ប្រទេសបារាំង ៖ ក្នុងដំណើរបេសកកម្មទៅប្រកួតផ្សព្វផ្សាយក្បាច់គុនបូរាណខ្មែរនៅប្រទេសបារាំងរបស់អ្នកប្រដាល់ជើងខ្មាំងកម្ពុជាចំនួន៣រូបកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់អ្នកតាមដានការប្រកួតទាំងក្នុងនិងក្រៅប្រទេស ព្រោះថាពួកគេសុទ្ធតែបានយកឈ្នះលើគូប្រកួតរៀងៗខ្លួន ខណៈកីឡាករឡុង បេលឿន ធ្វើឱ្យគូប្រកួតបោះកន្សែងសំុចុះចាញ់នៅមុនទឹកទី៣។
សម្រាប់បេសកកម្មទៅប្រកួតផ្សព្វផ្សាយក្បាច់គុនបូរាណខ្មែរនៅប្រទេសបារាំងលើកនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបញ្ជូនកីឡាករចំនួន៣រូបចូលរួមមានដូចជាកីឡាករ ឡុង បេលឿន ប៉ះជាមួយកីឡាករSPEA Bapaក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ មុនពេលប្រកួតអ្នកតាមដានការប្រកួតគុនខ្មែរមួយចំនួនបាននាំគ្នារិះគន់កីឡាករឡុង បេនលឿន យ៉ាងចាស់ដៃរហូតដល់ថ្នាក់នាំគ្នាថា ទៅប្រកួតធ្វើអីនាំតែខាតសំបុត្រយន្តហោះដោយសារតែពួកគេដឹងថា កីឡាករបារាំងដែលឡុង បេលឿន ត្រូវជួបមានសមត្ថភាពខ្លាំងមិនធម្មតា ។ ទោះបីយ៉ាងណាឡុង បេលឿន បានធ្វើឱ្យកីឡាករបារាំងSPEA Bapaបោះបង់ចោលការប្រកួតនៅមុនទឹកទី៣យ៉ាងងាយ។
តាមពិតកីឡាករបរទេសម្នាក់នេះព្យាយាមវាយសម្រុកយ៉ាងខ្លាំងនៅត្រឹមទឹកទី១និងទី២។
ចំណែកឡុង បេលឿង រកឱកាសវាយតបតទៅវិញបណ្ដើរ ដកថយបណ្ដើរទប់ទល់ពីការវាយលុកទាំងកម្រោលរបស់គូប្រកួត។ គ្រាន់តែចូលដល់ទឹកទី៣ភ្លាម ឡុង បេលឿន សម្រុកវាយសន្ធាប់ជាមួយស្នៀតកែងនិងជង្គង់ ធ្វើឱ្យកីឡាករបរទេសម្នាក់នេះទប់លែងជាប់ក៏បោះកន្សែងសំុចុះចាញ់តែម្ដង ។ ជ័យជម្នះរបស់ឡុង បេលឿនលើកនេះ ធ្វើឱ្យអ្នករិះគន់ភ្លឺភ្នែកលែងហ៊ានក្អកទៀត។
ចំណែកកីឡាករធន់ ស៊ីហាវ ប៉ះជាមួយកីឡាករNEO GOMISក្នុងប្រភេទទម្ងន់៦២គីឡូក្រាម ។ កីឡាករបារាំងរូបនេះគ្រាន់តែឃើញរូបរាងក៏ដឹងថាខ្លាំងដែរ ដូច្នេះកីឡាករធន់ ស៊ីហាវ មិនអាចធ្វេសប្រហែសបាននោះទេ។
ទោះបីយ៉ាងណាគេបានត្រឹមតែវាយទប់អូសបន្លាយរហូតដល់ចប់ទឹកដើម្បីយកឈ្នះត្រឹមតែ
ពិន្ទុប៉ុណ្ណោះ។ រីឯកីឡាករធីម សៀងហៃ ក៏បានយកឈ្នះពិន្ទុកីឡាករUNIS SOLYក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមដូចគ្នា ៕


ចែករំលែកព័តមាននេះ