ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច ដើម្បី​ទទួល​កំណើន​ភ្ញៀវ​ទេសចរ​ឥណ្ឌា នា​ឆ្នាំ​២០២៦​

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បាន​អនុញ្ញាត​ជូន​ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ឥណ្ឌា និង​សហការី ចូល​ជួប​សម្តែង​ការ​គួរសម​សម្រាប់​ឆ្នាំ​ថ្មី និង​ពិភាក្សា​ការងារ​លើ​ការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ទេសចរណ៍​ទ្វេភាគី​កម្ពុជា និង​ឥណ្ឌា​បន្ថែម​ទៀត សម្រាប់​ឆ្នាំ​ថ្មី​២០២៦ នៅ​ទីស្តីការក្រសួង ។

ក្នុង​ឱកាស​នៃ​ជំនួប​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​នេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ និង​ស្និតរ​មួ​ត​រវាង​ក្រសួងទេសចរណ៍ និង​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា ដែល​បាន​ជួយ​ឱ្យ​បាន​សម្រេច​នូវ​លទ្ធផល ក៏​ដូច​ជា​ព្រឹត្តិការណ៍​ជំរុញ​ទេសចរណ៍​ជា​ច្រើន​ដែល​បាន​នាំ​នូវ​កំណើន​ភ្ញៀវ​ទេសចរ​ឥណ្ឌា​គួរ​ឱ្យ​កត់សម្គាល់ និង​ជាទី​មោ​ទ​នៈ​ក្នុង​ឆ្នាំ​២០២៥ កន្លង​មកនេះ ។

ទន្ទឹម​នឹង​នេះ​ដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏​បាន​គូសបញ្ជាក់​ពី​ជំហរ​បន្ត​គាំទ្រ​ដល់​ក្រសួងទេសចរណ៍​ក្នុង​ការ​អនុវត្ត​ឱ្យ​បាន​ចប់ និង​ជោគជ័យ​នា​ឆ្នាំ​ថ្មី​នេះ នូវ​គម្រោង​ជំនួយ​ទាំង​៣ ក្រោម​ក្របខ័ណ្ឌ Quick Impact Project (QIP) លើ​ការ​អភិវឌ្ឍ​ដល់​សហគមន៍​អេកូ​ទេសចរណ៍ ដែល​បាន​គាំទ្រ​ដោយ​រដ្ឋាភិបាល​ឥណ្ឌា​កន្លង​មក ។

ជា​កិច្ច​ឆ្លើយ​តប ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ឥណ្ឌា ដែល​ជា​និច្ច​ជា​កាល​តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​កម្ពុជា​លើ​គ្រប់​វិស័យ ជា​ពិសេស​លើ​វិស័យ​ទេសចរណ៍ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​ព្រឹត្តិការណ៍ “​ឆ្នាំ​ទេសចរណ៍ កម្ពុជា​-​ឥណ្ឌា​” កន្លង​មក និង​កំណើន​ភ្ញៀវ​ទេសចរ​ឥណ្ឌា​ដ៏​ច្រើន​មក​ទស្សនា​កម្ពុ​ជានា​ប៉ុន្នា​ន​ខែ​ចុងឆ្នាំ​២០២៥ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ពី​ការ​ត្រៀមលក្ខណៈ​ជា​ស្រេច​របស់​វិស័យ​ឯកជន​កម្ពុជា ដើម្បី​ឆើ្ល​យ​តប​នឹង​កំណើន​ភ្ញៀវ​ទេសចរ​ឥណ្ឌា ដែល​រំពឹង​នឹង​កើនឡើង​បន្ថែម​ទៀត​នា​ឆ្នាំ​២០២៦ តាម​រយៈ​ការ​ហោះហើរ​ត្រង់​រវាង​រដ្ឋធានី New Delhi និង​រាជធានី​ភ្នំពេញ ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Air Cambodia និង​រវាង​ទីក្រុង Kolkata និង​ខេត្តសៀមរាប ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ IndiGo Airlines ព្រមទាំង​កត្តា​សុខ​សុ​វត្តិភាព ការ​អភិវឌ្ឍ​ន័​គ្រប់​វិស័យ សក្តានុពល​ទេសចរណ៍​ដ៏​សំបូរ​បែប ជា​ពិសេស​បដិសណ្ឋារកិច្ច​ដ៏​រួសរាយ​រាក់ទាក់​ដូច​ជា​បងប្អូន​បង្កើត​រួម​វប្បធម៌​អរិយធម៌ និង​ប្រ​វ​តិ្ត​សាស្ត្រ​គ្នា​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។

ជា​ចុង​ក្រោយ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្តល់​ជំនួយ QIP និង​ការ​ផ្តល់​ឱកាស​ដល់​មន្ត្រីរាជការ​ក្រសួងទេសចរណ៍​ចំនួន​៤​រូប​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ដ៏​ល្អ និង​សម្រិតសម្រាំង​នៅ​សាធារណរដ្ឋ​ឥណ្ឌា​នា​ចុង​ខែមករា ឆ្នាំ​២០២៦ ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ