ​ថ្ងៃ​អង្គា​រស​ប្តា​ហ៍ ហើយ​នៅ​ទីនោះ លោក​អាច​ផ្តល់​នូវ​គន្លឹះ​នៃ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ថ្មី​ផង​ដែរ​។

តម្លៃ​មាស​អន្តរជាតិ​កើនឡើង ស្រប​ពេល​ដែល​ការ​បិទ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុង​បន្ត ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៥ បណ្តាល​ឱ្យ​មានការ​ប​ញ្ឍ​ប់ និង​ផ្អាក​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​រាប់​ម៉ឺន​នាក់ ហើយ​ថែម​ទាំង​បាន​ពន្យារពេល​ការ​ចេញផ្សាយ​ទិន្នន័យ​សេដ្ឋកិច្ច​នៅ​ក្នុង​វិស័យ​សំខាន់​ៗ​ផង​ដែរ​៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ