រាជធានីភ្នំពេញ ៖ ផ្លូវការ! ក្រោយមានមន្ទិលពីការទៅ ឬមិនទៅចូលរួមប្រកួតកីឡាសុីហ្គេមរបស់ក្រុមអត្តពលិកកម្ពុជា ក្នុងពេលជម្លោះព្រំដែនកម្ពុជា-ថៃមិនទាន់ដោះស្រាយបាននៅឡើយ មកដល់ពេលនេះក្ដីមន្ទិលនោះត្រូវបានបញ្ចប់ហើយ ។ នោះគឺក្រុមអត្តពលិកចំនួន២១ប្រភេទកីឡារបស់កម្ពុជានឹងទៅចូលរួមប្រកួតកីឡាសុីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ៣ ដល់ថ្ងៃទី២០ ខែធ្នូ ខណៈពិធីបើកជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី ៩ ខែធ្នូ ។ ក្នុងការទៅចូលរួមព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់ស៊ីអាគ្នេយ៍នេះកម្ពុជានឹងបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី សរុបចំនួន ៣៣៣នាក់។

សម្រាប់ប្រភេទកីឡាទាំង២១ ដែលកម្ពុជា នឹងបញ្ជូនទៅនោះមាន អត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូ WT ទ្រីយ៉ាត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ចស៊ីឡាត់ ឃីកបុកស៊ីង ប៉េតង់ សីដក់ ម៉ូតូទឹក ការ៉ាតេ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ និងកីឡាអេឡិចត្រូនិក។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានក្នុងស្រុកមួយថា ការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៥ នឹងទទួលបានការគាំពារយ៉ាងពិសេសពីភាគីម្ចាស់ផ្ទះ(ថៃ)។
ប្រតិភូ កីឡាករ កីឡាការិនី នឹងស្នាក់នៅសណ្ឋាគារតែមួយជុំគ្នានៅក្រុងបាងកក ។ ឯកឧត្ដម វ៉ាត់
ចំរើន ក៏បានរំឭកពីគោលការណ៍ចលនាអូឡាំពិកដែលមិនមានការប្រកាន់រើសអើងឡើយ។ ការប្រកួតកីឡាក៏មិនមែនជាវេទិការនយោបាយទេ តែជាការប្រកួតប្រជែងដោយបច្ចេកទេស ដែលបង្កើតឱ្យបាននូវសន្តិភាព សុខដុមនីយកម្ម។
គួរដឹងដែរថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ បានបញ្ចប់នៅចំណាត់ថ្នាក់លេខ ៤ ដោយទទួលបានមេដាយមាស ៨១ គ្រឿង ប្រាក់៧៤គ្រឿង និងសំរឹទ្ធ ១២៧ គ្រឿង សរុប ២៨២ គ្រឿង ៕
ចែករំលែកព័តមាននេះ