បញ្ហា​តម្លៃ​ម្ហូរ​អាហារ​នៅ​រមណីយដ្ឋាន​កៀនស្វាយក្រៅ​ បច្ចុ​ប្បន្ន​នេះ​គឺ​សម​រម្យ​ហើយ​


ខេត្តកណ្ដាល ៖ ក្រោយ​កែ​លម្អ​រួច​មក​រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ​កំពុង​ទាក់ទាញ​ភ្ញៀវ​ជា​លក្ខណៈ​គ្រួសារ ។ រមណីយដ្ឋាន​នេះ​ពី​មុន​ល្បី​រង​ការ​រិះគន់​ជា​បន្តបន្ទាប់​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ទៅ​កម្សាន្ត​លើ​បញ្ហា​តម្លៃ​ម្ហូបអាហារ រួម​ទាំង​សេវា ផ្សេង​ៗ​ទៀត​។

ទោះជា​យ៉ាងណា​ក្ដី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​មាន​កិច្ចសហការ​រវាង​មន្ទីរ​ទេសចរណ៍​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​កែ​លម្អ​រាំង​ហេ​ដ្ឋា​រចនា​សម្ព័​ន្ធ ទាំង​សន្តិសុខ​សណ្តាប់ធ្នាប់ សំខាន់​តម្លៃ​ម្ហូបអាហារ សេវា ផ្សេង​ៗ​នោះ បាន​ធ្វើ​ឲ្យ​រមណីយដ្ឋាន​ដ៏​ចំណាស់​មួយ​នេះ ទទួល​បានការ​គាំទ្រ ហើយ​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ សំខាន់​ភ្ញៀវ​ជា​លក្ខណៈ​គ្រួសារ ។

លោក​ជួប សោ​ភ័​ណ្ឌ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​កោះ​សន្តិភាព​កាលពី ថ្មី​ៗ​កន្លង​មក​ថា ក្រោយ​មានការ​កែ​លម្អ​ជា​បន្តបន្ទាប់​រមណីយដ្ឋាន​វត្ត​កៀន​ស្វាយក្រៅ​បច្ចុប្បន្ន​នេះ​ កំពុង​ទទួល​បាន​នូវ​ការ​គាំទ្រ​ដោយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ក្នុង​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ។ ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​រមណីយ ដ្ឋា​ន​វត្ត​កៀនស្វាយក្រៅ​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ៗ បើ​ប្រៀបធៀប​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ។ ជា​ការ​កត់សម្គាល់​នោះ គឺ​ភាគច្រើន​បំផុត​ដែល​ភ្ញៀវ​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ​ជា​ភ្ញៀវ​បែប​លក្ខណៈ​គ្រួសារ ។

លោក​ជួប សោ​ភ័​ណ្ឌ បាន​ឲ្យ​ដឹង​ថា រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ​មាន​លក្ខណៈ​អំណោយ​ផល​​ខ្លាំង​ណាស់​ដល់​ប្រភេទ​ទេសចរ​បែប​លក្ខណៈ​គ្រួសារ សំខាន់​សម្រាប់​អ្នក​ដែល​រស់នៅ​រាជធានី​ភ្នំពេញ និង​ជុំវិញ​រាជធានី​ភ្នំពេញ​ព្រោះ​វា​ស្ថិត​នៅ​ជិត​រាជធានី​ភ្នំពេញ ។ ផ្លូវ​ក៏​មាន​លក្ខណៈ​​ងាយស្រួល​ភ្ញៀវ​អាច​ទៅ​សម្រាក​កម្សាន្ត ហើយ​វិល​ទៅ​វិញ ពេល​ណា​ក៏​បាន ។ ចំណែក​តម្លៃ​ម្ហូបអាហារ ​រួម​ទាំង​សេវា​គួប​ផ្សំ​ទៀត ​គឺ​សមរម្យ​ដែល​ភ្ញៀវ​អាច​ទទួលយក​បាន​។ ខ្យល់​អាកាស​​បែប​ធម្មជាតិ​នៅ​ទីនោះ​ក៏​ស្រស់​ស្អាត​ល្អ​បរិសុទ្ធ​ថែម​ទៀត ។

លោក​ប្រធាន​មន្ទីរ​អះអាង​ថា «​មក​ដល់​ពេល​នេះ​យើង​ស្ទើរតែ​លុប​បំបាត់​អស់ទាំង​ស្រុង​នូវ​ពាក្យ « កាប់ ឬ​កោរ » ភ្ញៀវ​ដែល​ចំណុច​នេះ​ជា​ការ​ផ្តល់​នូវ​ទំនុកចិត្ត​ក៏​ដូច​ជា​ដែក​ឆក់​ស្រូប​យក​ភ្ញៀវ​ទេសចរ​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​នៅ​តំបន់​រមណីយដ្ឋាន​មួយ​នេះ បើ​ទោះបីជា​រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ​គ្មាន​សម្បត្តិ​វប្បធម៌​ក៏​ដោយ​ចុះ »​។

លោក​ជួប សោ​ភ័​ណ្ឌ បាន​រំឭក​ថា ការ​ទទួលភ្ញៀវ​នៅ​រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ នេះ​គឺ​ខុស​ប្លែក​ពី​រមណីយដ្ឋាន​នានា​ត្រង់​ថា ប្រជាពលរដ្ឋ​បាន​រៀបចំ​ការ​ទទួលភ្ញៀវ​តាម​ផ្ទះ របស់​ពួក​គាត់ រួម​ទាំង​ការ​កសាង​ជា​ខ្យូ​ស​តាម​គ្រួសារ នីមួយ​ៗ ដើម្បី​ទទួលភ្ញៀវ​។ ចំណែក​ចំណត​រថយន្ត ឬ​ម៉ូតូ​របស់​ភ្ញៀវ​ក៏​មានការ​រៀបចំ​ដោយ​មាន​របៀបរៀបរយ​តាម​គ្រួសារ នីមួយ​ៗ​ផង​ដែរ ។

លោក​ប្រធាន​មន្ទីរ​ឲ្យ​ដឹង​ថា​រយៈពេល​៩​ខែ​ឆ្នាំ​២០១៩​នេះ រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ​ទទួល​​បាន​ភ្ញៀវ​ទេសចរ​ជាតិប្រមាណ​៣៩៧.៧៩៩​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​១.០៩៩​នាក់ ។

ភ្ញៀវ​ទេសចរ​នៅ​ភ្នំពេញ​លោក​គឹ​ម នារ​តី​ដែល​និយម​ទៅ​លេង​កៀនស្វាយក្រៅ​និយាយ​ថា​យើង​អាច​កម្សាន្ត​ជាមួយនឹង​ទេសភាព​ធម្មជាតិ តាម​ដងស្ទឹង ក៏​ដូច​ជា​ទិដ្ឋភាព​នៃ​ការ​រស់នៅ​របស់​អ្នក​ចម្ការ ព្រមទាំង​ដំណាំ​ជា​ច្រើន​មុខ​នៅ​តាម​ដងផ្លូវ ។ អ្វី​ដែល​ពិសេស​នោះ គឺ​ពួក​យើង​អាច​អង្គុយ​លេង​នៅ​លើ​តូប​លើ​ទឹក​ដើម្បី​ស្រូប​ជំនោរ​ដ៏​បរិសុទ្ធ ក៏​ដូច​ជា​ជិះទូក​លម្ហែ ហើយ​អ្វី​ដែល​ពិសេស​បំផុត​គឺ​អាហារ​ដ៏​សម្បូរ​បែប ឆ្ងាញ់​ៗ និង​ប្រក​ដ​ដោយ​អនាម័យ ជាមួយនឹង​តម្លៃ​សមរម្យ ។

ម្យ៉ាងទៀត​នៅ​ពេល​ត្រលប់​មក​វិញ​យើង​ក៏​អាច​ទិញ​យក​មក​ផ្ញើ​អ្នក​ផ្ទះ​នូវ​បន្លែ ផ្លែ​ឈើ​ស្រស់​ដែល​ដាំ​ដោយ​អ្នក​នៅ​ទីនោះ​ផង​ដែរ ។ រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ​ជា​រមណី​ដ្ឋា​ន​ដ៏​ចំណាស់ និង​ល្បីឈ្មោះ​តាំងពី​ទស​វត្ស​ឆ្នាំ​៦០​មក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ទេសចរណ៍

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ