ទីបំផុត! Cristiano Ronaldo សម្រេចបំណងទៅដល់សេតវិមានជួបលោក ត្រាំ ហើយ
សហរដ្ឋអាមេរិក ៖ តាមប្រភពពីទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា កីឡាករបាល់ទាត់លំដាប់ពិភពលោក គ្រីស្ទៀណូ…
សហរដ្ឋអាមេរិក ៖ តាមប្រភពពីទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា កីឡាករបាល់ទាត់លំដាប់ពិភពលោក គ្រីស្ទៀណូ…
សហរដ្ឋអាមេរិក ៖ តាមប្រភពពីទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា កីឡាករបាល់ទាត់លំដាប់ពិភពលោក គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានចូលរួមក្នុងពិធីលៀងសាយភោជន៍ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងព្រះអង្គម្ចាស់ មូហាម៉ាត់ ប៊ីន សាលម៉ាន (Mohammed bin Salman) រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត នៅឯសេតវិមាន ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ (កាលបរិច្ឆេទក្នុងស្រុក)។
ជំនួបពិសេសនេះ បានកើតឡើងអំឡុងពេលដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ មូហាម៉ាត់ ប៊ីន សាលម៉ាន ទៅកាន់សហរដ្ឋអាមេរិក។ ស្របពេលដែលនេះជាការសម្រេចបំណងរបស់ Ronaldo ដែលកាលពីដើមខែវិច្ឆិកាកន្លងទៅ រូបគេបានប្រកាសចង់ជួបផ្ទាល់ជាមួយលោក ត្រាំ ដើម្បីជជែកគ្នាពីសន្តិភាពពិភពលោក។
នៅក្នុងពិធីដ៏ឱឡារិកនោះ លោក ត្រាំ បានបើកសុន្ទរកថាថ្លែងអំណរគុណដល់ភ្ញៀវកត្តិយសចូលរួមទាំងអស់ រួមទាំង Ronaldo ផងដែរ។ មិនតែប៉ុណ្ណោះ លោកថែមទាំងណែនាំកូនប្រុសពៅលោក Barron Trump ឱ្យស្គាល់កីឡាករបាល់ទាត់រូបនេះ ដោយបន្ថែមថា កូនប្រុសរបស់លោកចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះជំនួបនេះ។
មន្ត្រីសេតវិមានមិនបានបញ្ជាក់ថា Ronaldo គឺជាផ្នែកមួយនៃគណៈប្រតិភូផ្លូវការរបស់ព្រះអង្គម្ចាស់ មូហាម៉ាត់ ប៊ីន សាលម៉ាន នោះទេ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ វត្តមាននេះ កើតចេញពីតួនាទីដ៏លេចធ្លោរបស់ខ្សែប្រយុទ្ធឆ្នើមព័រទុយហ្គាល់វ័យ៤០ឆ្នាំរូបនេះ នៅក្នុងលីគបាល់ទាត់កំពូលអារ៉ាប៊ីសាអូឌីត (SPL) បានធ្វើឱ្យរូបគេក្លាយជាមុខមាត់ដ៏សំខាន់នៃការជំរុញទំនើបកម្មរបស់ប្រទេសមួយនេះ ក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ មូហាម៉ាត់ ប៊ីន សាលម៉ាន ដែលចង់កាត់បន្ថយការពឹងផ្អែកខ្លាំងរបស់ប្រទេសលើប្រាក់ចំណូលប្រេង តាមរយៈការធ្វើពិពិធកម្មទៅក្នុងវិស័យផ្សេងទៀត រួមទាំងកីឡា និងទេសចរណ៍។
ជាក់ស្តែង បណ្តាក្លិបនៅ SPL បានវិនិយោគទឹកប្រាក់ជាង ៣ ពាន់លានដុល្លារអាមេរិក ចុះហត្ថលេខានាំយកកីឡាករល្អបំផុតមួយចំនួននៅលើពិភពលោក ដើម្បីជំរុញលីគក្នុងស្រុកឱ្យមានភាពលេចធ្លោខ្លាំង។ ម្នាក់ក្នុងចំណោមនោះ Ronaldo បានចុះកុងត្រារយៈពេល ២ ឆ្នាំកន្លះ ក្នុងតម្លៃ ៥៣៦,៣ លានដុល្លារ ដើម្បីចូលរួមជាមួយក្រុម Al Nassr មិនយូរប៉ុន្មានបន្ទាប់ពីបញ្ចប់ការប្រកួត World Cup ឆ្នាំ ២០២២ នៅកាតា។
អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Sporting Lisbon, Manchester United, Real Madrid និង Juventus រូបនេះ ក៏បានចុះបន្តកុងត្រារយៈពេល ២ ឆ្នាំនៅរដូវក្តៅនេះ នៅក្នុងតម្លៃ ៧១០លានដុល្លារ ដើម្បីបន្តអាជីពជាមួយ Al Nassr យ៉ាងហោចណាស់ដល់រដូវកាល ២០២៦-២៧។
ក្លិប Al Nassr គឺជាក្លិបមួយក្នុងចំណោមក្លិបនៅលីគកំពូលអារ៉ាប៊ីសាអូឌីតចំនួន ៤ ដែលស្ថិតក្រោមការគ្រប់គ្រងដោយមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) ដែលជាមូលនិធិវិនិយោគសាធារណ មួយក្នុងចំណោមមូលនិធិវិនិយោគសាធារណៈធំជាងគេបំផុតមួយនៅលើពិភពលោក ជាមួយទ្រព្យសកម្មសរុបប្រមាណ ៩៤១ ពាន់លានដុល្លារអាមេរិក។
សូមជម្រាបថា Cristiano Ronaldo នឹងបង្ហាញវត្តមានសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ជាលើកទី ៦ បន្ទាប់ពីព័រទុយហ្គាល់បានកក់កៅអីនៅព្រឹត្តិការណ៍នៅឆ្នាំក្រោយ ដែលសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកធ្វើជាសហម្ចាស់ផ្ទះ ដោយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ ដ្បិតនៅទីនោះ នឹងក្លាយជាការបង្ហាញខ្លួនចុងក្រោយរបស់គេសម្រាប់ពានរង្វាន់កំពូលមួយនេះ មុនចូលនិវត្តន៍ពីអាជីពដ៏អស្ចារ្យរបស់ខ្លួន៕





ចែករំលែកព័តមាននេះ