ខេត្តខេត្តត្បូងឃ្មុំ ៖ អនុវត្តតាមបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត បានចាត់ឱ្យកម្លាំងជំនាញក្រោមឱវាទចុះស្រាវជ្រាវករណីប្រទះឃើញមនុស្សស្លាប់ ក្នុងមូលដ្ឋានចំការកៅស៊ូ ក្រុមហ៊ុនមេមត់ ស្ថិតនៅឃុំត្រមូង ស្រុកមេមត់។ នៅទីបំផុត ក្រោមកិច្ចសហការជាមួយកម្លាំងជំនាញ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យក្នុងអំពើឃាតកម្មនេះហើយដោយកម្លាំងសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ។
ប្រភពពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងនាយយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ថា ស្របពេលដែលក្រុមកម្មករ ជៀរជ័រកៅស៊ូ នៅតាមឡូត៏កៅស៊ូពីកន្លែងមួយទៅកន្លែងមួយ ស្រាប់តែប្រទះឃើញរថយន្តមួយគ្រឿង បើកមកឈប់ក្នុងចម្ការកៅស៊ូ បានបន្តិចរថយន្តនោះ ក៏ប្រញាប់ប្រញាល់បើកចេញទៅខាងក្រៅវិញ។ ដោយមានការសង្ស័យ កម្មកររូបនោះ បានជិះម៉ូតូទៅមើល ក៏ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ហើយបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានជាបន្ទាន់ផងដែរ ។
សមត្ថកិច្ច បានបន្តឲ្យដឹងទៀតថា ករណីប្រទះឃើញសាកសពមនុស្សស្លាប់ នៅក្នុងចម្ការកៅស៊ូក្រុមហ៊ុនមេមត់ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២និង១០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានទទួលព័ត៌មានពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រមូង រាយការណ៏មកថា ប្រជាពលរដ្ឋបានប្រទះឃើញសាកសព ភេទប្រុស ស្លាប់នៅក្នុងចម្ការកៅស៊ូក្រុមហ៊ុនមេមត់ ស្ថិតនៅចំណុចក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ។
សមត្ថកិច្ច បានបន្ថែមថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ និងលោកគ្រូពេទ្យកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកស្រុកមេមត់ រួមទាំងកម្លាំងមានការដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងពិនិត្យសាកសពបុរសម្នាក់ (ស្លាប់) ស្លៀកខោសាច់ក្រណាត់ជើងវែង ពណ៌ខ្មៅ ពាក់អាវសាច់ក្រណាត់យឺតដៃខ្លី ពណ៌ស ដោយយកស្លឹកកៅស៊ូក្របពីលើសាកសព និងស្នាមរបួសរួមមាន ៖
-ផ្នែកក្បាល(មានស្នាមបែក) ផ្ទៃមុខមានស្នាមរលាកស្បែក
-ផ្នែក ក មានស្នាមជាំ
-ផ្នែកលើដងខ្លួនមានស្នាមជាំពេញរាងកាយ ដោយការធ្វើទារុណកម្ម។
-ផ្នែកអវៈយវៈ មានស្នាមជាំពេញ(ដៃជើង) ។
ផ្អែកតាមការបំភ្លឺរបស់របស់កម្មករ ចំនួនពីរនាក់ បានបំភ្លឺប្រាប់សមត្ថកិច្ចយើងថា ៖ នៅថ្ងៃទី០១ មករា ២០២៦ វេលាម៉ោងប្រហែល០០និង២០នាទី បានជិះម៉ូតូម្នាក់ទៅជៀរជ័រកៅស៊ូ នៅក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ស្ថិតនៅភូមិដូងទី២ ឃុំត្រមូង ស្រុកមេមត់ បន្ទាប់មកស្រាប់តែឃើញមានរថយន្តទំនើប មិនស្គាល់ម៉ាក ពណ៌ស បានបើកចូលក្នុងព្រៃចម្ការកៅស៊ូក្រុមហ៊ុន មេមត់ក្បែរខ្លួនជៀរជ័រ រួចក៏ជិះចេញទៅវិញ។បន្ទាប់មក សាក្សីបានឃើញដោយតាមដានពីចម្ងាយ លុះពេលរថយន្តនោះចេញទៅបាត់ ក៏ជិះម៉ូតូទៅមើល ឃើញជើងមនុស្សដេកស្លាប់មានគ្រប់ស្លឹកកៅស៊ូ ភ័យក៏ជិះម៉ូតូហើយស្រែកហៅកម្មករផ្សេងទៀត ឲ្យបានដឹងនាំគ្នាមកមើល រួចរាយការណ៍ប្រាប់ប្រធានក្រុមឆ្មាំ និងលោកមេភូមិដួងទី២ តែម្តង ។
ផ្អែកតាមការកោសល្យវិច័យលើសាកសព ជនរងគ្រោះ ដោយមានតាមការបំភ្លឺរបស់សាក្សី និងការសន្និដ្ឋានរបស់លោកគ្រូពេទ្យថា ជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វើទារុណកម្ម បណ្តាលឲ្យស្លាប់ (ករណីឃាតកម្ម) ។
លុះវេលាម៉ោង០៨និង២០នាទី ថ្ងៃខែដដែល កម្លាំងជំនាញបានទទួលព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលដារ រាយការណ៏មកថា ប្រទះឃើញមានរថយន្ត ០១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស (គ្មានស្លាកលេខ) យកទៅប្លុងចោល នៅចំណុចក្នុងព្រៃ ស្ថិតនៅភូមិសាឡង់១ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ កម្លាំងជំនាញ បានចុះត្រួតពិនិត្យរថយន្តខាងលើ ពិតជាមានការពាក់ព័ន្ធករណីខាងលើ រថយន្តនេះ កម្លាំងយើងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីធ្វើការស្រាវជ្រាវ ។
អត្តសញ្ញាណជនរងគ្រោះឈ្មោះ Xiao yang (ឈ្មោះហៅក្រៅ) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន សាកសពជនរងគ្រោះ ជំនាញការិយាល័យបច្ចេកទេស ដឹកបញ្ជូនទៅនាយកដ្ឋានបច្ចេកទេស អគ្គស្នងកាដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធី ។
សមត្ថកិច្ចបានបន្ថែមថា ដំបូងជនទាំង៦នាក់ ដែលហៅមកសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ អាចជាជនសង្ស័យ ក្រោយពីសួរនាំដិតដល់តាមនីតិវិធី រកឃើញថា ការពិតពួកគាត់ជាជនរងគ្រោះទៅវិញ។ ចំពោះជនដៃដល់ ក្នុងអំពើឃាតកម្មសម្លាប់មនុស្សដឹកតាមរថយន្តទៅទម្លាក់ចោលក្នុងចំការកៅស៊ូមេមត់ គឺសមត្ថកិច្ចកំណត់អត្តសញ្ញាណបានហើយ និងកំពុងស្វែងរកចាប់ខ្លួន ៕



ចែករំលែកព័តមាននេះ