រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានសម្រេចមិនបញ្ជូនអត្តពលិករបស់ខ្លួនឱ្យទៅចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣នៅប្រទេសថៃ តាមការចង់បានរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ ។
ការមិនបញ្ជូនទៅនេះ ដោយសារប្រដាល់គុនខ្មែរធ្លាប់ប៉ះទង្គិចជាមួយភាគីថៃ ជាពិសេស
ជាមួយប្រដាល់មួយថៃ ដែលអាចមានហានិភ័យខ្ពស់ក្នុងការកើតមានការប្រទូសសារ៉ាយកើត
ឡើង។
ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានលើកឡើងថា ដើម្បីរក្សាសុវត្ថិភាព គឺគ្មានទំនុកចិត្តតែម្ដង សូម្បីតែវីរៈកងទ័ពយើង១៨នាក់នៅតែគេចាប់យកធ្វើជាចំណាប់ខ្មាំង ក្រោយពីមានបទឈប់បាញ់។
ម្យ៉ាងវិញទៀត សូម្បីតែនិយាយការទូតជាលក្ខណៈសាធារណៈរហូតនៅឆាកអន្តរជាតិក៏គេក្រឡិចក្រឡុចបាន ត្រឹមយើងជាអត្តពលិករឿងអីកុហកមិនបាន ។ ជារឿងមួយដែលពិបាកជឿបំផុតចំពោះសាសន៍មួយនេះ ដូច្នេះឯកឧត្តមគិតរួចហើយថា ប្រដាល់គុនខ្មែរមិនអាចចូលរួមប្រកួតបាននោះទេ។
ឯកឧត្តមប្រធានសហព័ន្ធបានលើកឡើងថា រហូតមកទល់ពេលនេះយើងបានទទួលដំណឹងពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺប្រភេទកីឡាប្រដាល់គុនខ្មែរមិនត្រូវបានបញ្ជូនឱ្យទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣នៅប្រទេសថៃនោះទេ ។ ប៉ុន្តែនៅក្នុងផេកផ្លូវការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ចេញព័ត៌មានថា កម្ពុជានឹងបញ្ជូនក្រុមអត្តពលិកចំនួន២១ប្រភេទកីឡាឱ្យទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣នៅប្រទេសថៃ។
រហូតមកទល់នឹងពេលនេះ ទោះបីជាមានការអះអាងពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡារបស់ថៃប្រកាសថា នឹងធានាសុវត្ថិភាពពេញលេញជូនដល់អត្តពលិកកម្ពុជា រួមទាំងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ានក៏ថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្ដេជ្ញាចិត្តរួចហើយថា នឹងមិនចូលរួមប្រកួតដាច់ខាត។ ព្រោះអីកន្លងមកកីឡាប្រដាល់គុនខ្មែរធ្លាប់មានការប៉ះទង្គិចច្រើនជាមួយភាគីថៃជាពិសេសជាមួយប្រដាល់មួយថៃ ដែលអាចនឹងមានហានិភ័យខ្ពស់ក្នុងការកើតមានការប្រទូសសារ៉ាយ។ មិនតែប៉ុណ្ណោះ កាលពីស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រភេទកីឡាប្រដាល់ថៃ(មួយថៃ)ក៏គេមិនបានបញ្ជូនឱ្យមកចូលរួមដែរ ។ ដូច្នេះ លោកគិតថា ក្នុងស្ថានភាពបែបនេះយើងមិនគួរចូលរួមនោះទេ វាមិនមានអំណោយផលសម្រាប់យើងទាល់តែសោះ ។ សរុបសេចក្ដីទៅ នេះជាការឆ្លើយតបកាលយើងរៀបគុនខ្មែរគេអត់ចូលរួម ដល់គេរៀបមួយថៃ យើងក៏មិនចូលរួមដូចគ្នា។
ឯកឧត្តម ខូវ ឆាយ បានសង្កត់ធ្ងន់ថា ការធានាសុវត្ថិភាពពីភាគីថៃយើងមិនអាចយកជាការបានឡើយ ។ យើងក៏មិនដឹងថា មានរឿងអីកើតឡើងដែរនៅក្នុងប្រទេសថៃនៅពេលអត្តពលិករបស់យើងទៅចូលរួម ។ វាជារឿងដែលពិបាកជឿជាក់បំផុតចំពោះជាតិសាសន៍មួយហ្នឹងដែលធ្វើឱ្យយើងខ្លាចអត់មានសុវត្ថិភាព ។ យើងឃើញស្ថានការណ៍នៃការឈ្លានពានមកលើកម្ពុជាយើងមិនគួរចូលរួមជាមួយពួកគាត់(ថៃ)ទេ។ ចំពោះទំនាក់ទំនងការទូតរវាងកីឡាករថៃនិងកម្ពុជាឱ្យមានការប្រកួតឡើងវិញ គឺមិនអាចនោះទេ ទោះជាមានក៏ត្រូវប្រើពេលវេលាយូរទៅមុខទៀតដែរ ៕

ចែករំលែកព័តមាននេះ