រាជធានីភ្នំពេញ ៖ បន្ទាប់ពីខកខានការប្រកួតអស់រយៈពេលជាច្រើនសប្ដាហ៍ សង្វៀនគុនខ្មែរគ្រោងបើកដំណើរការប្រកួតឡើងវិញនៅសប្ដាហ៍ក្រោយនេះហើយ ។ នេះបើតាមការឱ្យដឹងពីឯកឧត្តមខូវ ឆាយ ប្រធានសហព័ន្ធ កីឡាប្រដាល់គុនខ្មែរដែលបានសរសេរបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី២៨ ខែធ្នូ ។
គួររំលឹកថា សង្វៀនគុនខ្មែរនៅគ្រប់ស្ថានីយទូរទស្សន៍ត្រូវបានផ្អាកដំណើរការប្រកួតចាប់តាំងពីមានការផ្ទុះសង្គ្រាមឈ្លានពានពីសំណាក់ទាហានថៃអស់រយៈពេលជិត១ខែមកហើយ។ការផ្អាកនេះធ្វើឱ្យកីឡាករ កីឡាការិនីជាច្រើនមានការត្អូញត្អែរអំពីកង្វះខាតជីវភាពប្រចាំថ្ងៃរបស់ពួកគេ ។
ទោះបីជាយ៉ាងណា ក៏មានកីឡាករមួយចំនួនធំយល់ឃើញពីស្ថានភាពលំបាករបស់ប្រជាជនភៀសសឹកដែលកំពុងរត់គេចពីគ្រាប់ផ្លោងរបស់ទាហានថៃ ថាពួកគាត់មានការលំបាកខ្លាំងជាងពួកគាត់ទៅទៀត។ ហេតុដូច្នេះ អ្វីដែលអាចទ្រាំបានគឺត្រូវតែទ្រាំ។
ប៉ុន្តែឥឡូវនេះដោយសារស្ថានការណ៍ជម្លោះព្រំដែនមានភាពធូរស្រាលឡើងវិញ ឯកឧត្តម ខូវ
ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានសរសេរសារបង្ហោះថា«សូមប្អូនៗកីឡាករ កីឡាការិនីគុនខ្មែទាំងអស់បន្តយកចិត្តទុកដាក់ប្រឹងប្រែងហ្វឹកហាត់ត្រៀមខ្លួនឱ្យបានល្អ សម្រាប់ចូលរួមការប្រកួតប្រដាល់គុនខ្មែរតាមស្ថានីយទូរទស្សន៍ ក៏ដូចជាតាមបណ្ដាខេត្តដែលនឹងចាប់ផ្ដើមដំណើរការឡើងវិញនៅសប្ដាហ៍ក្រោយនេះ»។
ដំណឹងនេះនឹងធ្វើឱ្យកីឡាករ កីឡាការិនីប្រដាល់គុនខ្មែរចាប់ផ្ដើមមានទឹកមាត់លេបឡើងវិញ ។ ជាពិសេស នៅតាមបណ្ដាក្លិបនីមួយៗអាចនឹងធ្វើការប្រមូលកីឡាករ កីឡាការិនីរបស់ខ្លួនត្រៀមហ្វឹកហាត់ឡើងវិញ។ ខណៈប៉ុន្មានថ្ងៃមុននេះ មានក្លិបមួយចំនួនគ្រោងរំសាយការប្រមូលផ្ដុំហ្វឹកហាត់មួយរយៈដោយសារតែពុំមានចំណូលគ្រប់គ្រាន់ដើម្បីចិញ្ចឹមពួកគេ ៕

ចែករំលែកព័តមាននេះ