ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ប្រមាណ​30​ប្រភេទ​នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡា​ប្រមាណ​៣០​ប្រភេទ​នឹង​ត្រូវ​ដាក់​បញ្ចូល​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣​ឆ្នាំ​២០២០​ខាង​មុខ​នេះ​។ នេះ​បើ​យោង​តាម លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​កីឡា បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៧ ធ្នូ…

រាជធានី​ភ្នំពេញ ៖ កីឡា​ប្រមាណ​៣០​ប្រភេទ​នឹង​ត្រូវ​ដាក់​បញ្ចូល​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣​ឆ្នាំ​២០២០​ខាង​មុខ​នេះ​។ នេះ​បើ​យោង​តាម លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​កីឡា បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៧ ធ្នូ ២០១៩ ។ ជាមួយ​គ្នា​នេះ​លោក​បាន​ប្រាប់​ដល់​តំណាងសហព័ន្ធ​កីឡា​ជាតិ​ទាំង​៣០ ត្រូវ​ត្រៀមខ្លួន​សម្រាប់​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​​នេះ​ផង​ដែរ​។

គួរ​រំលឹក​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ មាន​តែ​២៧​ប្រភេទ​កីឡា​ប៉ុណ្ណោះ ហើយ​គណៈកម្មការ​បាន​ជ្រើស​រើស​យក​ទីលាន​ចំនួន​៤​ខេត្ត​-​រាជធានី​ដើម្បី​រៀប​ចំ​ធ្វើ គឺ​រាជធានី​ភ្នំពេញ ខេត្ត​កែប កំពត និង ខេត្តកំពង់ធំ ។ កីឡា​ទាំង​២៧​ប្រភេទ​ដែល​ដាក់​ឲ្យ​ប្រកួត​នោះ រួម​មាន​កីឡាបាល់ទាត់​, បាល់ទះ​, បាល់បោះ​, អត្តពលកម្ម​, ប៉េតង់​, វាយ​សី​, វាយ​កូន​បាល់​, វាយ​កូន​ឃ្លី​លើ​តុ​, ចំបាប់​, តេ​ក្វា​ន់​ដូ W.T.F របស់​កូរ៉េ​ខាងត្បូង​, ហែល​ទឹក​, ល្បុក្កតោ​, កាយសម្ព័ន្ធ​, ប្រដាល់​​​សាកល​, ហ្សូ​រិ​ន​ជី​កាំ​ប៉ូ​, តេ​ក្វា​ន់​ដូ I.T.F របស់​កូរ៉េ​ខាងជើង​, កា​រ៉ា​តេ​ដូ​, ប្រដាល់​គុន​ខ្មែរ​, យូ​ដូ​, ទ្រី​យ៉ា​ត្លុង​, សូ​ហ្វ​តិ​ន្នី​ស​, ប៊េ​ស្ប​ល​, ប្រណាំង​កង់​, សីដក់​, កីឡា​បាញ់កាំភ្លើង និង​វ៉ូ​វី​ណា​ម ។

សម្រាប់​ឆ្នាំ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ដាក់​បន្ថែម​៣​ប្រភេទ​កីឡា​ទៀត គឺ​ម៉ូតូ​ទឹក អុកចត្រង្គ និង​កីឡា​ជិះសេះ ដូច្នេះ​កីឡា​ជាតិ​លើក​ទី​៣ ឆ្នាំ​២០២០​ខាង​មុខ នឹង​មាន​កីឡា​ប្រមាណ​៣០​ប្រភេទ​ចូលរួម​។

លោក​អគ្គនាយក​កីឡា អ៊ុ​ក សិទ្ធិ​ជាតិ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ នឹង​ប្រព្រឹត្ត​​ចាប់ពី​ថ្ងៃ​ទី​២៥ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២០​។ ក្នុង​រយៈពេល​១២​ថ្ងៃ​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​ដ៏​ធំ​២​ឆ្នាំ​ម្ដងនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ត្រៀម​ថវិការដ្ឋ​ចំនួន​៦.០០០​លាន​រៀល កើនឡើង​ទ្វេ​ដង​បើ​ធៀប​នឹង​ការ​រៀបចំ​លើក​ទី​១ កាលពី​ឆ្នាំ​២០១៦ ដើម្បី​ចំណាយ​លើ​ការ​រៀបចំ​ផ្សេង​ៗ តែ​មិន​បូក​ការ​ចំណាយ​លើ​ការ​រៀបចំ​ពិធី​បើក និង​ពិធី​បិទ ដែល​រ៉ាប់រង​ដោយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ឡើយ​។

លោក​ថា ដោយសារ​ប្រភេទ​កីឡា​ត្រូវ​បាន​បង្កើន ឡើង​ពី​១៥​ប្រភេទ​កីឡា ទៅ​២៧​ប្រភេទ​កីឡា ស្មើនឹង​២៧២​វិញ្ញាសា ខណៈ​ប្រតិភូ គ្រូ និង​អត្ត​ព​លិ​ក គឺ​បាន​កើនឡើង​ពី​ជិត ២.០០០​នាក់ ដល់​ប្រមាណ ៥.០០០​នាក់​ឯណោះ​។

សូម​បញ្ជាក់​ថា កាលពី​បើក​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ លោក ថោ​ង ខុន ប្រធាន​គណៈ​កម្មាធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​លើក​ឡើង​ថា ការ​ប្រកួត​កីឡា​ជាតិ គឺជា​ការ​ប្រកួត​កីឡា​កម្រិត​​ជំនាញ​ខ្ពស់​បំផុត​របស់​ជាតិ ដើម្បី​វាស់​ស្ទង់ ប្រៀបធៀប និង​ផ្ទៀងផ្ទាត់​គុណ​ផល​កីឡា​ជាតិ​(National Perfomance) ជាមួយ​គុណ​ផល​កីឡា​អន្តរជាតិ​(International Perfomance) ដែល​មាន​ទាំង​ថ្នាក់​តំបន់ ថ្នាក់​ទ្វីប និង ថ្នាក់​ពិភពលោក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ