ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រ​មាន​ណាស់​…​តុលាការ​កាត់ទោស​ជនជាប់ចោទ​ម្តង​១៤៣​នាក់ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ការ​កត់សម្គាល់​កន្លង​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​កម្រ​មាន​សវនាការ​ណា​ដែល​មាន​ជនជាប់ចោទ​រហូត​ដល់​ទៅ​ជាង​១០០​នាក់​ត្រូវ​នាំ​យក​មក​កាត់ទោស​នោះ​ទេ ទើប​តែ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ នេះ​ស្រម​ពេល​តុលាការ​បើក​សវនាការ​លើ​សំណុំរឿង​ក្រុម​ជនប្រដាប់អាវុធ​ធ្វើ​បដិវត្ត​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ។ បាន​កត់សម្គាល់​ទៀត​ថា ក្នុង​ចំណោម​ជនជាប់ចោទ​ទាំង​១៤៣​នាក់​មាន​មក​ពី​មណ្ឌល​កែប្រែ​ម​១​ចំនួន​១១៦​នាក់…

រាជធានី​ភ្នំពេញ ៖ ជា​ការ​កត់សម្គាល់​កន្លង​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​កម្រ​មាន​សវនាការ​ណា​ដែល​មាន​ជនជាប់ចោទ​រហូត​ដល់​ទៅ​ជាង​១០០​នាក់​ត្រូវ​នាំ​យក​មក​កាត់ទោស​នោះ​ទេ ទើប​តែ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ នេះ​ស្រម​ពេល​តុលាការ​បើក​សវនាការ​លើ​សំណុំរឿង​ក្រុម​ជនប្រដាប់អាវុធ​ធ្វើ​បដិវត្ត​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ។

បាន​កត់សម្គាល់​ទៀត​ថា ក្នុង​ចំណោម​ជនជាប់ចោទ​ទាំង​១៤៣​នាក់​មាន​មក​ពី​មណ្ឌល​កែប្រែ​ម​១​ចំនួន​១១៦​នាក់ មក​ពី​មណ្ឌល​កែប្រែ​ម​២​ចំនួន​២៣​នាក់ និង​មក​ពី​ម​ណ្ឌ​កែប្រែ​ប៉េ​ហ្សី ចំនួន​៤​នាក់ មាន​ស្ត្រី​៨​នាក់ ។ ជនជាប់ចោទ​ទាំង​អស់នោះ​មាន​ជាប់​ពាក់​ពន្ធ​បទល្មើស​ផ្សេង​ៗ គ្នា ដូច​ជា​បទល្មើស​ឧក្រិដ្ឋ លួច ឆក់ ប្លន់ ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស នឹង ពិសេស​បទល្មើស​គ្រឿងញៀន​ដែល​សវនាការ​បាន​ប្រព្រឹត្ត​ពេញ​មួយ​ថ្ងៃ​តែ​ម្តង ។

ជាមួយ​គ្នា​នោះ​ផង​ដែរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​លើក​សំណុំរឿង​ក្រុម​ជនប្រដាប់អាវុធ​បង្កើត​កងកម្លាំង​ធ្វើ​បដិវត្ត​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​មក​បើក​សវនាការ​ដែរ ដែល​មាន​ជនជាប់ចោទ​ចំនួន​១២​នាក់​សុទ្ធ​សឹង​ជា​មនុស្ស​ចាស់ជរា ។ ជនជាប់ចោទ​ទាំង​១២​នាក់ រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ និង​បទ​ធ្វើ​សន្និធិ​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាតិ​តាម​មាត្រា​៤៨៥ មាត្រា​៤៨៦ និង​មាត្រា​៤៨៨ នៃ​ក្រមព្រហ្មទណ្ឌ ។

នៅ​ពេល​សវនាការ​ជនជាប់ចោទ​ឈ្មោះ វន សុ​វ៉ា​ន់ ជា​អតីត​សង្ឃ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​បួស​ជា​ភិក្ខុសង្ឃ​ចំនួន​២០​វស្សា ក្រោយមក​ក្នុង​ឆ្នាំ​២០១៦​ខ្លួន​បាន​ស្គាល់ឈ្មោះ សំ តាន់ ជា​ចាស់ទុំ​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​រស់នៅ ហើយ​ឈ្មោះ​នេះ​បាន​បង្រៀន​ខ្លួន​ស្គាល់​ពី​ប្រវត្តិសាស្ត្រ​ដែល​ខ្លួន​មាន​ទស្សនៈ​ដូច​គ្នា និង​ឈ្មោះ សំ តាន់ ដែរ តែ​ក្រោយមក​ពួក​គេ​បាន​ឡើង​ទៅ​ប្រទេស​ថៃ​ជួប​ប្រជុំ​ជាមួយ​មនុស្ស​ផ្សេង​ៗ​ទៀត ដើម្បី​រៀបចំ​ផែនការ​បង្កើត​កងកម្លាំង​ប្រមូល​អាវុធ​ត្រៀម​ធ្វើ​ប​ដិ​វ​ត្តិ​ផ្ដួលរំលំ​រដ្ឋាភិបាល​អស់​ទៅ ។

លុះ​ពេល​ខ្លួន​ត្រឡប់​មក​វិញ​ឈ្មោះ រស់ សា​វុន ហៅ​ក្រូច បាន​មក​វត្ត​ទំនាក់ទំនង​ខ្លួន​ឲ្យ​ជួយ​ប្រមូល​ទិញ​កាំភ្លើង​អាកា​៤៧ ដោយ​ឲ្យ​ប្រាក់​ចំនួន​១៨៥០​ដុល្លារ​អា​មេ​រិ​ក​ទិញ​បាន​កាំភ្លើង​៦​ដើម​ប្រគល់​ឲ្យ​ឈ្មោះ ក្រូច តែ​មិនដឹង​គេ​យក​ទៅ​ធ្វើ​អី​ទេ ។ ក្រោយមក​មាន​គេ​ផ្ញើ​សារ​ឲ្យ​ទៅ​ចាំ​យក​គ្រឿងបន្លាស់​នៅ​ផ្លូវ​៥១ ហើយ​ខ្លួន​ក៏​ទៅ​ជាមួយ​តា​ម៉ៅ ដោយ​ជិះ​រថយន្ត​តាក់ស៊ី ពេល​នោះ​បានឃើញ​កាំភ្លើង​៣​បាវ រាប់​ទៅ​ឃើញ​មាន​២៥​ដើម និង​គ្រាប់​មួយ​ចំនួន ។

បន្ទាប់​មក​ទៀត​ខ្លួន​គេ​ក៏​បាន​យក​កាំភ្លើង​២៥​ដើម​នោះ​ទៅ​កប់​លាក់​ទុក​ក្នុង​ដី​របស់​ឪពុក​រហូត​ដល់​ថ្ងៃ​បែក​ការណ៍​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្ដង ហើយ​ឈ្មោះ វន សុ​វ៉ា​ន់ ឆ្លើយ​នៅ​ក្នុង​សវនាការ​ថា ខ្លួន​មិន​ស្គាល់ឈ្មោះ សំ សេរី ទេ ប៉ុន្តែ​នៅ​ក្នុង​ចំណោម​ជនជាប់ចោទ​មាន​ម្នាក់​ឈ្មោះ ប៊ុ​ន ប្រសើ ជា​ដៃស្ដាំ​របស់​មេ​ចលនា​រណ​សិ​រ្យ​រំដោះជាតិ​ខ្មែរ ។

ក្នុង​ប្រតិបត្តិការ​នោះ​កម្លាំង​នគរបាល​ដកហូត​បាន​កាំភ្លើង AK-47 ចំនួន​២៥​ដើម​, អាវុធ​ខ្លី​មួយ​ដើម​, គ្រាប់បែក​៤​គ្រាប់​, កាមេរ៉ា​១​គ្រឿង​, កំ​ព្យូ​ទ័​រ​១​គ្រឿង​, ម្សៅ​ក្រាម​ពណ៌​ស​១​គីឡូក្រាម​, ម្សៅ​ពណ៌​លឿង​១​គីឡូក្រាម​, កាំ​ជ្រូ​ច​ដែល​អាច​កែ​ច្នៃ​ធ្វើ​គ្រាប់បែក​, កែវឆ្លុះ​៣​គ្រឿង និង​លិខិតឆ្លងដែន​១ ។

ជនជាប់ចោទ​ឈ្មោះ ប៊ុ​ន ប្រសើ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្នុង​ទឹកដី​ខេត្តព្រះវិហារ និង​បន្ត​ចាប់ខ្លួន​បក្ខពួក​ថែម​ទៀត​នៅ​រាជធានី​ភ្នំពេញ ខេត្តកំពត និង ខេត្តពោធិ៍សាត់ រហូត​ដល់​១២​នាក់ ។ សវនាការ​ត្រូវ​បាន​ផ្អាក​ការ​សាកសួរ​ដេញដោល​ហើយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​លើក​ពេល​ទៅ​ថ្ងៃ​ទី​៣ ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ ខាង​មុខ​ទៀត ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ