រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាត់ទុកសកម្មភាពមួយចំនួនរបស់ភាគីថៃ ដូចជាការដាក់ទូរកុងទឺន័រ បន្លាលួស ឬដោតទង់ជាតិ គឺជាសកម្មភាពបំពានទៅនឹងកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នាកាលពីពេលកន្លងទៅ ។
ថ្លែងនារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកយកជ្រុងមួយទៀត ដែលជាលទ្ធផលកើតចេញពីសេចក្តីប្រកាសរួមថ្ងៃទី២៧ ធ្នូ ២០២៥ នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជា-ថៃ ។
ឯកឧត្តម ប៉ែន បូណា បានបន្តថាលទ្ធផលកើតចេញពីសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជា-ថៃ (GBC) ពាក់ព័ន្ធនឹងការវិលត្រឡប់របស់ជនភៀសសឹកទៅកាន់លំនៅឋានវិញ ដែលជាជំហានដ៏សំខាន់មួយទៀត ដែលអាចនិយាយបានថា មានលទ្ធផលសំខាន់បី ដែលយើងបាន និងកំពុងអនុវត្តនាពេលនេះ និងដែលជាផ្លែផ្កាចេញពីសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រួមមាន៖
ទី១៖ គឺបទឈប់បាញ់ដែលចូលជាធរមានកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលយើងចាត់ទុកជាសមិទ្ធផលដ៏ធំមួយក្នុងការបញ្ឈប់ការស្លាប់ របួស និងការខូចខាតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងផលប៉ះពាល់ផ្សេងទៀតស្របតាមគោលនយោបាយសន្តិភាពនិយមរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំយើងដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលជានិច្ចកាលផ្តល់តម្លៃដល់ជីវិតមនុស្ស។
ទី២៖ ការដោះលែងយោធិនកម្ពុជា ១៨នាក់កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលយើងទន្ទឹងរង់ចាំអស់រយៈពេល១៥៥ថ្ងៃ។ ការវិលត្រឡប់របស់យោធិនយើងទាំង១៨នាក់ ជាព្រឹត្តិការណ៍សំខាន់មួយដែលទទួលបានការអបអរសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរទូទៅ និងក៏ទទួលបានការសព្វព្រះរាជហឬទ័យពីអង្គព្រះមហាក្សត្រ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកំពូល គឺសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានក្តីត្រេកអរដោយបានឃើញពួកគេបានវិលមកជួបជុំក្រុមគ្រួសារវិញ ។
និងទី៣៖ ពាកក់ព័ន្ធនឹងការវិលត្រឡប់ទៅកាន់ភូមិឋានវិញរបស់ពលរដ្ឋភៀសសឹក។ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹកជាង១៥ម៉ឺននាក់ហើយ ដែលបានវិលត្រឡប់ទៅលំនៅឋានវិញក្រោមការគិតគូរ និងជ្រោមជ្រែងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដី ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងឡាយ។ ដូច្នេះ ពលរដ្ឋភៀសសឹកសរុបបានថយចុះនៅត្រឹមចំនួនជាង៣៩ម៉ឺននាក់ ។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជូនថា ការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកមានចែងក្នុងចំណុចទី៤ នៃសេចក្តីប្រកាសរួមដែលមានសេចក្តីថា ភាគីទាំងពីរ កម្ពុជា និងថៃ បានឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសំបែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលបានតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះសបញ្ជាក់អំពីការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយរាល់បញ្ហាដែលប្រជាពលរដ្ឋយើងកំពុងជួបប្រទះ។
សរុបមកវិញ សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បាន និងកំពុងផ្តល់លទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ ហើយកម្ពុជាសូមបញ្ជាក់ជំហរម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមខ្លឹមសារនៃសេចក្តីប្រកាសរួមនេះគ្រប់ចំណុចទាំងអស់ក្នុងនោះមានចំណុចទី៣ ដែលចែងថា ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ ។
ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីការជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានកត់សម្គាល់ថា សកម្មភាពមួយចំនួនរបស់ភាគីថៃ ដូចជាការដាក់ទូរកុងទឺន័រ បន្លាលួស ឬដោតទង់ជាតិ គឺជាសកម្មភាពបំពានទៅនឹងកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាកាលពីពេលកន្លងទៅ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ ៕
ចែករំលែកព័តមាននេះ