ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​គ្រោង​អភិវឌ្ឍ​តំបន់​ទីក្រុង​កីឡា​អូ​ឡាំ​ពិ​ក​លំដាប់​ពិភពលោក​ដ៏​ធំ​មហាសាល

1 អាទិត្យ មុន

ប្រទេស​វៀតណាម ៖ តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម (VNA) កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហាណូយ​បាន​អនុម័ត​ផែនការ​ជំហាន​ដំបូង ដើម្បី​សាងសង់​អគារ​ស្តង់ដារ​នៃ​តំបន់​ទីក្រុង​កីឡា​អូ​ឡាំ​ពិ​ក​លំដាប់​ពិភពលោក…

ប្រទេស​វៀតណាម ៖ តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម (VNA) កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហាណូយ​បាន​អនុម័ត​ផែនការ​ជំហាន​ដំបូង ដើម្បី​សាងសង់​អគារ​ស្តង់ដារ​នៃ​តំបន់​ទីក្រុង​កីឡា​អូ​ឡាំ​ពិ​ក​លំដាប់​ពិភពលោក ស្ថិត​នៅ​ក្នុង​រដ្ឋធានី​បេះដូង​របស់​ប្រទេស​វៀតណាម​មួយ​នេះ ដោយ​មាន​សមត្ថភាព​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​លំដាប់​អន្តរជាតិ​សំខាន់​ៗ​។

គម្រោង​អនាគត​មួយ​នេះ ត្រូវ​បាន​មើលឃើញ​ថា​នឹង​មាន​ទំហំ​ធំ​ជាង​ទីក្រុង​កីឡា​អន្តរជាតិ​ជា​ច្រើន​លើ​ពិភពលោក ដែល​អាច​ប្រៀបធៀប​បាន​។ ទំហំ​ស្រាវជ្រាវ​សរុប​សម្រាប់​តំបន់​ទីក្រុង​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​ហាណូយ មាន​ទំហំ​ប្រហែល ១៦ ០៨០​ហិ​កតា ដោយ​គ្រាន់តែ​ផ្នែក A គ្របដណ្តប់​លើ​ផ្ទៃដី​ប្រហែល ៣ ២៨០​ហិ​កតា​។ ជាមួយ​គ្នា​នោះ​ផង​ដែរ រយៈពេល​ធ្វើ​ផែនការ​ពង្រីក​ដល់​ឆ្នាំ ២០៤៥ ជាមួយនឹង​ចក្ខុវិស័យ​សម្រាប់​ឆ្នាំ ២០៦៥​។

បើ​ប្រៀបធៀប​ទៅ​នឹង​តំបន់​ទីក្រុង​កីឡា​ផ្សេង​ទៀត​នៅ​ទូ​ទាំង​ពិភពលោក គម្រោង​របស់​ទីក្រុង​ហាណូយ​មាន​ទំហំ​ធំ​គួរ​ឱ្យ​កត់សម្គាល់ ពោល​គឺ​ជិត ១ ភាគ ២០ នៃ​ផ្ទៃដី​សរុប​របស់​ទីក្រុង​ហាណូយ​ចំនួន ៣៣៥ ៩០០​ហិ​កតា​។ ឧទ្យាន​អូ​ឡាំ​ពិ​ក​ទីក្រុង​ស៊ី​ដ​នី នៅ​ប្រទេស​អូស្ត្រាលី មាន​ទំហំ​ត្រឹម ៦៤០​ហិ​កតា ចំណែក​ទីក្រុង​កីឡា​នៃ​ទីក្រុង​ឌូ​បៃ នៅ​ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម មាន​ទំហំ​ត្រឹម ៤៦៤​ហិ​កតា ខណៈ​ដែល​តំបន់​កីឡា Aspire Zone របស់​ទីក្រុង​ដូ​ហា នៅ​ប្រទេស​កា​តា មាន​ទំហំ​ត្រឹម ២៥០​ហិ​កតា​ប៉ុណ្ណោះ​។

ក្រៅពី​មាន​បណ្តា​កីឡដ្ឋាន​ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​សំខាន់​ៗ​លំដាប់​ពិភពលោក​ហើយ​នោះ ផែនការ​ក៏​រួម​មាន តំបន់​ហែល​ទឹក​លំដាប់​ពិភពលោក និង​កន្លែង​សម្រាប់​អភិវឌ្ឍ​ភូមិ​ដើម្បី​ផ្ទុក​អត្ត​ព​លិ​ក​អន្តរជាតិ​ផង​ដែរ​។

ផែនការ​ដែល​ត្រូវ​បាន​អនុម័ត​នេះ មាន​គោលបំណង​អនុវត្ត​តាម​គ្រោង​ទិស​ដៅ​ក្នុង​សេចក្តីសម្រេច​របស់​រដ្ឋសភា​វៀតណាម ទាក់ទង​នឹង​ផែនការមេ​របស់​ជាតិ​សម្រាប់​ឆ្នាំ ២០២១-២០៣០ ជាមួយនឹង​ចក្ខុវិស័យ​ពង្រីក​ដល់​ឆ្នាំ ២០៥០​។ គោលដៅ​របស់​គម្រោង​មួយ​នេះ ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ទីក្រុង​មួយ​ដែល​ផ្តោត​លើ​វិស័យ​កីឡា ទេសចរណ៍ និង​សេវាកម្ម​អេកូឡូស៊ី នៅ​ភាគ​ខាងត្បូង​ទីក្រុង​ហាណូយ ហើយ​វា​ក៏​ស្វែងរក​ការ​បង្កើត​មជ្ឈមណ្ឌល​កីឡា​ដ៏​ធំ​ទូលំទូលាយ និង​ភូមិ​អូ​ឡាំ​ពិ​ក ដែល​បំពេញ​តាម​ស្តង់ដារ​តំបន់ និង​អន្តរជាតិ ដោយ​ដាក់​ទីក្រុង​ហាណូយ​ឱ្យធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​សំខាន់​ៗ ដូច​ជា​កីឡា​អាស៊ី និង​កីឡា​អូ​ឡាំ​ពិ​ក​។

លើស​ពី​នេះ ការ​រៀបចំ​ផែនការ​នេះ នឹង​ជួយ​សម្រួល​ដល់​ការ​ពង្រីក​លំហ​នៅ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​ហាណូយ ដោយ​ធានា​បាន​នូវ​កា​រត​ភ្ជាប់​ដ៏​រលូន​រវាង​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម និង​បច្ចេកទេស​ទាំង​នៅ​តំបន់​ទីក្រុង និង​ជនបទ​។ គំនិត​ផ្តួចផ្តើម​នេះ មាន​គោលបំណង​អភិវឌ្ឍ​ទីក្រុង​ទំនើប ឆ្លាត​វៃ និង​តូច​ចង្អៀត ដែល​ដើរតួ​ជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន ដោយ​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម សម្រាប់​ច្រក​ទ្វារ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​ហាណូយ ដែល​មាន​ប្រជាជន​រស់នៅ​ជាង ៨,៨​លាន​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ