ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តសិស្សជាប់ និងធ្លាក់បាក់ឌុបនៅព្រៃវែង បន្ត​សិក្សា​ដើម្បីអភិវឌ្ឍខ្លួន និងសមស្របតាមទីផ្សារការងារ

1 នាទី មុន

ខេត្តព្រៃវែង៖ ឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកទឹកចិត្តសិស្សជាប់ និងធ្លាក់បាក់ឌុបនៅក្នុងព្រៃវែង បន្ត​សិក្សា​ដើម្បីអភិវឌ្ឍខ្លួន និងសមស្របទៅតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។ យោងតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា…

ខេត្តព្រៃវែង៖ ឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកទឹកចិត្តសិស្សជាប់ និងធ្លាក់បាក់ឌុបនៅក្នុងព្រៃវែង បន្ត​សិក្សា​ដើម្បីអភិវឌ្ឍខ្លួន និងសមស្របទៅតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។

យោងតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ មិនថាសិស្សដែលជាប់និទ្ទេសA និងមិនជាប់និទ្ទេសA និងសិស្សដែលប្រឡងធ្លាក់ផងនោះ ត្រូវបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ឬជ្រើសរើសជំនាញណាមួយឱ្យច្បាស់លាស់ដែលត្រូវនឹងទេពកោសល្យ និងឧបនិស្ស័យរបស់ខ្លួន។

ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញណែនាំយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ បង្រៀនវគ្គបំប៉ន និងសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ដែលទទួលបាននិទ្ទេស A ចំនួន ១៥៤នាក់ ឆ្នាសិក្សា ២០២៤-២០២៥ ក្នុងខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត លទ្ធផលនៃការប្រឡងកន្លងមកនេះ និងតទៅមុខទៀតក្ដី ទោះបីជាប់ ឬធ្លាក់គឺមិនទាន់បានកំណត់នូវជោគវាសនាឬអនាគតរបស់ខ្លួនបានឡើយ ប្រសិនបើមិនមានការព្យាយាម តស៊ូបង្កើនសមត្ថភាពក្រេបយកចំណេះដឹងបន្ថែម ដើម្បីអភិវឌ្ឍខ្លួន និងសមស្របទៅតាមទីផ្សារការងារដែលកំពុងត្រូវការនាពេលបច្ចុប្បន្ន។

​ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថា ក្រោមការចូលរួមរបស់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង អាជ្ញាធរពាក់ព័ន្ធ មន្ទីរអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បាននិងកំពុងខិតខំបំពេញការងារប្រកបស្មារតីដោយយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការផ្ដល់សេវាអប់រំ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈគ្រប់ប្រភេទ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា។

សូមបញ្ជាក់ថា សិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)នាសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ នៅទូទាំងខេត្តព្រៃវែង មានចំនួនសរុប ៧.៨៩៩នាក់ ស្មើនឹង ៨៦,៦១% ក្នុងនោះសិស្សទទួលបាននិទ្ទេស A មានចំនួន ១៥៤នាក់ សិស្សទទួលបាននិទ្ទេស B ចំនួន ៦៧៦នាក់ សិស្សនិទ្ទេស C ចំនួន ១.៨៦៨នាក់ សិស្សនិទ្ទេស D ចំនួន ២.៩១២ នាក់ និងសិស្សនិទ្ទេស E មានចំនួន ២.៣៣៣នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ