រាជធានីភ្នំពេញ ៖ ឯកឧត្តមខូវ ឆាយប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានបញ្ចេញសារក្ដៅនៅលើគណនីហ្វេសប៊ុករបស់ខ្លួនឆ្លើយតប នឹងអ្នករិះគន់មួយចំនួនថាជាបុគ្គលអគតិដែលបានរិះគន់បែបជាន់ពន្លិចទៅលើកីឡាករ កីឡាការិនីប្រដាល់គុនខ្មែរ ។ ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់ឯកឧត្តមខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
ថ្ងៃនេះ ខ្ញុំឃើញការផុសរិះគន់ជាន់ពន្លិចរបស់បុគ្គលអគតិមួយចំនួនមកលើកីឡាករកីឡាការិនីគុនខ្មែរ ។ ខ្ញុំសូមផ្តែផ្តាំដល់ប្អូនៗកីឡាករ កីឡាការិនី និងគ្រូៗតាមបណ្តាក្លិបទាំងអស់ សូមកុំយកចិត្តទុកដាក់សម្តីអគតិរបស់បុគ្គលមួយចំនួន ដែលមិនបានទទួលប្រយោជន៍ពីគុនខ្មែរ ហើយឃើញគុនខ្មែររីកចម្រើន កីឡាករ កីឡាការិនី និងក្លិបរីកចម្រើន គាត់ច្រណែន ហើយក៏ព្យាយាមឈ្នានីស រិះគន់ជាន់ពន្លិច ដើម្បីតែLikeនិងShare និងផ្សព្វផ្សាយអាជីវកម្មខ្លួនឯង ហ៊ានយកការឈឺចាប់អ្នកដទៃ និងវិស័យគុនខ្មែរទាំងមូលជាឈ្នាន់ ។ ដរាបណាមានខ្ញុំ ដែលជាប្រធានសហព័ន្ធ ជាអ្នកទទួលខុសត្រូវលើវិស័យគុនខ្មែរនៅទីនេះ ជនទាំងនោះគ្មានថ្ងៃសមបំណងឡើយ។
សូមប្អូនៗកីឡាករ កីឡាការិនី គ្រូបង្វឹក ប្រធានក្លិប និងអ្នកពាក់ព័ន្ធក្នុងវិស័យគុនខ្មែរទាំងអស់ រីករាយបន្តការងាររបស់ខ្លួន ប្រឹងប្រែងបន្តការអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនី ពង្រឹងការហ្វឹកហាត់ ពង្រឹងស្តង់ដារក្លិប ដើម្បីបន្តចាប់យកឱកាសចូលរួមការប្រកួតកាន់តែច្រើន កាន់តែធំៗ ទាំងក្នុងស្រុកនិងក្រៅប្រទេស។
ត្រូវចាំថា អ្នកចាំតែរិះគន់គេមិនដែលរីកចម្រើន អ្នករីកចម្រើនមិនដែលរិះគន់គេ ព្រោះអ្នកចាំតែរិះគន់គេមិនមានពេលធ្វើ អ្នកធ្វើរវល់មិនមានពេលរិះគន់គេ។
ក៏សូមជម្រាបជូនប្អូនៗកីឡាករ កីឡាការិនីទាំងអស់ថា សូមប្រឹងប្រែងហ្វឹកហាត់ឱ្យបានខ្លាំងក្លា ត្រៀមខ្លួនសម្រាប់រដូវប្រាំងមកដល់ ចាប់ពីខែ១១នេះតទៅ កម្មវិធីប្រកួតទាំងឈុតធំ និងកម្រិតថ្នាលនឹងកើនឡើងរហូតដល់ជិត៣០កម្មវិធីក្នុង១សប្តាហ៍ ទាំងក្នុងស្ថានីយនិងតាមបណ្តាខេត្តនានាទូទាំងប្រទេស។
*កម្មវិធីប្រកួតក្រៅប្រទេសរួមមាន:
ខែ១១ ឆ្នាំ២០២៥: ១ក្រុមចេញទៅប្រទេសជប៉ុន ២ក្រុមចេញទៅប្រទេសបារាំង ១ក្រុមទៅអង់គ្លេស
ខែ១២ ឆ្នាំ២០២៥: ១ក្រុមទៅចិន ១ក្រុមទៅអូស្ត្រាលី
ខែ១ ឆ្នាំ២០២៦: ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ជប៉ុន
ខែ២ ឆ្នាំ២០២៦: បារាំង អាមេរិក អុីតាលី
ខែ៣ ឆ្នាំ២០២៦: ចិន ហុងកុង ហ្វីលីពីន
ខែ៤ ឆ្នាំ២០២៦: ចិន១កម្មវិធី និងអាមេរិក៣កម្មវិធី
ខែ៥ ឆ្នាំ២០២៦: អាល្លឺម៉ង់ អាហ្វ្រិកខាងត្បូង
ចាប់ពីខែ៦តទៅទៅមិនទាន់រៀបចំផែនការ។
នេះជាឱកាស អ្នកណាប្រឹងអ្នកនឹងបាន អ្នកណាមានសមត្ថភាពនឹងទទួលបានឱកាសជិះយន្ត
ហោះ។
-បើគុនខ្មែរមិនរីកចម្រើន អ្នកគាំទ្រមិនកើន
ឡើង ហេតុអ្វីកម្មវិធីចេះតែកើនឡើង ក្រុមហ៊ុនចំណាយប្រាក់កាន់តែច្រើនបង្កើតកម្មវិធីគុនខ្មែរកាន់តែច្រើនបន្ថែុមទៀត
-បើគុនខ្មែរមិនរីកចម្រើន ហេតុអីប្រទេសនានាចង់សហការជាមួយគុនខ្មែររៀបចំព្រឹត្តិ
ការណ៍នៅប្រទេសពួកគេ ហេតុអ្វីអ្នកឧបត្ថម្ភហ៊ានចំណាយប្រាក់៤ទៅ១០ម៉ឺនដុល្លារក្នុងការ
ចេញទៅប្រកួតក្រៅប្រទេសម្តងៗ ហើយជំរុញចេញទៅកាន់ញឹកញាប់ថែមទៀត?
*តោះយើងនាំគ្នាប្រឹងចូកប្រឹងចែវបន្តទៀត ទូកយើងកំពុងតែបោះពួយយ៉ាងលឿន បណ្តោយតាមទឹក ហើយស្របទិសខ្យល់ទៀត គ្មានអ្នកណាមកបង្អាក់ដំណើរយើងបានឡើយ ល្បឿននៃការវិវត្តរបស់យើងកំពុងធ្វើឱ្យផ្ទះជាប់យើងដេកភ័យហើយ ៕
 
                        
			         
				
ចែករំលែកព័តមាននេះ