រាជធានីភ្នំពេញ ៖ យោងតាមសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា (JJFC)បានឱ្យដឹងថា កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍លើកទី៥ ដែលគ្រោងធ្វើឡើងនៅខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងខេត្តសៀមរាប ។
លោក Jasper Martijn Paas អនុប្រធានទី១សហព័ន្ធបានមានប្រសាសន៍ថា ការទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះនេះ គឺធ្វើឡើងក្នុងអំឡុងចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងឯកឧត្តមថោងបញ្ញាធន ប្រធានសហព័ន្ធ និងសហភាពជឺជីតស៊ូទ្វីបអាស៊ី (JJAU) ដែលតំណាងដោយឯកឧត្តម Mr. Fahad Al Shamsi អគ្គលេខាធិការនៃសហភាពជឺជីតស៊ូទ្វីបអាស៊ី ។
អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានបញ្ចប់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្នុងអំឡុងពេលការប្រកួតកីឡាយុវជនអាស៊ីលើកទី៣ នៅប្រទេសបារ៉ែន។
លោក Jasper Martijn Paas បន្តថា អំឡុងពេលដែលMOUនោះ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា (JJFC) ក៏បានបង្ហាញសៀវភៅស្តីអំពីតំបន់ទេសចរណ៍នៃខេត្តសៀមរាប ដែលសហព័ន្ធគ្រោងនឹងរៀបចំការប្រកួតនេះ ដើម្បីរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ដល់អ្នកចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតទាំងអស់ផងដែរ។
ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះនៅខេត្តសៀមរាបគឺជាឱកាសមួយដើម្បីពង្រឹងកីឡាជឺជីតស៊ូនៅក្នុងស្រុក និងដើម្បីផ្សព្វផ្សាយដល់អ្នកចូលរួមទាំងអស់អំពីភាពផូរផងនៃវប្បធម៌ និងតំបន់ទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា។
មិនត្រឹមតែប៉ុណ្ណោះ សហព័ន្ធក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធដើម្បីរៀបចំការងារនេះឱ្យបានរលូន ហើយនឹងកំពុងស្វែងរកដៃគូសហការ និងអ្នកឧបត្ថម្ភដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាព្រឹត្តិការណ៍ដែលមិនអាចបំភ្លេចបានសម្រាប់ភាគីពាក់ព័ន្ធទាំងអស់។
ជាមួយគ្នានេះដែរ ឯកឧត្តម ថោង បញ្ញាធន បានមានប្រសាសន៍ថា យើងមានមោទនភាពយ៉ាងខ្លាំងដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ដំបូងគេទទួលបានការអនុញ្ញាតពីសហភាពជឺជីតស៊ូទ្វីបអាស៊ី (JJAU) អនុញ្ញាតឱ្យយើងរៀបចំព្រឹត្តិការណ៍ប្រកួតអន្តរជាតិកម្រិតតំបន់នៅក្នុងប្រទេសកម្ពុជា ។ យើងទទួលបានសមិទ្ធផលយ៉ាងធំធេងពីការប្រកួតកន្លងមក រួមទាំងការប្រកួតកីឡាជឺជីតស៊ូ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ។ ឥឡូវនេះយើងបានត្រៀមខ្លួនរួចរាល់ ដើម្បីបោះជំហានបន្ទាប់ក្នុងការអភិវឌ្ឍស៊ីជម្រៅសម្រាប់កីឡាជឺជីតស៊ូនៅកម្ពុជា ៕


ចែករំលែកព័តមាននេះ