ប្រទេសវៀតណាម ៖ យោងតាមប្រភពពីសារព័ត៌មាន VnExpress កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានរាយការណ៍ថា គណៈប្រតិភូនៃសមាគមបាល់ទាត់ថៃ រួមទាំងអនុប្រធានសមាគម លោក Adisak Benjasiriwan ទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី២៩ តុលា ដើម្បីសុំទោសចំពោះការច្រឡំប្រើទង់ជាតិប្រទេសចិនជំនួសទង់ជាតិប្រទេសវៀតណាម នៅក្នុងការចាប់ឆ្នោតពានរង្វាន់បាល់ទាត់ក្នុងសាលយុវជនអាស៊ានអាយុក្រោម១៩ឆ្នាំ (ASEAN U19 Boys’ Futsal Championship) កាលពីកន្លងទៅថ្មីៗនេះ។
នៅក្នុងការចាប់ឆ្នោតរៀបចំដោយសមាគមកីឡាបាល់ទាត់ថៃ ហៅកាត់ថា FAT ស្ថិតនៅឯទីក្រុងបាងកក កាលពីថ្ងៃទី២៨ ខែតុលា កន្លងទៅ បានបង្កកំហុសដ៏ភ្ញាក់ផ្អើល ដោយដាក់បង្ហាញរូបទង់ជាតិប្រទេសចិនដោយច្រឡំជំនួសឱ្យរូបទង់ជាតិរបស់វៀតណាម ធ្វើឱ្យបណ្តាអ្នកទស្សនា និងអ្នកយកព័ត៌មានជាច្រើនភ្ញាក់ផ្អើលពេលកំពុងមើលតាមប្រព័ន្ធអ៊ីនធឺណិត មុនពេលវីដេអូនៃការចាប់ឆ្នោតនេះ ក្រោយមកត្រូវបានលុបចេញពីបណ្តាញទំនាក់ទំនងរបស់ FAT ។
សហព័ន្ធបាល់ទាត់វៀតណាម (VFF) បានផ្ញើលិខិតបន្ទាន់មួយទៅកាន់សហព័ន្ធបាល់ទាត់អាស៊ាន ហៅកាត់ថា AFF និង FAT នៅថ្ងៃដដែលនោះ ដោយតវ៉ាជំទាស់ និងស្នើសុំការបំភ្លឺអំពីហេតុការណ៍នេះ។ VFF សង្កត់ធ្ងន់ថា ហេតុការណ៍ធ្ងន់ធ្ងរនេះប៉ះពាល់ដល់មុខមាត់របស់ប្រទេសវៀតណាម និងប៉ះពាល់ជាអវិជ្ជមានដល់សាមគ្គីភាពអាស៊ាន។
FAT ក្រោយមកបានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីយប់ថ្ងៃដដែលនោះ ហើយបានគូសបញ្ជាក់ពីជំហានរបស់ខ្លួន ដើម្បីដោះស្រាយស្ថានការណ៍នេះ។ ស្របពេលដែលលោកស្រី Nualphan Lamsam ត្រូវបានស្គាល់ថា Madam Pang ប្រធាន FAT កាលក៏បានផ្ញើលិខិតសុំទោសផ្លូវការទៅកាន់ប្រធាន VFF លោក Tran Quoc Tuan ទាក់ទងនឹងការបង្ហាញទង់ជាតិវៀតណាមមិនត្រឹមត្រូវផងដែរ។
ដោយឡែក នៅក្នុងសេចក្តីប្រកាសព័ត៌មាន លោក Benjasiriwan អនុប្រធាន FAT ដែលទទួលបន្ទុកបាល់ទាត់ក្នុងសាល (ហ្វូតសាល) និងបាល់ទាត់ឆ្នេរខ្សាច់ បានសម្តែងការសុំទោសយ៉ាងស្មោះស្ម័គ្រដល់ VFF និងប្រជាជនវៀតណាម ចំពោះហេតុការណ៍ដែលបានកើតឡើង។
លើសពីនេះ លោកបានបញ្ជាក់ថា FAT បានបង្កើតគណៈកម្មាធិការស៊ើបអង្កេតពិសេសមួយ ដើម្បីបញ្ជាក់ពីការទទួលខុសត្រូវរបស់បុគ្គលដែលពាក់ព័ន្ធ។ ជាលទ្ធផលដំបូងបានកំណត់ថា កំហុសនេះបានមកពីអ្នករៀបចំកម្មវិធីចាប់ឆ្នោត មិនមែនមកពី AFF ឬ FAT នោះទេ។ នេះបើតាមការចេញផ្សាយកាសែតថៃ Matichon។
យោងតាមប្រភពពី VnExpress កាលពីថ្ងៃទី២៩ ខែតុលា បានឱ្យដឹងថា គណៈប្រតិភូថៃនឹងធ្វើការជាមួយថ្នាក់ដឹកនាំ VFF នៅទីក្រុងហាណូយ ហើយភាគីទាំងពីរនឹងមិនធ្វើសន្និសីទសារព័ត៌មានទេ។ Madam Pang ក៏បានគូសបញ្ជាក់ផងដែរថា ហេតុការណ៍នេះ គឺជាមេរៀនដ៏អំមួយ ហើយបានសន្យាថានឹងពង្រឹងដំណើរការត្រួតពិនិត្យរូបភាព និងខ្លឹមសារក្នុងព្រឹត្តិការណ៍អន្តរជាតិដែលរៀបចំដោយប្រទេសថៃ។
ការប្រកួតបាល់ទាត់ក្នុងសាលយុវជនអាស៊ានអាយុក្រោម១៩ឆ្នាំ ឆ្នាំ២០២៥ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តណនថាបុរី ប្រទេសថៃ។ វៀតណាមស្ថិតនៅក្នុងពូល A រួមជាមួយព្រុយណេ និងម្ចាស់ផ្ទះថៃ។ រីឯពូល B រួមមាន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងកម្ពុជា។ ក្រុមទាំងអស់នឹងប្រកួតប្រជែងក្នុងទម្រង់វិលជុំ ដោយក្រុមកំពូលទាំង ២ នៃពូលនីមួយៗ នឹងបន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕




 
                        
			         
				
ចែករំលែកព័តមាននេះ