ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព​នៅ​កម្ពុជា អបអរសាទរ​ចំពោះ​ប្រាក់ឈ្នួល​ថ្មី​របស់​កម្មករ​-​និយោជិត​ចំនួន ២១០​ដុល្លារ ក្នុង​ឆ្នាំ ​២០២៦

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ក្រុម​សហជីព​នៅ​កម្ពុជា បាន​អបអរសាទរ​ចំពោះ​ប្រាក់​ឈ្នួល​ថ្មី​របស់​កម្មករ​-​និយោជិត ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​ចំនួន ២១០​ដុល្លារ…

រាជធានីភ្នំពេញ​ ៖ ក្រុម​សហជីព​នៅ​កម្ពុជា បាន​អបអរសាទរ​ចំពោះ​ប្រាក់​ឈ្នួល​ថ្មី​របស់​កម្មករ​-​និយោជិត ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​ចំនួន ២១០​ដុល្លារ ក្នុង​ឆ្នាំ ​២០២៦ ដែល​អនុវត្ត​ចាប់ពី​ខែមករា​នេះ​តទៅ ហើយ​ក្រៅពី​ប្រាក់​ឈ្នួល​ពួក​គាត់​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត ​។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​ ២ ខែមករា​នេះ​ថា នៅ​ក្នុង​ឆ្នាំ ​២០២៦​ នេះ ក្នុង​នាម​ជា​សហជីព លោក​ពិតជា​សប្បាយ​រីករាយ និង​ចូលរួម​អបអរសាទរ​ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​បងប្អូន​កម្មករ​-​និយោជិត​ចំនួន ២១០​ដុល្លារ ក្នុង​មួយ​ខែ​ ។ លោក​បន្ត​ថា មិន​ត្រឹមតែ​ទទួល​បាន​ប្រាក់​ឈ្នួល​ចំនួន ២១០​ដុល្លារ​ប៉ុណ្ណោះ​ទេ តែ​បងប្អូន​កម្មករ​-​និយោជិត​ក្នុង​វិស័យ​កាត់ដេរ ក៏​ទទួល​បាន​ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន ១០​ដុល្លារ ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ​ចំនួន ៧​ដុល្លារ ព្រមទាំង​អត្ថប្រយោជន៍​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ ។

មេ​សហជីព​រូប​នេះ បន្ត​ទៀត​ថា «​ការ​ផ្ដល់​បន្ថែម​អត្ថប្រយោជន៍​ដ៏​សំខាន់ គឺ​សមាជិក ប​.​ស​.​ស​. ដោយ​កម្មករ​-​និយោជិត​ពេល​មាន​ជំងឺ ឬ​ក៏​គ្រោះថ្នាក់​ការងារ ឬ​ក៏​ជួប​ឧបទ្ទវហេតុ​ផ្សេង​ៗ ពួក​គាត់​ទៅ​ព្យាបាល​ជំងឺ​ដោយ​មិន​ចាំបាច់​បង់ប្រាក់ ហើយ​ជា​ពិសេស​ស្ដ្រី​ដែល​សម្រាលកូន មុន​ពេល​សម្រាល​គាត់​បាន​ទៅ​ពិនិត្យ​សុខភាព ៤​ដង ក្រោយ​ពេល​សម្រាល​រួច​ទៅ​ពិនិត្យ​សុខភាព ៤​ដង ហើយ​ក្នុង​មួយ​ដង​ៗ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ៨​ម៉ឺន​រៀល មិនតែប៉ុណ្ណោះ​នៅ​ពេល​សម្រាល​ពួក​គាត់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ២០០​ដុល្លារ​ពី​រាជរដ្ឋាភិបាល ទទួល​បាន​នូវ​ប្រាក់​ឈ្នួល ១២០​ភាគរយ ហើយ​ទទួល​បានការ​ព្យាបាល និង​សម្រាក​សម្រាលកូន​ដោយ​មិន​ចាំបាច់​បង់ប្រាក់​ថែម​ទៀត ផង​»​ ។

លោក សំ សឿ​ន ក៏​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​កម្មករ​-​និយោជិត ដោយ​តែងតែ​គិតគូរ​ពី​ជីវភាព​រស់នៅ​របស់​ពួក​គាត់ ដែល​ធ្វើ​ឱ្យ​បងប្អូន​កម្មករ​-​និយោជិត ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ និង​មាន​អត្ថប្រយោជន៍​ជា​ច្រើន​។

ចំណែកឯ​លោក ហង្ស រ៉ា​វី ប្រធាន​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា បាន​មាន​ប្រសាសន៍​ដែរ​ថា ក្នុង​នាម​ជា​តំណាង​កម្មករ​-​និយោជិត លោក​សេចក្ដី​សប្បាយ​រីករាយ​ក្នុង​ឱកាស​ដែល​បងប្អូន​កម្មករ​-​និយោជិត​នៅ​ទូ​ទាំង​ប្រទេស ទទួល​បាន​ប្រាក់​ឈ្នួល​ថ្មី​សម្រាប់​ឆ្នាំ​ ២០២៦ ចំនួន ២១០​ដុល្លារ ដែល​នេះ​ជា​ចំនួន​តួលេខ​បូក​មួយ​សម្រាប់​ការ​អបអរសាទរ​ជូន​ពួក​គាត់​ ។ លោក​បន្ត​ថា «​ឆ្នាំ ​២០២៦ ​នេះ យើង​ដឹង​ថា ទោះ​តែ​មាន​បញ្ហា​ព្រំដែន ទោះ​តែ​មាន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ​ជិត ១​លាន​នាក់​ក៏​ដោយ ក៏​ក្រសួង​ការងារ ជា​ពិសេស​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្ដេច​ធិ​បតី លោក​តែងតែ​គិតគូរ​ជូន​ទៅ​ដល់​បងប្អូន​កម្មករ​-​និយោជិត​ទូ​ទាំង​ប្រទេស ហើយ​លោក​រៀបចំ​ឱកាស​ការងារ​សម្រាប់​អតីត​ពលករ​ដែល​មក​ពី​ប្រទេស​ថៃ​វិញ​ជិត ១​លាន​នាក់​ផង​ដែរ​»​ ។

ជាមួយ​គ្នា​នេះ លោក ហង្ស រ៉ា​វី បាន​សង្កត់ធ្ងន់​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​ក្នុង​ឆ្នាំ​ ២០២៦​ នេះ គឺជា​លេខបូក​សម្រាប់​បងប្អូន​កម្មករ​-​និយោជិត ហើយ​ក្រៅពី​នេះ​ពួក​គាត់​ក៏​ទទួល​បាន​នូវ​ការ​បង់​ជូន​ប្រាក់​សោធន គ្រោះថ្នាក់​ការងារ និង ប​.​ស​.​ស​. ដែល​អាច​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់ ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ ​។ ដូច​គ្នា​ដែរ​លោក ក៏​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​គិតគូរ​អំពី​សុខទុក្ខ​របស់​បងប្អូន​កម្មករ​-​និយោជិត ជា​ពិសេស​ទៅ​លើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​ពួក​គាត់​ជា​បន្តបន្ទាប់​ ៕ អត្ថបទសហការ