រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គAngkor Ultra Trailលើកទី៩ដែលគ្រោងធ្វើឡើងនៅលើទឹកដីអង្គរខេត្តសៀមរាប នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះអាចនឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមរត់ប្រមាណ១៥០០នាក់ ខណៈគិតមកត្រឹមថ្ងៃនេះ មានអ្នកចុះឈ្មោះរត់ជាង១២០០នាក់រួចហើយ ។ នេះបើតាមការឱ្យដឹងពីឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ១០០គីឡូម៉ែត្រឆ្លងកាត់ឧបសគ្គដែលរៀបចំឡើងដោយស្ថាបនិកជនជាតិបារាំងលោកEDOUARDGEORGE និងមានការគាំទ្រពីឯកឧត្តមបណ្ឌិតថោង ខុន អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតាំងពីដើមរហូតមកគឺមានគោលដៅចំនួន២ទី១ជួយលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជានៅតំបន់អង្គរ និងទី២ដើម្បីជួយទៅដល់ផ្នែកមនុស្សធម៌។
ព្រឹត្តិការណ៍រត់ប្រណាំងUltra Trailគឺជាប្រភេទកីឡារត់កាត់ព្រៃ ភ្លឺស្រែ និងទីវាលធម្មជាតិល្អៗនៅជំុវិញតំបន់អង្គរ ផ្សារភ្ជាប់ជាមួយធម្មជាតិខុសគ្នាទៅនឹងព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងដែលរត់តាមផ្លូវល្អដូចជាផ្លូវកៅស៊ូ ឬផ្លូវលំ និងបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ឯកឧត្តមវ៉ាត់ ចំរើន បានបន្តឱ្យដឹងទៀតថា ទោះបីប្រទេសយើងមានសង្គ្រាម ប៉ុន្តែការចូលរួមមិនមានការថមថយនោះទេ គិតរហូតមកទល់ពេលនេះ មានអ្នកមកចុះឈ្មោះរត់ចំនួន១២២៩នាក់រួចមកហើយ ក្នុងនោះមកពីក្រៅប្រទេសជាង៦០០នាក់។ ដូច្នេះទម្រាំដល់ថ្ងៃរត់ជាក់ស្ដែងអាចមានរហូតដល់ទៅ១៥០០នាក់ដូចឆ្នាំកន្លងទៅដែរ។
ព្រឹត្តិការណ៍រត់Angkor Ultra Trailនេះបានជួយទៅដល់សង្វាក់សេដ្ឋកិច្ចកម្ពុជាបានច្រើន។ដូច្នេះយើងត្រូវរួមគ្នារៀបចំឱ្យបានល្អ។
ឯកឧត្តមវ៉ាត់ ចំរើន បានឱ្យដឹងទៀតថា ក្នុងព្រឹត្តិការណ៍រត់ប្រណាំងAngkor Ultra Trailមានច្រើនវិញ្ញាសាដូចជា រត់ចម្ងាយ១០០គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ និង៨គីឡូម៉ែត្រ។
តាមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីថោង ខុន ត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាត្រៀមលក្ខណៈសម្រាប់ឆ្នាំក្រោយខួបលើកទី១០ ស្រូបទាញភ្ញៀវទេសចរចូលរួមឱ្យបានរហូតដល់ទៅ៥ពាន់នាក់ដែលជាចំនួនដ៏ច្រើនបំផុត។
ឯកឧត្តមបានរំលេចថា Angkor Ultra Trail នៅកម្ពុជាមានអ្នកចូលរួមច្រើនជាងគេ។ព្រឹត្តិរណ៍រត់ប្រណាំងចម្ងាយឆ្ងាយនៅកម្ពុជាគឺទទួលបានការគាំទ្រច្រើនបំផុត បើប្រៀបធៀបនៅប្រទេសគេយ៉ាងច្រើនត្រឹមតែប៉ុន្មានរយនាក់ប៉ុណ្ណោះ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រោយពីមានបទឈប់បាញ់យើងសង្កេតឃើញថា មានភ្ញៀវទេសចរអន្តរជាតិមកលេងកម្ពុជាកាន់តែច្រើន។កត្តាសំខាន់ចំពោះផលវិជ្ជមានដែលយើងអាចរក្សាភ្ញៀវមកលេងកម្ពុជាឱ្យមានស្ថេរភាពដោយសារតែរាជរដ្ឋាភិបាលមានចក្ខុវិស័យ និងដាក់ចេញនូវគោលការណ៍ច្បាស់លាស់។ ម្យ៉ាងវិញទៀតដោយសារសភាពការណ៍កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ មានភាពកក់ក្ដៅ ធ្វើឱ្យភ្ញៀវទេសចរកាន់តែមានទំនុកចិត្ត គួបផ្សំនឹងការផ្សព្វផ្សាយទៅកាន់ក្រៅប្រទេសបានល្អថែមទៀត ៕




ចែករំលែកព័តមាននេះ