NOCCនាំយកជំនួយសប្បុរសធម៌ពី IOC និងOCA ជូនក្រសួងអប់រំ យុវជន និងកីឡា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន…
រាជធានីភ្នំពេញ ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន…
រាជធានីភ្នំពេញ ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាននាំយកជំនួយរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) យកទៅជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ។
ពិធីនេះស្ថិតក្រោមវត្តមានលោកបណ្ឌិតសភាចារ្យហង់ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នៅទីស្ដីការក្រសួង កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ដើម្បីធ្វើជាអំណោយសប្បុរធម៌សម្រាប់ជនភៀសសឹកកម្ពុជា ក្រោមចលនាអូឡាំពិកពិភពលោក។
ជំនួយរបស់ IOC និងOCA ភាគច្រើនជាសម្ភារកីឡា ត្រូវបានបរិច្ចាគជួយជនភៀសសឹក ពិសេសគ្រូបង្រៀន និងសិស្សានុសិស្ស តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ។
ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ក្នុងនាមឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន
ប្រធាន NOCC បានចូលរួមទទួលអំណោយជនភៀសសឹករបស់Olympic Refugees Foundations ដែលជាគម្រោងពិសេសមួយរបស់IOC និងOCA ដោយស្ថាប័នអន្តរជាតិទាំង២នេះបានពិនិត្យលើហេតុផលច្បាស់លាស់ណាស់ ដោយមិនមែនចេះតែផ្តល់ជូននោះទេ មុននឹងសម្រេចចិត្តផ្តល់ជូនអំណោយសប្បុរសធម៌មកដល់កម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន បានពន្យល់ថា យើងឃើញថាជាស្មារតីដែលយើងទទួលបាននូវអំណោយពី IOC និង OCA នាពេលនេះនឹងផ្តល់ដល់ជនភៀសសឹកកម្ពុជា ដោយសារគេមើលឃើញថា សង្គ្រាមបានកើតឡើងពីការរំលោភបំពាននេះ គឺចលនាអូឡាំពិកពិភពលោកបានទទួលស្គាល់ថា កម្ពុជាជាជនរងគ្រោះ ។ នេះជាចំណុចសំខាន់ ជាជំនួយស្មារតីមួយក្នុងការផ្តល់ជូនយុត្តិធម៌សម្រាប់ជនភៀសសឹកកម្ពុជា។
យើងថា យើងពិតជារងគ្រោះដោយសារសង្គ្រាមឈ្លានពានពិតប្រាកដមែន។
លោកអគ្គលេខាធិការបន្ថែមថា ការផ្តល់ជូននូវអំណោយជនភៀសសឹករបស់ IOC និង OCA នេះត្រូវបានធ្វើឡើងក្នុងស្មារតីស្របតាមគោលការណ៍ ដោយបានចុះ MOU ជាមួយអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសសឹក (UNHCR) សម្រាប់ប្រទេសណាដែលមានសង្គ្រាម ឬគ្រោះមហន្តរាយធំៗផ្សេងៗទៀត ទើបគេផ្តល់អំណោយសប្បុរសធម៌បែបនេះ ក្នុងគោលបំណងរួមចំណែកជាមួយអង្គការសហប្រជាជាតិ ដើម្បីសម្រាលបន្ទុកទុក្ខលំបាក និងបន្តលើកទឹកចិត្តឱ្យជនភៀសសឹក យុវជន និងកុមារមានសិទ្ធិរស់រានមានជីវិត មានឱកាសសិក្សារៀនសូត្រ ព្រមទាំងមានឱកាសលេងកីឡាផងដែរ។ អំណោយទទួលបានផ្ទាល់ពីចលនាអូឡាំពិកអន្តរជាតិ និងចលនាអាស៊ីសម្រាប់ជនភៀសសឹកកម្ពុជានាពេលនេះដូចជា សៀវភៅ សម្ភារសិក្សា និងសម្ភារកីឡាជាច្រើនទៀត ៕



ចែករំលែកព័តមាននេះ