កម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍តេក្វាន់ដូ WT Hope Internaotinal Open ជាលើកដំបូងមាន៦ប្រទេសចូលរួម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូWT Hope International Open ជាលើកដំបូងដោយមានប្រទេសចំនួន៦ចូលរួម ។ ការប្រកួតធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ទី១១ ខែមករា ឆ្នាំ២០២៦នៅសាលដំបូលទូកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
ឯកឧត្តមវ៉ាត់ ចំរើន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូWTបានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកការប្រកួតកីឡាតេក្វាន់ដូខាងលើ ។
ឯកឧត្តមបានមានប្រសាសន៍ថា ការផ្ដួចផ្ដើមរៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង ដែលមានប្រទេសនៅក្នុងតំបន់ចំនួន៦ចូលរួម បានឆ្លុះបញ្ចាំងពីមិត្តភាព សាមគ្គីភាព និងស្មារតីរបស់តេក្វាន់ដូWT។ឯកឧត្តមបានសម្ដែងអំណរគុណដល់ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដែលតែងតែធ្វើការគាំទ្រជារៀងរហូតមក និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃក្នុងការអភិវឌ្ឍវិស័យកីឡាតេក្វាន់ដូWTនៅកម្ពុជា ។
ឯកឧត្តមបានបន្តថា ការប្រកួតនេះមិនត្រឹមតែជាការប្រកួតលក្ខណៈអន្តរជាតិលើកដំបូងប៉ុណ្ណោះទេ តែវាក៏ជាឱកាសក្នុងគារផ្លាស់ប្ដូរបច្ចេកទេស ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងជាវេទិកាដើម្បីពង្រឹងសមត្ថភាពធនធានកីឡាតេក្វាន់ដូនៅកម្ពុជាសម្រាប់ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនានា និងព្រឹត្តិការណ៍យុវជនអាស៊ីឆ្នាំ២០៣១ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកKim Chang Youngឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូWTជាលើកដំបូងនៅកម្ពុជានាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងអស់រយៈពេល១០ឆ្នាំ នៃការបង្កើតព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរក្លិបនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៥រហូតមកដល់បច្ចុប្បន្ន ក្នុងគោលបំណងស្វែងរកកីឡាករ កីឡាការិនីឆ្នើមៗនៅកម្ពុជា ។ ចំពោះទំព័រប្រវត្តិសាស្ត្រថ្មីនៃព្រឹត្តិការណ៍Hope International Openជាលើកដំបូងនៅកម្ពុជាលើកនេះ គឺជាឱកាសថ្មីក្នុងការបណ្ដុះបណ្ដាលធនធានថ្នាលបន្តវេនសម្រាប់កម្ពុជាទៅថ្ងៃអនាគត។
ចំពោះបណ្ដាប្រទេសដែលបានចូលរួមមានកម្ពុជា វៀតណាម ម៉ាឡេស៊ី មីយ៉ានម៉ា សិង្ហបូរីនិងកូរ៉េខាងត្បូង។ សរុបអត្តពលិកចូលរួមមានចំនួន៥៦០នាក់មកពី៤២ក្លិប ដែលត្រូវប្រកួតលើ២០៦វិញ្ញាសាទៅតាមប្រភេទអាយុចាប់ពី៥ដល់១៨ឆ្នាំឡើង ៕









ចែករំលែកព័តមាននេះ