ខេត្តសៀមរាប ៖ ជនជាតិហ្វ៊ីលីពីនម្នាក់ក្នុងចំណោមបក្សពួកប្រុសស្រី៣នាក់ទៀត ដែលដើរបោកលុយជនបរទេសដូចគ្នាបានប្រាក់ចំនួន១៨.១០៩ដុល្លារ ហើយរត់គេចខ្លួនពីខេត្តសៀមរាបបម្រុងឆ្លងដែនទៅស្រុកយួននោះ បានត្រូវនគរបាលអន្តោប្រវេសន៍នៅច្រកទ្វាអន្តរជាតិបាវិត ឃាត់ខ្លួនប្រគល់ឱ្យការិយាល័យនគរបាលស៊ើបអង្កេតនិងអនុវត្តនីតិវិធីខេត្តសៀមរាប ដើម្បីចាត់ការតាមច្បាប់ ។
លោកឧត្តមសនីយ៍ត្រី ជា គឹមសាន ស្នងការរងនគរបាលខេត្ត ទទួលផែនការងារអន្តោប្រវេសន៍ និងលោកវរសេនីយ៍ឯក តូច សុគន្ធ នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានទៅទទួលយកជនសង្ស័យមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តវិញ ដើម្បីសុំគោលការណ៍ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឃុំខ្លួនជាបណ្តោះអាសន្ននៅស្នងការដ្ឋានខេត្ត និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ។
ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន នាល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅច្រកទ្វារអន្តរជាតិបាវិតជាប់ព្រំដែនវៀតណាម ហើយប្រគល់មកឲ្យសមត្ថកិច្ចខេត្តសៀមរាបវិញ ។ បើតាមលោកស្នងការរង ជា គឹមសាន ថ្លែងថា ករណីឆបោកប្រាក់ចំនួន១៨.១០៩ដុល្លារនេះប្រព្រឹត្តនៅខេត្តសៀមរាប ហើយជនសង្ស័យ ប្រុសស្រីបានរត់គេចពីសៀមរាប ដែលពួកគេបានប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅផ្ទះជួលក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
រហូតមកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ លោកបានទទួលព័ត៌មាន ពីនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពាក់ព័ន្ធនឹងករណីជនបរទេសម្នាក់ក្នុងចំណោម៣នាក់ ទៀត ករណីឆបោកប្រាក់ចំនួន១៨.១០៩នេះ ទើបលោកដឹកនាំកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ទៅយកជនសង្ស័យនោះមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ។ លោកស្នងការរងបញ្ជាក់ថា ជនជាតិហ្វ៊ីលីពីនរូបនេះឈ្មោះ Sison Manuel Garcia ភេទប្រុស អាយុ៧៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ
P៩៤១០៧៨៩A ស្នាក់នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នៅពេលសាកសួរ ជននេះឆ្លើយថា ខ្លួននឹងបក្ខពួកចំនួន៣នាក់ផ្សេងទៀត ពិតជាបានធ្វើ សកម្មភាពលួងលោមភ្ញៀវទេសចរបរទេសឱ្យលេងល្បែងប្រភេទ Pocker២១ ហើយប្រើល្បិចកៀបសុីលុយប្រាកដមែន ។
ពួកគេតែងធ្វើសកម្មភាពនៅរាជធានីភ្នំពេញខេត្តសៀមរាប ប្រទេសវៀតណាម និងនៅទីក្រុងបាងកកប្រទេសថៃ សរុបប្រហែល៤៩លើកមកហើយ ។ ជនសង្ស័យត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សម្រេចឱ្យនគរបាលឃាត់ខ្លួនជាបណ្តោះអាសន្ននៅស្នងការដ្ឋានខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ