ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ថៃ អាមេរិក និងម៉ាឡេស៊ី ប្រជុំចតុភាគីនៅម៉ាឡេស៊ី រឿងព្រំដែនកម្ពុជា-ថៃ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ ចតុ​ភាគី (​កម្ពុជា ថៃ ម៉ា​ឡេ​ស៊ី និង​សហរដ្ឋអាមេរិក​) តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ។ អង្គប្រជុំ​នេះ​បាន​បង្ហាញ​ពី បំណងប្រាថ្នា​រួម ក្នុង​ការ​រក្សា​សន្តិភាព និង​ស្ថិរភាព​រវាង​កម្ពុជា​-​ថៃ និង​ក្នុង​តំបន់​ទាំងមូល ដោយ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ដោះស្រាយ​ជម្លោះ​ដោយ សន្តិវិធី និង​គោរព​ច្បាប់​អន្តរជាតិ ។ នេះ​បើ​តាម​តាម​ផេ​ក​ក្រសួងការបរទេស នា​ថ្ងៃ​ទី​១៣ ខែតុលា​នេះ ។

នៅ​ក្នុង​ជំនួប​ពិភាក្សា​ចតុ​ភាគី​មាន​អា​មេ​រិ​ក ម៉ា​ឡេ​ស៊ី ថៃ ប្រមុខ​ការទូត​របស់​កម្ពុជា បាន​គូសបញ្ជាក់​យ៉ាង​ម៉ឹង​ម៉ាត់​ថា កម្ពុជា​គ្មាន​បំណង​ចង់​យក​អ្វី ដែល​មិនមែន​ជា​របស់​កម្ពុជា​ទេ ប៉ុន្តែ​កម្ពុជា​ក៏​នឹង​មិន​ទទួលយក​ការ​បាត់បង់​អ្វី​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ដែរ ។

ការ​អះអាង​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ បែប​នេះ​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ចតុ​ភាគី​រវាង​ប្រទេស​កម្ពុជា ថៃ ម៉ា​ឡេ​ស៊ី និង​សហរដ្ឋអាមេរិក តាម​ការ​អញ្ជើញ​របស់​លោក Dato’ Seri Anwar Bin Ibrahim នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៥ ។

ឯកឧត្តម​លើក​ឡើង​ថា អង្គប្រជុំ​បាន​បង្ហាញ​ពី​បំណងប្រាថ្នា​រួម ដើម្បី​សន្តិភាព និង​ស្ថិរភាព​រវាង​កម្ពុជា និង​ថៃ ក៏​ដូច​ជា នៅ​ក្នុង​តំបន់​ទាំងមូល ។ ការណ៍​នេះ បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ការ​មិន​ប្រើ​កម្លាំង និង​ការ​គោរព​ច្បាប់​អន្តរជាតិ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា បាន​កោតសរសើរ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​សហរដ្ឋអាមេរិក​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង ប្រកបដោយ​ន័យ​ស្ថាបនា ក្នុង​ការ​សម្របសម្រួល​កិច្ចប្រជុំ​ចតុ​ភាគី​នេះ ។ ឧបនាយករដ្ឋមន្ត្រី​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ធានា​ការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​លើ​លក្ខខណ្ឌ​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​ទាំងអស់​ដែល​សម្រេច​បាន​ក្រោម​ក្របខ័ណ្ឌ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ (RBC) និង​គណៈ​ក​ម្មា​ការ​ចម្រុះ​ព្រំដែន (JBC) ដោយ​បាន​សង្កត់ធ្ងន់​ថា ភាព​សុទ្ធចិត្ត​ត្រូវ​តែ​បង្ហាញ​តាម​រយៈ​សកម្មភាព​ពិតប្រាកដ​នៅ​ទីកន្លែង ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ថា ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​ស្លាកស្នាម​បង្ក​ដោយ​ជម្លោះ​ជា​ច្រើន​ទសវត្សរ៍ ឬ​អាច​ថា រាប់​សតវត្ស កម្ពុជា​ដឹង​យ៉ាង​ច្បាស់​អំពី​ផលវិបាក​ដ៏​អាក្រក់​នៃ​សង្គ្រាម ។ ប្រមុខ​ការទូត​កម្ពុជា​ក៏​បាន​គូសបញ្ជាក់​ថា ៖«​ការណ៍​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា ហេតុ​អ្វី​បានជា​យើង​តែងតែ​ចាត់​ទុក​សន្តិភាព​ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត​របស់​យើង …​។ កម្ពុជា​បាន​ប្រកាន់​ជំហរ​យ៉ាង​ខ្ជាប់ខ្ជួន ក្នុង​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី អនុលោម​យ៉ាង​ពេញលេញ​តាម​ច្បាប់​អន្តរជាតិ ។ យើង​គ្មាន​បំណង​ចង់​យក​អ្វី​ដែល​មិនមែន​ជា​របស់​យើង​ទេ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ យើង​នឹង​មិន​ទទួលយក​ការ​បាត់បង់​នូវ​អ្វី​ដែល​ជា​កម្មសិទ្ធិ​របស់​យើង​ដោយ​ត្រឹមត្រូវ​នោះ​ទេ ។ អ្វី​ដែល​យើង​ស្វែងរក គឺ​ដំណោះស្រាយ​ប្រកបដោយ​យុត្តិធម៌ មិន​លំអៀង និង​ផ្អែក​លើ​ច្បាប់ ដែល​អាច​ធានា​បាន​នូវ​សន្តិភាព​យូរអង្វែង​សម្រាប់​ប្រជាជន​យើង​» ។

ក្នុង​ន័យ​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​លើក​ឡើង​ពី​ការងារ​អាទិភាព​សំខាន់​ៗ​មួយ​ចំនួន​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​នា​ពេល​ថ្មី​ៗ​នេះ ដើម្បី​រួម​គ្នា​កាត់​បន្ថយ​ភាព​តានតឹង កសាង​ទំនុកចិត្ត​ឡើង​វិញ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រួម​មាន ៖ ការ​ដក​ទៅ​វិញ​នូវ​អាវុធ​ធុន​ធ្ងន់ , ការ​ដោះ​មីន​មនុស្សធម៌ , ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន , ការ​គ្រប់គ្រង​ការ​តាំងទី​លំនៅ​របស់​ជន​ស៊ី​វិល​នៅ​តាម​ព្រំដែន និង​ការ​ប្រឆាំង​ព័ត៌មាន​មិន​ពិត ។

ឧបនាយករដ្ឋមន្ត្រី​គូសបញ្ជាក់​ជា​ថ្មី ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការ​ធ្វើការ​ជាមួយ​ប្រទេស​ថៃ ក្នុង​នាម​ជា​អ្នក​ជិតខាង​អចិន្ត្រៃយ៍ ក្នុង​ការ​បំពេញ​នូវ​ការ​ទទួលខុសត្រូវ​រួម​ដើម្បី​ស្តារ​ប្រក្រតី​ភាព សន្តិភាព ស្ថិរភាព និង​វិបុលភាព​រវាង​ប្រទេស និង​ប្រជាជន​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ