រាជធានីភ្នំពេញ ៖ ខាំ ខ្លានាង និងធន់ សាក់ស៊ីន ក្រោយបាត់មុខមួយរយៈពេលនេះពួកគេត្រូវឡើងប្រកួតជាលក្ខណៈអន្តរជាតិនៅលើសង្វៀនទូរទស្សន៍ជាតិកម្ពុជាហៅកាត់ទ.ទ.ក ប៉ះជាមួយកំពូលអ្នកប្រដាល់ជើងខ្លាំងមកពីប្រទេសម៉ារ៉ុកនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
ខាំ ខ្លានាង ដែលជាជើងខ្លាំងទម្ងន់ស្រាលរបស់កម្ពុជា បានបាត់មុខពីលើសង្វៀនយូរក្រែលដែរដោយសារពិបាករកដៃគូប្រកួតទើបតែពេលនេះត្រូវបានគេផ្គូផ្គងឱ្យប៉ះជាមួយអ្នកប្រដាល់ម៉ារ៉ុកឈ្មោះម៉ូហាំម៉ាត់ អេសសូហ្វី ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
ទោះបីមិនទាន់ស្គាល់ប្រវត្តិដៃគូប្រកួតច្បាស់ក៏ដោយ តែសម្រាប់កីឡាករជើងខ្លាំងកម្ពុជាម្នាក់នេះមិនដែលធ្វើឱ្យអ្នកគាំទ្រខកបំណងម្ដងណាទេ ដោយសារគេមានក្បាច់ប្រយុទ្ធល្អ និងមានភាពរហ័សរហួនធ្វើឱ្យគូប្រកួតពិបាកយកឈ្នះបំផុត ។ សម្រាប់ការប្រកួតលើកនេះ ទោះបីមានលេចលឺដំណឹងថា អ្នកប្រដាល់មកពីប្រទេសម៉ារ៉ុកម្នាក់នេះជាជើងខ្លាំងប្រចាំប្រទេសក៏ដោយ ក៏គេសន្យាថា នឹងប្រឹងឱ្យអស់ពីសមត្ថភាពមិនឱ្យអ្នកគាំទ្រខកបំណងឡើយ។
ចំណែកធន់ សាក់ស៊ីន ត្រូវប៉ះកីឡាករអាយួប ជែល ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។
រវាងកីឡាករទាំងពីរសុទ្ធតែមិនធ្លាប់ស្គាល់ពីប្រវត្តិប្រកួតទៅវិញទៅមកដូចគ្នា ។ សម្រាប់
ធន់ សាក់ស៊ីន ត្រូវគេទទួលស្គាល់ជាជើងខ្លាំងម្នាក់ក្នុងពិភពប្រដាល់ ទោះបីបទពិសោធន៍ប្រកួត
នៅលើសង្វៀនមិនសូវជោកជាំក៏ដោយតែអាចទុកចិត្តបាន។ បើនិយាយពីក្បាច់ប្រយុទ្ធនៅលើសង្វៀនវិញគឺល្អគួរសម ។ ដូច្នេះការរៀបចំឱ្យប៉ះជាមួយអ្នកប្រដាល់មកពីប្រទេសម៉ារ៉ុកលើកនេះក៏ជាការមើលឃើញរបស់អ្នករៀបចំកម្មវិធីថាអាចទុកចិត្តបាន។
ក្រៅពីការប្រកួតលក្ខណៈអន្តរជាតិ២គូនេះទៅនៅមានការប្រកួតមិត្តភាពចំនួន៣គូផ្សេង
ទៀតដូចជា កីឡាករធន់ ចំរើន ត្រូវប៉ះកីឡាករជុន រាត្រី ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ កីឡាករ
ប្រាក់ គុំគួន ប៉ះជាមួយកីឡាកររិទ្ធី នឹមណូក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម និងកីឡាករឬទ្ធី ស្វាដែក ប៉ះជាមួយកីឡាករជា ចំរ៉ុង ក្នុងទម្ងន់៤៨គីឡូក្រាម ៕
ចែករំលែកព័តមាននេះ