ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទាត់​តួ​ក​គី​ជួប​វិប.ត្តិ​ធ្ងន់ធ្ងរ ខណៈ​កីឡាករ និង​អាជ្ញាកណ្តាល​ជា​ច្រើន​ពាក់ព័ន្ធ​ល្បែ.ងភ្នាល់

1 អាទិត្យ មុន

ប្រទេស​តួ​ក​គី ៖ កីឡាបាល់ទាត់​នៅ​ក្នុង​ប្រទេស​តួ​ក​គី កំពុង​តែ​ស្ថិត​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មួយ ដោយសារ​តែ​កីឡាករ និង​អាជ្ញាកណ្តាល​ជា​ច្រើន​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ល្បែងភ្នាល់​។ ជាក់ស្តែង កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា…

ប្រទេស​តួ​ក​គី ៖ កីឡាបាល់ទាត់​នៅ​ក្នុង​ប្រទេស​តួ​ក​គី កំពុង​តែ​ស្ថិត​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មួយ ដោយសារ​តែ​កីឡាករ និង​អាជ្ញាកណ្តាល​ជា​ច្រើន​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ល្បែងភ្នាល់​។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆាំ្ន​២០២៥ សហព័ន្ធ​បាល់ទាត់​តួ​ក​គី (TFF) បាន​បញ្ជាក់​ថា កីឡាករ​អាជីព​ជាង ១ ០០០ នាក់​ត្រូវ​ព្យួរ ហើយ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ពី​បទ​ពាក់ព័ន្ធ​នឹង​ល្បែងភ្នាល់​បាល់​។ រឿងអាស្រូវ​នេះ​បាន​បណ្តាល​ឱ្យ​ការ​ប្រកួត​ជា​ច្រើន​ត្រូវ​បាន​ពន្យារពេល​ជា​បន្តបន្ទាប់ ហើយ​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​នាក់ ត្រូវ​បាន​ចាប់ខ្លួន ខណៈ​មតិ​ជា​ច្រើន​បាន​លើក​ឡើង​នូវ​សំណួរ​ធំ​ៗ អំពី​សុចរិត​ភាព នៃ​ការ​ប្រកួត​ក្នុងស្រុក​។

បើ​យោង​តាម​ព័ត៌មាន​ដែល​ចេញផ្សាយ​ដោយ TFF កីឡាករ​អាជីព​សរុប​ចំនួន ១ ០២៤ នាក់ នៅ​ទូ​ទាំង​ផ្នែក​ផ្សេង​ៗ​នៃ​លី​គ​បាល់ទាត់​ក្នុងស្រុក ត្រូវ​បាន​ព្យួរ និង​បញ្ជូន​ទៅ​គណៈកម្មាធិការ​វិន័យ​វិជ្ជាជីវៈ (PFDK) ដើម្បី​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ល្បែងភ្នាល់​បាល់​។ ក្នុង​ចំណោម​នោះ​មាន​កីឡាករ ២៧ នាក់ កំពុង​ប្រកប​អាជីព​ក្នុង​លី​គ​កំពូល​តួ​ក​គី (Super Lig) មាន​ទាំង​មក​ពី​ក្លិប​កំពូល​ៗ ដូច​ជា Galatasaray, Besiktas និង Trabzonspor ថែម​ទៀត​ផង​។ ជា​ការ​កត់សម្គាល់ ក្រុម​ស្ទើរតែ​ទាំងអស់​ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល​ទាំង ១០ ក្រប​ខណ្ឌ Super Lig ជាប់​ពាក់ព័ន្ធ​បញ្ហា​នេះ លើកលែងតែ​ក្រុម Fenerbahce​។

ការ​ស៊ើបអង្កេត​មិន​បាន​ដាក់​គោលដៅ​ត្រឹម​លី​គ​កំពូល​នោះ​ទេ​។ ជាក់ស្តែង កីឡាករ​ចំនួន ៧៧ នាក់ នៅ​លី​គ​លំដាប់​ទី ១ បូក​រួម​ទាំង​កីឡាករ​ចំនួន ២៨២ នាក់ នៅ​លី​គ​ទី ២ និង​កីឡាករ​ចំនួន ៦២៩ នាក់ នៅ​លី​គ​ទី ៣ ក៏​ជាប់​ឈ្មោះ​ក្រោម​ការ​ស៊ើបអង្កេត​ផង​ដែរ រួម​ជាមួយ​ករណី​ចំនួន ៩ ផ្សេង​ទៀត ដែល​មិន​ស្ថិត​ក្នុង​ប្រព័ន្ធ​ប្រកួតប្រជែង​អាជីព​។ ដោយសារ​តែ​ប្រព័ន្ធ​លី​គ​បាល់ទាត់​តួ​ក​គី​មាន​ច្រើន ដូច្នេះ TFF ត្រូវ​បាន​បង្ខំចិត្ត​ឱ្យ​ពន្យារពេល​លី​គ​កម្រិត​ទាប​រយៈពេល ២ ស​ប្តា​ហ៍ ដើម្បី​ផ្តល់​ពេលវេលា​ដល់​ក្រុម​ទាំងអស់​រៀបចំ​សមាជិក​របស់​ពួក​គេ​ឡើង​វិញ​។

វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ ក៏​ជាប់​ពាក់ព័ន្ធ​នឹង​សហគមន៍​អាជ្ញាកណ្តាល​តួ​ក​គី​ផង​ដែរ​។ រឿងអាស្រូវ​នេះ បាន​ផ្ទុះ​ឡើង​កាលពី​ខែ​មុន បន្ទាប់​ពី TFF បាន​ព្យួរ​អាជ្ញាកណ្តាល និង​ជំនួស​ការ​អាជ្ញាកណ្តាល​ចំនួន ១៤៩ នាក់​។

ការ​ធ្វើ​សវន​កម្ម​ផ្ទៃក្នុង​ដោយ TFF បាន​រក​ឃើញ​ថា អាជ្ញាកណ្តាល​ចំនួន ៣៧១ នាក់​ក្នុង​ចំណោម​អាជ្ញាកណ្តាល​ចំនួន ៥៧១ នាក់ ដែល​កំពុង​បម្រើ​ការ​នៅ​ក្នុង​ប្រទេស​តួ​ក​គី មាន​គណនី​ភ្នាល់ ហើយ​ក្នុង​នោះ ១៥២ នាក់ កំពុង​ភ្នាល់​ជា​ប្រចាំ រួម​ទាំង​ការ​ប្រកួត​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​អាជ្ញាកណ្តាល​កាត់សេចក្តី​ផង​ដែរ ក្នុង​នោះ​រួម​ទាំង​អាជ្ញាកណ្តាល​លី​គ​កំពូល​ចំនួន ៧ នាក់ និង​ជំនួយការ​អាជ្ញាកណ្តាល​ចំនួន ១៥ នាក់​ផង​ដែរ​។ អាជ្ញាកណ្តាល​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ភ្នាល់​ជាង ១៨ ០០០ លើក ខណៈ​ដែល​រាប់​សិប​នាក់​ផ្សេង​ទៀត​បាន​ភ្នាល់​ជាង ១ ០០០ លើក​។

លោក Ibrahim Haciosmanoglu ប្រធាន TFF បាន​ហៅ​វិបត្តិ​នេះ​ថា គឺជា​វិបត្តិ​សីលធម៌​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​តួ​ក​គី ដោយ​លោក​សង្កត់ធ្ងន់​ថា បញ្ហា​នេះ​មិន​ត្រឹមតែ​ទាក់ទង​នឹង​រដ្ឋបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ទាក់ទង​នឹង​គុណភាព​វិជ្ជាជីវៈ​ផង​ដែរ​។

ករណី​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង នៅ​ពេល​ដែល​តុលាការ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​បាន​បញ្ជា​ឱ្យ​ចាប់ខ្លួន​ប្រធាន​ក្លិប Eyupspor លោក Murat Ozkaya និង​អ្នក​ផ្សេង​ទៀត​ចំនួន ៧ នាក់ ពី​បទ​កំណត់​លទ្ធផល​ការ​ប្រកួត និង​ពាក់ព័ន្ធ​នឹង​សកម្មភាព​ភ្នាល់​ខុសច្បាប់​។ អាជ្ញាធរ​បាន​អះអាង​ថា ការ​ស៊ើបអង្កេត​នឹង​បន្ត ជាមួយនឹង​លទ្ធភាព​នៃ​ការ​ចោទប្រកាន់​បន្ថែម​ទាក់ទង​នឹង​ការ​កំណត់​លទ្ធផល​ប្រកួត និង​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​កីឡា​តួ​ក​គី​៕ ដកស្រង់ ៖ BBC និង Znews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ