ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុ​នឹង​ក្លាយជា​គោលដៅ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ដ៏​ធំ​កម្រិត​ពិភពលោក​នា​ពេល​អនាគត

1 អាទិត្យ មុន
  • ភ្នំពេញ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា​ឆ្នាំ​២០២៥ ឯកឧត្តម វ៉ា​ត់ ចំរើន​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា​ឆ្នាំ​២០២៥ ឯកឧត្តម វ៉ា​ត់ ចំរើន​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គ​លេខាធិ​ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បានមាន​ប្រសាសន៍​ថា ចង់​ឃើញ​ខេត្ត​ព្រះ​សីហ​នុក្លាយជា​គោលដៅ​រៀបចំ​ការ​ប្រកួត​កីឡាប្រដាល់កម្រិត​ពិភពលោក​ដូច​នៅ​រដ្ឋ​ឡាស​វេ​ហ្គា​ស សហរដ្ឋ​អា​មេ​រិ​ក នា​ថ្ងៃ​អនាគត​។

ឯកឧត្តម​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ដើម្បី​ប្រែក្លាយខេត្ត​ជាប់មាត់​សមុទ្រ​ដ៏​មាន​សក្ដានុពល​មួយ​នេះ​ក្លាយជា​ខេត្ត​អត្តសញ្ញាណ និង​ជា​កន្លែង​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ដ៏​ធំ​កម្រិត​ពិភពលោក ផ្សព្វ
ផ្សាយ​នៅ​លើ​ឆាក​អន្តរជាតិ​ដូច​នៅ​រដ្ឋ​ឡាស​វេហ្គា​ស យើង​ត្រូវ​រួម​គ្នា​រៀបចំ​ឱ្យ​មានការ​ប្រកួត
យ៉ាង​ហោច​ឱ្យ​បាន​មួយ​ឆ្នាំ​ម្ដង​ចាប់ពី​ឆ្នាំ​២០២៥នេះ​ទៅ​។

ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​ថា ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​មិន​ត្រឹម​បញ្ជាក់​នូវ​អត្តសញ្ញាណ​ដួង​ព្រលឹង​ជាតិ ល្បី​សុសសាយ​ទៅ​កាន់ពិភពលោក​នោះ​ទេ ពោល​វា​បាន​ជួយ​ឱ្យ​តម្លៃ​ខ្លួនកីឡាករ​កម្ពុជា​កាន់តែ​ខ្ពស់ ហើយ​ពិភពលោក​នឹង​ចាប់អារម្មណ៍​យក​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​សម្រាប់​ទស្សនាការ​ប្រកួត​កីឡាប្រដាល់ និង​មាន​កីឡាករ​អាជីព​ល្បី​ៗ​ជា​ច្រើន​នាំ​គ្នា​មក​ប្រកួតដណ្ដើម​ខ្សែក្រវាត់​កម្រិត​ពិភពលោក​នៅ​ខេត្ត​ព្រះ​សីហ​នុ​របស់​យើង​។ ដូច្នេះ​ទាល់តែ​គ្រប់​ភាគី​ពាក់ព័ន្ធ​រួម​គ្នា​រៀបចំ​ផែនការ​ឱ្យ​សម្រេច​បាន​ចក្ខុវិស័យ​មួយ​នេះ​។

ឯកឧត្តម​វ៉ា​ត់ ចំរើន បាន​សង្កត់ធ្ងន់​ថា ការ​រៀបចំ​ឱ្យ​មានការ​ប្រកួត​ជើងឯក​ពិភពលោក​នា​ពេល​នេះ មិនមែន​យើង​មាន​ម​ហិ​ច្ឆិ​តា​ចង់​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ណា​ទាំងអស់ គឺ​ដើម្បី​ឱ្យ​កម្ពុជា​រឹង​មាំ​ដោយ​ខ្លួនឯង ជួយ​ឱ្យ​ខ្លួនឯង​មាន​តម្លៃ និង​មាន​បំណង​ឱ្យ​បណ្ដា​ប្រទេស​នៅ​លើ​ឆាក​អន្តរជាតិ​ចូលរួម​កាន់តែ​ច្រើន នោះ​នឹង​ជួយ​ឱ្យ​កម្ពុជា​សម្រេច​ក្ដី​សុបិន​ដាក់​បញ្ចូល​គុន​ខ្មែរ​នៅ​ក្នុង​អូ​ឡាំ​ពិ​ក​។

ឯកឧត្តម សា​មុត សុធា​រិ​ទ្ធ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ បាន​លើក​ឡើង​ពី​គុណ​តម្លៃ​មហាសាល និង​ដ៏​មាន​សក្ដានុពល​របស់​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​ថា នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ទទួល​និង​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាប់ចិត្ត​ដិតអារម្មណ៍​គ្រប់​ៗ​គ្នា ។ ម្យ៉ាងទៀត​រួម​ផ្សំ​ជាមួយនឹង​ការ​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​កីឡាប្រដាល់​កម្រិត​ពិភពលោក​ដ៏​ធំ​បន្ថែមទៀត​ខេត្ត​ព្រះ​សីហ​នុ​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ឯក​ទៅ​ថ្ងៃ​អនាគត ។ លោក​ក៏​ចង់ឱ្យ​ខាង​គណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក៏​ដូច​ជា​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​សប្បាយ​ៗ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​។

ឯកឧត្តម​ខូ​វ ឆាយ អគ្គលេខាធិការ​ស្ដីទី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​បាន​លើកឡើង​ថា ការ​រៀបចំ​ឱ្យ​មានការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជា​លក្ខណៈ​អន្តរជាតិ​ដ៏​ធំ​នៅ​ខេត្ត​ព្រះ​សីហ​នុ​លើក​ទី​៦​នា​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ គឺជា​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ដ៏​អស្ចារ្យ​សម្រាប់កម្ពុជា ដែល​បាន​បង្ហាញ​ពី​ការ​ពួតដៃគ្នា​ជា​ធ្លុងមួយ​រវាង​សហព័ន្ធ​គុន​ខ្មែរ​ទាំង​ពីរ​ជំរុញ​ការ​ផ្សព្វផ្សាយ​គុន​ខ្មែរ​ប្រកបដោយ​ថាមពល​ឆ្ពោះទៅ​រក​ឧត្តមភាព​លើ​ឆាក​អន្តរជាតិ​កាន់តែ​ឆាប់រហ័ស​។​អគ្គលេខាធិការ​ស្ដីទី​រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា​ការ​គាំទ្រ​របស់​រាជរដ្ឋាភិបាល រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ និង​វិស័យ​ឯកជន បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ និង​លើកតម្កើង​អត្តសញ្ញាណ​ជាតិ​លើ​ឆាក​អន្តរជាតិ​។

គួរ​រំលឹក​ផង​ដែរ​ថា ព្រឹត្តិការណ៍​ប្រកួត​កីឡាប្រដាល់​ជើងឯក​ពិភពលោក​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៧-២១ ខែធ្នូ ឆ្នាំ​២០២៥ មាន​៣៧​ប្រទេស​ចូលរួម​បើ​គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ។ ក្នុង​នោះ​មាន​២៣​ប្រទេស​ចុះ​ឈ្មោះ​រួច និង​១៤​ប្រទេស​ទៀត​នឹង​បញ្ជូន​ឈ្មោះ​មក​នា​ពេល​ដ៏​ឆាប់​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ