ទីក្រុងម៉ូស្គូ៖ អតីតប្រធានាធិបតីរុស្ស៊ី និងបច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោកមេតវេដេវ (Dmitri Medvedev) ចាប់ផ្ដើមបំផ្លោងវោហារសាស្ត្រជាថ្មីម្ដងទៀតដាក់លោកត្រាំបន្ទាប់ពីលោកត្រាំបង្ហើបឱ្យដឹងជាថ្មីថាមើលទៅលោកប្រហែលជាត្រូវបញ្ជូនមីស៊ីលបណ្ដែតម៉ាកថូម៉ាហក (Tomahawk) ទៅឱ្យអ៊ុយក្រែន។ លោកមេតវេដេវព្យាករទុកជាមុនថាការបញ្ជូនមីស៊ីលនេះទៅឱ្យអ៊ុយក្រែនអាចនឹងធ្វើឱ្យមនុស្សគ្រប់រូបនៅលើលោកនេះឈានដល់ជីវិតចុងក្រោយ។
លោកមេតវេដេវដែលតែងតែវាយប្រហារលោកត្រាំឥតបណ្ដាក់មាត់នៅលើបណ្ដាញសង្គម លោកថ្លែងថាមិនចាំបាច់ញែកឱ្យដាច់ពីគ្នារវាងមីស៊ីលថូម៉ាហកធម្មតា និងថូម៉ាហកបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទេ។ អ្នកនាំពាក្យរបស់លោកពូទីនក៏ធ្លាប់រំលេចឱ្យឃើញត្រង់ចំណុចនេះផងដែរ។ លោកមេតវេដេវដាក់ជាសំណួរថា «តើរុស្ស៊ីគួរឆ្លើយតបបែបណាឱ្យពិតប្រាកដ?» លោកទំនងជាចង់បង្ហើបឱ្យដឹងថារុស្ស៊ីប្រហែលជាត្រូវបង្ខំចិត្តឆ្លើយតបដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
ការថ្លែងរបស់លោកមេតវេដេវដូចខាងលើនេះបន្ទាប់ពីលោកត្រាំនិយាយម្ដងទៀតកាលពីយប់មិញថាលោកអាចនឹងផ្ដល់មីស៊ីលថូម៉ាហកដើម្បីឱ្យអ៊ុយក្រែនវាយប្រហារឆ្ងាយៗចូលទឹកដីរុស្ស៊ីបើលោកពូទីននៅតែកៀចមិនព្រមចូលតុចរចាដើម្បីបញ្ចប់សង្គ្រាម។ លោកត្រាំថ្លែងថាលោកអាចនឹងនិយាយប្រាប់លោកពូទីន (អំពីគម្រោងផ្ដល់មីស៊ីលទៅឱ្យអ៊ុយក្រែន) បើសិនសង្គ្រាមនេះគ្មានដំណោះស្រាយ។ យើងអាចនឹងបញ្ជូនមីស៊ីលទៅឱ្យអ៊ុយក្រែន ហើយយើងក៏អាចនឹងមិនផ្ដល់ឱ្យដែរ។ លោកត្រាំដាក់ជាសំណួរ ហើយឆ្លើយដោយខ្លួនឯងថា «តើពួកគេ (រុស្ស៊ី) ចង់ឃើញមីស៊ីលថូម៉ាហកហោះចូលទឹកដីរបស់ខ្លួនទេ? លោកគិតថាពួកគេមិនចង់បានរបៀបនេះទេ។
ជាកិច្ចឆ្លើយតបចំពោះសារនយោបាយនេះ លោកមេតវេដេវបង្ហោះសារនៅលើបណ្ដាញសង្គមថានេះជាការគំរាមបានតែមាត់ប៉ុណ្ណោះ មិនខុសពីការគំរាមបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរទៅកៀកនឹងប្រទេសរុស្ស៊ីនោះទេ។ លោកមេតវេដេវលើកឡើងត្រង់ចំណុចនេះដើម្បីនិយាយរំលឹកទៅដល់សេចក្ដីប្រកាសរបស់លោកត្រាំកាលពីខែសីហាដែលថាលោកបានបញ្ជាឱ្យបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរទៅកៀកប្រទេសរុស្ស៊ីដើម្បីឆ្លើយតបទៅសារនយោបាយរបស់លោកមេតវេដេវ។ លោកត្រាំចាត់ទុកសាររបស់លោកមេតវេដេវពេលនោះមានចរិតបង្កបញ្ហាយ៉ាងខ្លាំង។
លោកពូទីនធ្លាប់និយាយរួចហើយថាបើសិនអាមេរិកហ៊ានបញ្ជូនមីស៊ីលថូម៉ាហកដែលមានវង់ប្រតិបត្តិការ២៥០០គីឡូម៉ែត្រទៅឱ្យអ៊ុយក្រែន ពេលនោះទំនាក់ទំនងរវាងម៉ូស្គូ និងវ៉ាស៊ីនតោននឹងមានបញ្ហាជាមិនខាន។ លោកត្រាំធ្លាប់ដាក់ជាសំណួរថាបន្ទាប់ពីអ៊ុយក្រែនមានមីស៊ីលនេះនៅក្នុងដៃ តើពួកគេនឹងយកទៅធ្វើអ្វី? លោកហ្សេឡិនស្គីធ្លាប់អះអាងថាបើមានមីស៊ីលនេះនៅក្នុងដៃ អ៊ុយក្រែននឹងយកទៅវាយប្រហារគោលដៅយោធាតែប៉ុណ្ណោះ និងមិនបាញ់ទីតាំងស៊ីវិលជាដាច់ខាត។ នេះបើតាមការផ្សាយរបស់រ៉យទ័រ (Reuters) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ