ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​យល់​ថា​ផែន​ការ​សន្តិ​ភាព​របស់​ត្រាំ​នៅ​ហ្កា​ហ្សា​មាន​លក្ខ​ណៈ​ច្បោល​ៗ

1 នាទី មុន

ទី​ក្រុង​ម៉ូស្គូ៖ រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ លោក​ឡាវរ៉ូស (Lavrov) ថ្លែង​​ថា​ផែន​ការ​សន្តិ​ភាព​របស់​លោក​ត្រាំ​​ដែល​ដាក់​ចេញ​មក​ដើម្បី​​​​បិទ​បញ្ចប់​ជម្លោះ​រវាង​អ៊ីស្រា​អែល និង​ប៉ាឡេ​ស្ទីន​នោះ​អាច​ជួយ​​បាន​ត្រឹម​ដោះ​ស្រាយ​បញ្ហា​នៅ​ជ្រោយ​ហ្កាហ្សា​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​​​ផែន​ការ​បង្កើត​រដ្ឋ​ប៉ាឡេ​ស្ទីន​ហាក់​ដូច​ជា​មាន​លក្ខណៈ​ច្បោលៗ​​ពេក​។ លោក​ឡាវរ៉ូស​យល់​ថា​ផែន​ការ​របស់​លោក​ត្រាំ​គួរ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​តើ​តំបន់​វេស​ស្បេង​គួរ​គិត​យ៉ាង​ដូច​ម្ដេច​ទៅ​ថ្ងៃ​អនា​គត​។ លោក​ថ្លែង​បន្ត​ទៀត​ថា​យើង​បាន​កត់​សម្គាល់​ឃើញ​ថា​ផែន​ការ​សន្តិ​ភាព​របស់​លោក​ដូណាល់​ត្រាំ​និយាយ​តែ​អំពី​ជ្រោយ​ហ្កា​ហ្សា​​មួយ​មុខ​ប៉ុណ្ណោះ​​​​​។ លោក​ទទួល​ស្គាល់​ថា​ផែន​ការ​នោះ​​​និយាយ​អំពី​ផែន​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​ពិត​មែន​ហើយ​។…

ទី​ក្រុង​ម៉ូស្គូ៖ រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ លោក​ឡាវរ៉ូស (Lavrov) ថ្លែង​​ថា​ផែន​ការ​សន្តិ​ភាព​របស់​លោក​ត្រាំ​​ដែល​ដាក់​ចេញ​មក​ដើម្បី​​​​បិទ​បញ្ចប់​ជម្លោះ​រវាង​អ៊ីស្រា​អែល និង​ប៉ាឡេ​ស្ទីន​នោះ​អាច​ជួយ​​បាន​ត្រឹម​ដោះ​ស្រាយ​បញ្ហា​នៅ​ជ្រោយ​ហ្កាហ្សា​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​​​ផែន​ការ​បង្កើត​រដ្ឋ​ប៉ាឡេ​ស្ទីន​ហាក់​ដូច​ជា​មាន​លក្ខណៈ​ច្បោលៗ​​ពេក​។ លោក​ឡាវរ៉ូស​យល់​ថា​ផែន​ការ​របស់​លោក​ត្រាំ​គួរ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​តើ​តំបន់​វេស​ស្បេង​គួរ​គិត​យ៉ាង​ដូច​ម្ដេច​ទៅ​ថ្ងៃ​អនា​គត​។

លោក​ថ្លែង​បន្ត​ទៀត​ថា​យើង​បាន​កត់​សម្គាល់​ឃើញ​ថា​ផែន​ការ​សន្តិ​ភាព​របស់​លោក​ដូណាល់​ត្រាំ​និយាយ​តែ​អំពី​ជ្រោយ​ហ្កា​ហ្សា​​មួយ​មុខ​ប៉ុណ្ណោះ​​​​​។ លោក​ទទួល​ស្គាល់​ថា​ផែន​ការ​នោះ​​​និយាយ​អំពី​ផែន​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​ពិត​មែន​ហើយ​។ ក៏​ប៉ុន្តែ​និយាយ​​នៅ​ក្នុង​លក្ខ​ខណ្ឌ​ធំ​ទូលាយ​ពេក​។ លោក​ថ្លែង​ដូច្នេះ​នៅ​ចំពោះ​មុខ​អ្នក​សារ​ព័ត៌​មាន​ដែល​មក​ពី​បណ្ដា​ប្រទេស​អារ៉ាប់​។​

លោក​ឡាវរ៉ូស​យល់​ថា​វា​​ជា​រឿង​ចាំ​បាច់​បំផុត​ដែល​ត្រូវ​តែ​អង្កន់​ឱ្យ​ល្អិត​នូវ​វិធី​សាស្ត្រ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​រួម​ទាំង​ការ​កំណត់​និយម​ន័យ​ឱ្យ​បាន​ច្បាស់​ថា​តើ​តំបន់​វេស​ស្បេង​ទៅ​ថ្ងៃ​មុខ​នឹង​ទៅ​ជា​យ៉ាង​ណា​។ នេះ​ជា​ការ​បញ្ជាក់​ជំហរ​របស់​ទី​ក្រុង​ម៉ូស្គូ​ច្បាស់​ជាង​ពេល​ណា​ៗ​ទាំង​អស់​​ចំពោះ​ផែន​ការ​សន្តិ​ភាព​ទាំង​២០​ចំណុច​របស់​លោក​ត្រាំ​ដែល​រុស្ស៊ី​យល់​ថា​នៅ​មាន​ចំណុច​ខ្វះ​ចន្លោះ​ជា​ច្រើន​ ហើយ​​ការ​​​ខ្វែង​គំនិត​គ្នា​​ក៏​មាន​ច្រើន​ផង​ដែរ​​។

ទោះ​បី​​ផែន​ការ​សន្តិ​ភាព​នេះ​មិន​ទាន់​ឯក​ភាព​គ្នា​​១០០%​ក្ដី​​ ​លោក​ឡាវរ៉ូស​សង្ឃឹម​ថា​​​​ចំណុច​ព្រម​ព្រៀង​គ្នា​រវាង​អ៊ីស្រា​អែល​ និង​ហាម៉ាស់​(ដែល​គេ​ចាត់​ទុក​ថា​ជា​កិច្ច​ព្រម​ព្រៀង​ដំណាក់​កាល​ទី​១​នៃ​ផែន​ការ​សន្តិ​ភាព​ទាំង​ម្ភៃ​ចំណុច​នោះ) ​​នឹង​ត្រូវ​ភាគី​ទាំង​២​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​។ លោក​ពូទីន​ធ្លាប់​និយាយ​កាល​ពី​សប្ដាហ៍​មុន​ថា​រុស្ស៊ី​ត្រៀម​ចូលរួម​ចំណែក​ក្នុង​ការ​ស្វែង​រក​សន្តិ​ភាព​។

ថ្ងៃ​​នេះ ក្រុម​ហាម៉ាស់​ប្រគល់​ចំណាប់​ខ្មាំង​៧​នាក់​ (នៅ​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​នៅ​រស់​២០​នាក់​) ទៅ​ឱ្យ​កាក​បាទ​ក្រហម​អន្តរ​ជាតិ​ដើម្បី​ឱ្យ​កាក​បាទ​ក្រហម​បញ្ជូន​បន្ត​ទៅ​ឱ្យ​អ៊ីស្រា​អែល​។ នេះ​ជា​ការ​បោះ​​ជំហាន​ដ៏​សំខាន់​មួយ​​​ក្នុង​ការ​​បិទបញ្ចប់​សង្គ្រាម​​នៅ​ហ្កាហ្សា​ដោយ​អនុ​វត្ត​តាម​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​ដែល​សម្រប​សម្រួល​ដោយ​លោក​ត្រាំ​។ នៅ​ល្ងាច​ថ្ងៃ​ចន្ទ លោក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អ៊ីស្រា​អែល​ និង​ត្រៀម​ថ្លែង​សុន្ទរ​កថា​នៅ​ក្នុង​រដ្ឋ​សភា​អ៊ីស្រា​អែល​។

ប្រភព​ខ្លះ​ថា​សាក​សព​ចំណាប់​ខ្មាំង​មួយ​ចំនួន​នៅ​ក្នុង​ចំណោម​សព​ចំណាប់​ខ្មាំង​២៨​នាក់​ រួម​ទាំង​សាក​សព​មនុស្ស​២​នាក់​ទៀត​ដែល​គេ​មិន​ស្គាល់​អត្ត​សញ្ញាណ​ក៏​ត្រូវ​ក្រុម​ហាម៉ាស់​ប្រគល់​ទៅ​ឱ្យ​កាក​បាទ​ក្រហម​នៅ​ថ្ងៃ​ចន្ទ​ផង​ដែរ​។ ជា​ថ្នូរ​ត្រឡប់​មក​វិញ អ៊ីស្រា​អែល​ដោះ​លែង​អ្នក​ជាប់​ឃុំ និង​ទណ្ឌិត​​ជនជាតិ​​ប៉ាឡេស្ទីន​​ជិត​២​ពាន់​នាក់​។

​នេះ​ជា​ការ​អនុវត្ត​ដំណាក់​កាល​ទី​១​នៃ​បទ​ឈប់​បាញ់​ដូច​ដែល​ភាគី​ទាំង​២​បាន​ព្រម​ព្រៀង​គ្នា​នៅ​ប្រទេស​អេហ្ស៊ីប​កាល​ពី​សប្ដាហ៍​មុន​។ នៅ​អេហ្ស៊ីប​ លោក​ត្រាំ និង​ថ្នាក់​ដឹក​នាំ​ប្រទេស​ដទៃ​ទៀត​សរុប​ជាង​២០​នាក់​នឹង​ចូល​រួម​កិច្ច​ប្រជុំ​ពិសេស​មួយ​នៅ​​ដើម្បី​ដាក់​ចេញ​វិធាន​ការ​មួយ​ចំនួន​សំដៅ​ធានា​ស្ថិរ​ភាព​រយៈ​ពេល​យូរ​អង្វែង​នៅ​មជ្ឈិម​បូព៌ា​។​

ដើម្បី​​ឈាន​ទៅ​សម្រេច​បាន​សន្តិ​ភាព​ដ៏​ពិត​ប្រាកដ​មួយ​ទាម​ទារ​ការ​ប្ដេជ្ញា​ចិត្ត​ជា​សាកល​។ គេ​ជឿ​ជាក់​ថា​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​មុខ​ជា​នឹង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ហើយ​។ ប៉ុន្តែ​ផែន​ការ​ម្ភៃ​ចំណុច​របស់​លោក​ត្រាំ​នៅ​មាន​រឿង​វែង​ឆ្ងាយ​ទៀត​ដែល​ត្រូវ​និយាយ​គ្នា​។ នៅ​ក្នុង​ចំណោម​លក្ខ​ខណ្ឌ​ដ៏​ស្មុគស្មាញ​ទាំង​នោះ​មាន​ដូច​ជា​ការ​គ្រប់​គ្រង​តំបន់​ហ្កាហ្សា,​ ការ​ទម្លាក់​អាវុធ​ចុះ​របស់​ក្រុម​ហា​ម៉ាស់​ និង​ការបិទ​បញ្ចប់​ការ​គ្រប់​គ្រង​របស់​យោធា​អ៊ីស្រា​អែល​ទៅ​លើ​តំបន់​ហ្កាហ្សា​។

ភាគី​ទាំង​២​កំពុង​ប្រទាញ​ប្រទង់​គ្នា​។ ​អ៊ីស្រា​អែល​ថា​បើ​ហាម៉ាស់​មិន​ទម្លាក់​អាវុធ​ចុះ​ទេ ខ្លួន​ក៏​មិន​ដក​ថយ​ទាំង​ស្រុង​ពី​ហ្កាហ្សា​ដែរ​។ មូល​ហេតុ​​ដើម្បី​ការ​ពារ​សន្តិ​សុខ​ជាតិ​របស់​ខ្លួន​។ ម៉្យាង​ទៀត​ អ៊ីស្រា​អែល​សូម​ប្រកាស​ដាច់​ខាត​ហើយ​មិន​អនុញ្ញាត​ឱ្យ​ហាម៉ាស់​វិល​មក​គ្រប់​គ្រង​តំបន់​ហ្កាហ្សា​វិញ​ទេ​។ ចំណែក​ហាម៉ាស់​ថា​បើ​អ៊ីស្រា​អែល​មិន​ព្រម​ដក​ថយ​ទាំង​ស្រុង​ពី​ហ្កាហ្សា​ទេ ខ្លួន​ក៏​មិន​ទម្លាក់​អាវុធ​ចុះ​ដែរ​។ ​នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​រ៉យទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ